ជំងឺទឹកនោមផ្អែមមានឥទ្ធិពលទៅលើសមត្ថភាពក្នុងការផលិត ឬប្រើប្រាស់អាំងស៊ុយលីន ដើម្បីបង្កើតជាថាមពលក្នុងខ្លួន។ រយៈពេលកើតជំងឺនេះកាន់តែយូរ វានឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ រហូតដល់បង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរយ៉ាងច្រើន។ ប៉ុន្តែតើវានឹងមានអ្វីខ្លះកើតឡើងទៅ? តើសរីរាង្គទាំងអស់រងការប៉ះពាល់ដូចម្តេចទៅ?
ប្រព័ន្ធប្រដាប់បន្តពូជ
ការប្រែប្រួលអ័រម៉ូនក្នុងពេលមានផ្ទៃពោះ អាចធ្វើឲ្យមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ដែលវាក៏ប្រឈមនឹងការលើសសម្ពាធឈាមកាន់តែខ្ពស់ដែរ។ ជំងឺលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ មានពីរប្រភេទគឺ ត្រៀមក្រឡាភ្លើង ឬក្រឡាភ្លើង។ ករណីភាគច្រើន ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ស្រួលនឹងគ្រប់គ្រងទេ ហើយជាតិស្ករក្នុងឈាមនឹងត្រឡប់មកធម្មតាវិញក្រោយសម្រាលកូនរួច។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ កូនអ្នកអាចនឹងថ្លោសខ្លាំង និងមានផលវិបាកច្រើនក្នុងពេលសម្រាល។ អ្នកក៏អាចនឹងងាយមានជំងឺទឹកនោមផ្អែមប្រភេទទី២ទៀត ក្រោយពីសម្រាលកូនបានច្រើនឆ្នាំរួច។
ប្រព័ន្ធផ្លូវទឹកម៉ូត្រ
ជំងឺទឹកនោមផ្អែមអាចបំផ្លាញតម្រងនោម និងប៉ះពាល់ដល់សមត្ថភាពច្រោះជាតិពុលចេញពីឈាមបាន។ បើសិនជាគ្រូពេទ្យរកឃើញ Microalbuminuria ឬការកើនឡើងនៃប្រូតេអ៊ីនក្នុងទឹកនោម រឿងនេះអាចជាសញ្ញាបញ្ជាក់ថា តម្រងនោមមិនកំពុងតែធ្វើការបានល្អឡើយ។ ជំងឺតម្រងនោមដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមមិនបង្ហាញអាការៈរបស់វាភ្លាមៗឡើយ លុះត្រាតែដំណាក់កាលចុងក្រោយ។
ប្រព័ន្ធបេះដូងសរសៃឈាម
ការលើសជាតិស្ករច្រើនក្នុងឈាមអាចបន្ថយភាពយឺតរបស់សរសៃឈាម ដែលធ្វើឲ្យវារួមតូចវិញ ហើយក៏ជាហេតុផលបន្ថយលំហូរឈាមបានដែរ។ ជំងឺទឹនោមផ្អែមគឺជាកត្តាប្រឈមដ៏ធំមួយនៃជំងឺបេះដូង ដូចការលើសកូឡេស្តេរ៉ុល ឬជក់បារីដែរ។ ការប្រឈមនឹងការស្លាប់ដោយសារតែជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលនឹងកើនឡើងពី ២០០ ទៅ ៤០០ភាគរយ បើសិនជាកើតឡើងលើមនុស្សធំដែលមានជំងឺទឹកនោមផ្អែមទៀត។
ប្រព័ន្ធសរសៃប្រសាទកណ្តាល
ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យកើតជំងឺសរសៃប្រសាទដែរ។ រឿងនេះអាចប៉ះពាល់ដល់លទ្ធភាពនៃការដឹង ត្រជាក់ ក្តៅ និងឈឺចាប់។ វាក៏អាចធ្វើឲ្យអ្នកងាយនឹងមានរបួសដែរ។ អ្វីដែលជាបញ្ហានោះគឺថា អ្នកនឹងមិនដឹងថាខ្លួនឯងមានរបួសផង រហូតដល់របួសនោះក្លាយទៅជាជំងឺដែលធ្ងន់ធ្ងរ ឬការបង្ករោគខ្លាំង។
ប្រព័ន្ធរបត់ឈាមរត់
ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចខាតដល់សរសៃឈាមធំៗ ដូច្នេះហើយ វានឹងធ្វើឲ្យកើតជាជំងឺសរសៃឈាមធំៗបាន (Macrovascular Disease)។ ជាមួួយគ្នានេះដែរ វាក៏អាចធ្វើឲ្យខូចដល់សរសៃឈាមតូចៗដែរ រហូតដល់កើតជាជំងឺសរសៃឈាមតូចៗ (Microvascular Disease)។ ផលវិបាកនៃជំងឺ Macrovascular Disease មានដូចជា ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ប៉ុន្តែជំងឺនេះអាចបង្ការបានតាមរយៈ៖
- គ្រប់គ្រងជាតិខ្លាញ់ និងសម្ពាធឈាម
- ឈប់ជក់បារី
- លេបថ្នាំអាស្ពីរីន
- ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា
សម្រាប់ជំងឺ Microvascular Disease អាចធ្វើឲ្យមានបញ្ហាដល់តម្រងនោម ភ្នែក និងសរសៃប្រសាទ ប៉ុន្តែការគ្រប់គ្រងជំងឺទឹកនោមផ្អែមល្អអាចជួយការពារផលវិបាកទាំងនេះបាន។
បញ្ហាស្បែក
អ្នកជំងឺទឹកនោមផ្អែមប្រហែលជាជួបបញ្ហាស្បែកស្ងួតដោយសារតែការខូចខាតសរសៃប្រសាទ និងជំងឺសរសៃឈាមតូចៗ។ បញ្ហាញឹកញាប់មួយអ្នកជំងឺទឹកនោមផ្អែមគឺស្បែកនៅប្រអប់ជើងស្ងួតខ្លាំង។ ពេលនោះ រាងកាយក៏ពិបាកនឹងការពារខ្លួនពីការបង្ករោគបានច្រើនដែរ។ ដើម្បីបន្ថយការប្រឈមនឹងបញ្ហានៅស្បែក គួរតែ៖
- ចៀសវាងការងូតទឹកក្តៅខ្លាំង
- ចូរធ្វើយ៉ាងណាឲ្យ HbA1c និងជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតដែលណែនាំពីគ្រូពេទ្យ
- ចូរពាក់ស្រោមដៃនៅពេលបោសសម្អាតផ្ទះ៕