​ការ​ធ្វើ​តេស្ត Papanicolaou ដែល​ភាគច្រើន ត្រូវបាន​គេ​ស្គាល់​ថា ជា​តេស្ត ភេ​ប​ស្មៀ ( Pap smear or Pap test)  គឺជា​ប្រភេទ​នៃ​ការពិនិត្យ​ជាប្រចាំ ចំពោះ​ស្ត្រី ដើម្បី​តាន​ដាន​រក​មើល​ពី សញ្ញា​របស់​ជម្ងឺមហារីក មាត់ស្បូន ។ ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​មួយ​នេះ គឺ​ក្នុង​គោលបំណង​ស្វែងរក ពី​បម្រែបម្រួល​មិន​ធម្មតា នៅក្នុង​កោសិកា នៃ​មាត់ស្បូន ដែល​អាច​បង្ហាញ​ប្រាប់​ពី ស្ថានភាព​ត្រៀម​កើត​ជម្ងឺ​មហារីក ឬ ជា​ជម្ងឺ មហារីក​មាត់ស្បូន ។​

​ការ​ធ្វើ​តេស្ត​ភេ​ប​ស្មៀ គឺ​មិនមែន​ជា ការ​ធ្វើ​តេស្ត​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​នោះទេ ប៉ុន្តែ​វា​គឺជា​ឧបករណ៍​សម្រាប់ តាមដាន​មួយ​។ ការ​ធ្វើ​តេស្ត​ពិនិត្យ​នេះ គឺ​នឹង​អាច​ជួយ​អោយ​យើង​កំណត់​បាន​ពី ភាពមិនប្រក្រតី នៅពេល ដែល​អ្នក​ជម្ងឺ នៅ​មិនទាន់​លេចចេញ​នូវ​រោគសញ្ញា​អ្វីមួយ នៅឡើយ ដោយ​វា​ខុសពី ការ​ធ្វើ​តេស្ត ដើម្បី​កំណត់​ពី រោគ​វិនិច្ឆ័យ  ដើម្បី​ជួយ​ក្នុងការ កំណត់​អោយ​បាន​ពី​មូលហេតុ នៃ​រោគ​សញ្ញា នៅ​ក្នុង​ទម្រង់ នៃ​ការធ្វើ​រោគ​វិនិច្ឆ័យ នៃ​ជម្ងឺ​ណាមួយ ។ ការ​ធ្វើ​តេស្ត​ភេ​ប​ស្មៀនេះ ក៏​អាច​ជួយ ក្នុង​ការ​កំណត់​បាន​ថា តើ ស្ត្រី​ណាខ្លះ ដែល​កំពុង​ប្រឈម​នឹង ការវិវត្តន៍​មាននូវ ជម្ងឺមហារីក​មាត់ស្បូន ។ ដោយសារតែ វា​មិន​ត្រូវបាន គេ​ចាត់ទុកថា ជា​ការ​ធ្វើ​តេស្ត​សម្រាប់​ការធ្វើ​រោគ​វិនិច្ឆ័យ នោះ​វា​ជាការ ចាំបាច់​បំផុត សម្រាប់​ស្ត្រី គ្រប់រូប ក្នុងការ​ធ្វើ​វា អោយបាន​ជា​ទៀងទាត់ ។​

​នៅក្នុង​ករណី​ភាគច្រើន ជម្ងឺមហារីក​មាត់ស្បូន គឺ​ជា​ជម្ងឺ​មួយ ដែល​មាន​ដំណើរការ នៃ​ការវិវត្តន៍​ខ្លួន របស់​វា​យ៉ាង​យឺត​។ វា​អាច​នឹង ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ សម្រាប់​កោសិកា​ត្រៀម​ជា​ជម្ងឺមហារីក មុនពេល ដែល​ពួក​វា​ត្រូវ វិវត្ត​ខ្លួន​ក្លាយជា ជម្ងឺមហារីក​នោះ ។ ដូច្នេះហើយ ការ​ធ្វើ​តេស្ត​ភេ​ប​ស្មៀ ជាប្រចាំ គឺជា ការចាំបាច់​បំផុត សម្រាប់​ស្ត្រី​រាល់​រូប ។​

​តើ​ការ​ធ្វើ​តេស្ត​ភេ​ប​ស្មៀនេះ ត្រូវ​បាន​ដំណើរការ​ទៅ​បាន​យ៉ាងដូចម្តេច​ខ្លះ ?

​ក្នុងអំឡុងពេល​នៃ​ការពិនិត្យ វេជ្ជបណ្ឌិត ឬ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​ធ្វើការ យក​ចេញ​នូវ ជាលិកា​តូច​មួយ ចេញពី​ក្នុង មាត់ស្បូន​របស់​អ្នក​។ វា​ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ ត្រដុស​ថ្នម ៗ​ទៅលើ​មាត់ស្បូន ដោយ​ប្រើ​នូវ​ឈើ​ត្បាល់ ដែល​មាន​ដុំ​សំឡី​ស្តេរី​ល តូច​មួយ​។ វា​នឹង​ចំណាយពេល ត្រឹមតែ ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​យក​បាន​នូវ គម្រូ​នៃ​ជាលិកា ហើយ​វា នឹង​មិន​បណ្តាល​អោយ​មាន ការឈឺចាប់​អ្វី​នោះទេ​។ តែ​ទោះជា​យ៉ាងណាក្តី មាន​ស្ត្រី​មួយចំនួន អាច​ជួប​នឹង អារម្មណ៍​នៃ​ការ​ឈឺពោះ រ​មួលៗ ក្នុង​កម្រិត​ស្រាល ដែល​ស្រដៀង​គ្នា​ទៅ​នឹង ការ​ឈឺពោះ ក្នុង​ពេល​មក​រដូវ​ផងដែរ នៅក្នុង​អំឡុង ពេល​នៃ​ការ​ធ្វើ​តេស្ត​នេះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង