ជំងឺដំបៅក្រពះពោះវៀនកើតឡើងនៅពេលអាស៊ីតក្នុងផ្លូវរំលាយអាហាររបស់យើងស៊ីអស់នូវភ្នាសខាងក្នុងរបស់បំពង់ Esophagus ក្រពះ ឬពោះវៀនតូច។ អាស៊ីតអាចបង្កជាដំបៅរូមខូងដ៏ឈឺចាប់ និងហូរឈាមបាន។
ផ្លូវរំលាយអាហារត្រូវបានស្រោបដោយស្រទាបបញ្ចេញទឹករំអិលសម្រាប់ការពារពីឥទ្ធិពលរបស់អាស៊ីត។ ប៉ុន្តែប្រសិនបើចំនួនអាស៊ីតកើនឡើង ឬទឹករំអិលថយចុះវិញ អ្នកអាចនឹងកើតមានដំបៅបានហើយ។ ចំពោះមូលហេតុរបស់វាមានដូចជា៖
១, បាក់តេរី
មូលហេតុដែលកើតមានជាញឹកញាប់មួយនៃការដំបៅក្រពះពោះវៀនគឺបាក់តេរីម្យ៉ាងមានឈ្មោះថា Helicobacter Pylori ឬ H. Pylori ដែលរស់នៅជាធម្មតាក្នុងស្រទាបទឹករំអិលសម្រាប់គ្រប់ដណ្តប និងការពារជាលិកាភ្នាស់ក្រពះ និងពោះវៀនតូច។ ជាធម្មតាវត្តមានរបស់បាក់តេរីនេះមិនបណ្តាលអោយមានបញ្ហាអ្វីនោះទេ ប៉ុន្តែពេលខ្លះវាអាចរំខានដល់ស្រទាបទឹករំអិល និងបង្កការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ កង់ពោះវៀនតូចខាងលើ ព្រមទាំងកើតជាដំបៅ។ យើងមិនទាន់ដឹងច្បាស់ថាតើបាក់តេរីប្រភេទនេះធ្វើការរីករាលដាលដោយរបៀបណានោះទេ វាប្រហែលជាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការថើបគ្នាជាដើម។ មនុស្សក៏ប្រហែលជាឆ្លងបាក់តេរី H. Pylori តាមរយៈអាហារ និងទឹកដែរ។
២, ប្រើថ្នាំបំបាត់ការឈឺចាប់
ថ្នាំបំបាត់ការឈឺចាប់ទាំងមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជាសុទ្ធតែអាចបង្កការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ និងពោះវៀនតូចបាន ហើយថ្នាំទាំនោះមានដូចជា Aspirin, Ibuprofen (Advil, Motrin), Naproxen (Aleve, Anaprox), Ketoprofen និងថ្នាំផ្សេងៗទៀត។ ជំងឺដំបៅក្រពះពោះវៀនច្រើនតែកើតមានលើមនុស្សវ័យចំណាស់ដែលឧស្សាហ៍ប្រើថ្នាំបំបាត់ការឈឺចាប់ ក្នុងករណីមានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់។ ដើម្បីចៀសវាងការធ្វើទុក្ខក្រពះ ចូរប្រើថ្នាំបំបាត់ការឈឺចាប់ជាមួយការញ៉ាំអាហារ។ ប្រសិនបើអ្នកដឹងខ្លួនថាមានដំបៅក្រពះពោះវៀនហើយ ចូរប្រាកដថា គ្រូពេទ្យដឹងរឿងនេះនៅពេលគាត់ចេញជាថ្នាំបំបាត់ការឈឺចាប់មកប្រើ។ ថ្នាំបំបាត់ការឈឺចាប់ប្រភេទ Acetaminophen (Tylenol) មិនបង្កអោយមានដំបៅក្រពះពោះវៀនឡើយ។
៣, ថ្នាំផ្សេងៗទៀត
ថ្នាំមានវេជ្ជបញ្ជាផ្សេងៗដែលអាចអាចធ្វើអោយមានដំបៅក្រពះពោះវៀនដែរនោះមាន ថ្នាំសម្រាប់ព្យាបាលជំងឺពុកឆ្អឹងដែលមានឈ្មោះថា Biphosphonates (Actonel, Fosamax) ។
អ្នកប្រហែលជាប្រឈមកាន់តែខ្លាំងនឹងជំងឺដំបៅក្រពះពោះវៀនប្រសិនបើអ្នក៖
– ជក់បារី៖ ការជក់បារីប្រហែលជាប្រឈមនឹងការដំបៅក្រពះពោះវៀនកាន់តែខ្លាំងចំពោះមនុស្សដែលមានបាក់តេរី H. Pylori។
– ផឹកស្រា៖ ជាតិស្រាអាចបង្កការរលាក និងដាច់រហែកភ្នាសទឹករំអិលរបស់ក្រពះបាន ហើយវាក៏ជួយអោយអាស៊ីតក្រពះចេញច្រើនដែរ។
– មិនអាចគ្រប់គ្រងស្ត្រេសបាន៖ ថ្វីបើស្ត្រេសតែមួយមុខមិនបណ្តាលអោយដំបៅក្រពះពោះវៀនក៏ដោយ ក៏វាជាកត្តាជម្រុញមួយដែរ។ អ្នកប្រហែលជាមានភាពតានតឹងជាច្រើនទៅតាមផ្លូវចិត្ត ព្រឹត្តិការណ៍នានា ការវះកាត់ ឬការគ្រោះថ្នាក់លើរាងកាយ ដូចជារលាកភ្លើងឬរបួសធ្ងន់ធ្ងរ៕