ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះ គឺបញ្ហានៃការស្ទះសសៃឈាមអាកទែ។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) សសៃឈាមអាកទែ ឬសសៃឈាមក្រហមដែលគ្មានសុខភាពល្អមិនអាចដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមចាំបាច់ពីបេះដូងទៅកាន់ផ្នែកផ្សេងៗនៃរាងកាយបានឡើយ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឲ្យសសៃឈាមរួមតូចកកស្ទះ។ បញ្ហានេះ គឺអាចបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ ក៏ព្រោះអ្នកអាចសម្អាតសសៃឈាមបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមជាអាហារមួយចំនួនដែលអ្នកគួរទទួលទានរៀងរាល់ថ្ងៃ ដើម្បីសម្អាតសសៃឈាម ហើយជៀសឆ្ងាយពីជំងឺសសៃឈាមបេះដូង ឬបញ្ហាស្ទះសសៃឈាម ៖
១. ខ្ទឹមស
ខ្ទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរីដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១ ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូលវាទៅក្នុងអាហារផ្សេងