សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាសាច់មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនក៏ដោយ ក៏មិនមែនមានន័យថា វាអាចផ្គត់ផ្គង់នូវសារធាតុចិញ្ចឹមគ្រប់ប្រភេទពេញលេញដែលរាងកាយត្រូវការចាំបាច់រៀងរាល់ថ្ងៃបានដែរ។ អ្នកគួរចាំថា របបអាហារដែលផ្សំឡើងពីប្រភេទនៃអាហារខុសៗគ្នាទើបអាចផ្ដល់នូវសារធាតុចិញ្ចឹមល្អៗច្រើនប្រភេទផ្សេងៗគ្នា។ ហើយថាតើអ្នកធ្លាប់ឆ្ងល់ទេថា ការទទួលទានតែសាច់សុទ្ធជាអាហារប្រចាំថ្ងៃនឹងផ្ដល់ផលល្អ ឬអាក្រក់ចំពោះសុខភាព? ថ្ងៃវេបនេះសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអ្វីដែលកើតឡើងនៅពេលអ្នកមិនទទួលទានបន្លែផ្លែឈើសោះ ៖
១. ពិបាកមើលឃើញនៅពេលយប់
ការមើលឃើញច្បាស់ល្អនៅពេលយប់ គឺចាំបាច់ណាស់ ពិសេសវាផ្ដល់សុវត្ថិភាពចំពោះការបើកបរ។ ហើយដើម្បីអាចមើលឃើញវត្ថុផ្សេងៗនៅពេលយប់ ភ្នែកត្រូវការវីតាមីន A គ្រប់គ្រាន់។ វីតាមីននេះអាចត្រូវបានរកឃើញជា ២ ទម្រង់ គឺ retinol និង beta-carotene។ Retinol មានប្រភពពីថ្លើមសត្វ ខ្លាញ់ត្រី និងស៊ុត ប៉ុន្តែអាចបង្កបញ្ហានៅពេលទទួលទានច្រើនពេក។ ខណៈដែលបន្លែផ្លែឈើជាប្រភពដ៏ប្រសើរនៃ beta-carotene។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែផ្លែឈើសោះនោះបញ្ហាភ្នែកផ្សេងៗប្រាកដជាងាយនឹងលេចឡើង។
២. រាងកាយចាប់ផ្ដើមមានក្លិនមិនល្អ
រាល់ប្រភេទនៃអាហារដែលពួកយើងទទួលទានសុទ្ធតែមានឥទ្ធិពលលើក្លិននៃរាងកាយ។ អាស៊ីតអាមីណូនៅក្នុងសាច់ក្រហមបន្សល់ទុកកាកសំណល់ក្នុងពោះវៀនកំឡុងពេលរំលាយអាហារដែលបញ្ចេញក្លិនមិនល្អ។ អង់ស៊ីមពោះវៀនបំបែកកាកសណល់ទាំងនោះដែលបន្ទាប់មកលាយជាមួយពពួកបាក់តេរីលើស្បែកកំឡុងពេលបែកញើស ហើយបង្កក្លិនខ្លួនមិនល្អ។ ក្លិនខ្លួនរបស់អ្នកអាចនឹងប្រែជាមិនល្អកំឡុងពេល ២ ម៉ោងក្រោយទទួលទានសាច់ក្រហម។ ក្លិនញើស ឬក្លិនខ្លួនមិនល្អព្រោះការទទួលទានសាច់ក្រហមអាចត្រូវបានទៅវិញកំឡុងពេល ២ ទៅ ៣ ម៉ោង ឬយូររហូតដល់ ២ សប្តាហ៍។ ប៉ុន្តែការទទួលទានបន្លែផ្លែឈើវិញុអាចផ្ដល់ឱ្យរាងកាយនូវក្លិនប្រសើរ។ ទោះជាយ៉ាងណាចំពោះបន្លែប្រភេទ Cruciferous ដូចជាផ្កាខាត់ណា ផ្កាខាត់ណាខៀវ ពន្លកផ្កាស្ពៃ និងស្ពៃក្ដោបជាដើមដែលមានផ្ទុកជាតិស្ពាន់ធ័រ និងសារធាតុ cholineបង្កក្លិនខ្លួនមិនល្អ អ្នកគួរលាងសម្អាតបន្លែទាំងនេះជាមួយអំបិលមួយចិបសិន។ ការធ្វើបែបនេះអាចជួយកម្ចាត់សារធាតុបង្កក្លិនខ្លួនមិនល្អ ខណៈដែលរក្សាសមាសធាតុមានប្រយោជន៍។
