ការ​រមាស់​បែបនេះ​គឺ​កើតឡើង​នៅលើ​រុន្ធ​គូថ ឬ​ស្បែក​នៅ​ជុំវិញ​រុន្ធ​គូ​ថ ដែល​អាច​អោយ​អ្នកជំងឺ​ចេះ​តែ​ចង់​អេះ​ខ្លាំងៗ​។ ហើយ​វា​ក៏​ជា​ទង្វើ​មួយ​អាច​អោយ​អ្នក​មាន​ការ​អាម៉ាសមុខ និង​មិន​ស្រួល​ក្នុង​ចិត្ត​ដែរ​។ មាន​កត្តា​ច្រើនណាស់​ដែល​អាច​បណ្តាលអោយ​រមាស់​ដូច្នេះ​ដូចជា ការ​សើម ឬ​ការ​ផ្តិត និង​សង្កត់​ពី​សម្លៀកបំពាក់​នៅ​ពេល​អង្គុយ​។​

​គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ពី​មូលហេតុ​នៃ​ការ​រមាស់រ​បស់​អ្នក​តាមរយៈ​ការសាកសួរ​អំពី​រោគសញ្ញា​ដែល​កើតមាន​។ ប្រសិនបើ​មូលហេតុ​នេះ​មិន​អាច​រក​ឃើញ​ទេ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​បញ្ជូន​អ្នក​អោយទៅ​ជួប​អ្នកឯកទេស​ខាង​ស្បែក ឬ​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​ជំងឺ​ចុង​ពោះវៀនធំ​។ ការពិនិត្យ​លើ​រុន្ធ​គូថ​ប្រហែលជា​ត្រូវ​ធ្វើ​ក្នុង​ពេល​នេះ​។​

​តេស្ត​ផ្សេងៗ​ទៀត​ដូចជា Proctoscopy ឬ Colonoscopy អាច​អោយ​យើង​មើលឃើញ​បំពង់​រំលាយ​អាហារ​កាន់តែច្រើន ហើយ​ពេល​ខ្លះ​អាច​សម្គាល់​ដឹង​ពី​មូលហេតុ​នៃ​ការ​រមាស់​រុន្ធ​គូថ​នោះ​ទៀត​ផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មូលហេតុ​ដ៏​ជាក់លាក់​នៃ​ការ​រមាស់​នេះ​ប្រហែលជា​មិន​អាច​រកឃើញ​ឡើយ​៕