ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងថាកូឡាជែន គឺចាំបាច់សម្រាប់សម្រស់ ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពរាងកាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកូឡាជែនល្អយ៉ាងណាខ្លះចំពោះសម្រស់និងសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃកូឡាជែន ៖
១. វាធ្វើឱ្យស្បែកនិងសក់ស្រស់ស្អាត
កូឡាជែនអាចជួយឱ្យស្បែកតឹងណែនទប់ស្កាត់ស្នាមជ្រីវជ្រួញនិងយារធ្លាក់។ នេះហើយជាមូលហេតុដែលបណ្ដាលឱ្យផលិតផលថែរក្សាសម្រស់ប្រឆាំងភាពចាស់តាមវ័យភាគច្រើនមានផ្ទុកកូឡាជែន។ ប្រូតេអ៊ីនប្រភេទនេះក៏សំខាន់សម្រាប់ពង្រឹងសុខភាពសក់និងជួយឱ្យសក់កាន់តែស្រស់ស្អាត។ នេះក៏ជាមូលហេតុដែលផលិតផលថែរក្សាសក់មួយចំនួនធំមានផ្ទុកកូឡាជែន។
២. វាជួយបំបាត់ការឈឺចាប់និងរលាកសន្លាក់
សន្លាក់ត្រូវបានការពារដោយជាលិកាភ្ជាប់ដែលមានផ្ទុកកូឡាជែន។ អស់កាលជាយូរកន្លងផុតទៅជាលិកាការពារសន្លាក់ចុះខ្សោយ ឬដាច់រហែកដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់និងរលាក។ វេជ្ជបណ្ឌិតមួយចំនួនសព្វថ្ងៃក៏ប្រើប្រាស់កូឡាជែនសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនិងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងសន្លាក់។
៣. វាជួយឱ្យស្រកទម្ងន់ដែលលើស
កូឡាជែនក៏អាចត្រូវបានរកឃើញនៅក្នុងសាច់ដុំផងដែរ។ តាមរយៈការបង្កើនការលូតលាស់នៃសាច់ដុំគ្មានខ្លាញ់ កូឡាជែនជួយកម្ចាត់ខ្លាញ់ ឬទម្ងន់ដែលលើស ខណៈដែលល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយកើនឡើង។ ល្បឿននៃការដុតរំលាយអាហារកាន់តែលឿនប៉ុណ្ណា ប្រសិទ្ធភាពនៃការដុតបំផ្លាញកាឡូរីកាន់តែប្រសើរតាមនោះ។
៤. វាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
វ័យកាន់តែជ្រេ សសៃឈាមប្រែក្លាយជារឹងឡើងៗ។ ជាលទ្ធផលកំណកខ្លាញ់និងកូឡេស្តេរ៉ូលត្រូវស្ទះកកកុញក្នុងសសៃឈាម។ វាក៏អាចបណ្ដាលឱ្យសម្ពាធឈាមកើនឡើងផងដែរ។ ទោះជាយ៉ាងណាកូឡាជែនអាចជួយឱ្យសសៃឈាមរក្សាបាននូវភាពបត់បែនកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៕