៣. អាចបង្កបញ្ហានៃជំងឺបាក់ទឹកចិត្ត (Depression)
របបអាហារសុខភាពល្អក៏មានឥទ្ធិពលលើសុខភាពផ្លូវចិត្តគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះនៅពេលយើងបដិសេធមិនទទួលទានបន្លែនិងផ្លែឈើនោះ គឺងាយប្រឈមមុខនឹងហានិភ័យនៃជំងឺបាក់ទឹកចិត្តណាស់។
៤. សម្ពាធឈាមឡើងខ្ពស់
បន្លែផ្លែឈើជាអាហារចាំបាច់ដើម្បីរក្សាភាពប្រក្រតីនៃសម្ពាធឈាម។ វេជ្ជបណ្ឌិតជាច្រើនណែនាំឱ្យអ្នកដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ប្រកាន់ខ្ជាប់នូវរបបអាហារដែលមានផ្ទុកសម្បូរទៅដោយបន្លែនិងផ្លែឈើ។
៥. កង្វះអាហារូបត្ថម្ភ
សាច់ គឺមិនមានផ្ទុកនូវសារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាបាននូវរូបរាង និងសុខភាពល្អប្រសើរឡើយ។ ភាគច្រើននៃសាច់ គឺមានផ្ទុកសម្បូរតែជាតិប្រូតេអ៊ីន ជាតិដែក ម៉ាញ៉េស្យូម វីតាមីន B និងវីតាមីន D ប៉ុណ្ណោះ។ ដូច្នេះហើយទើបការទទួលទានតែសាច់ជាអាហារប្រចាំថ្ងៃនឹងធ្វើអោយអ្នកជួបប្រទះនូវបញ្ហាកង្វះអាហារូបត្ថម្ភ។ នៅមានបញ្ហាមួយចំនួនផ្សេងទៀតដែលអាចនឹងកើតឡើងចំពោះអ្នក នៅពេលរាងកាយមិនទទួលបានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ ហើយភាគច្រើននៃបញ្ហាទាំងនោះ គឺគួរអោយព្រួយបារម្ភណាស់។
៦. ទល់លាមក
ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃដែលរាងកាយត្រូវការដើម្បីរក្សាបាននូវចលនាពោះវៀនល្អប្រសើរជៀសផុតពីបញ្ហាទល់លាមកនោះ គឺបន្លែ និងផ្លែឈើ។ សាច់គ្មានផ្ទុកជាតិសសៃឡើយ! នេះហើយជាមូលហេតុដែលអ្នកនឹងត្រូវជួបប្រទះអាការៈទល់លាមក ប្រសិនបើអ្នកមិនទទួលទានអ្វីផ្សេងសោះក្រៅពីសាច់។
៧. សុខភាពឆ្អឹងចុះខ្សោយ
បន្លែបៃតងនិងផ្លែឈើក៏ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូមដែរ។ ដូច្នេះការមិនរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃអាចបង្កបញ្ហាឆ្អឹងផ្សេងៗគួរឱ្យកត់សម្គាល់។
៨. សុខភាពខួរក្បាលចុះខ្សោយ
នេះក៏ព្រោះតែបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពខួរក្បាល ពិសេសវីតាមីន b12 ជួយការពារកោសិកាខួរក្បាលដែលធ្វើឱ្យមុខងារនៃខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12៕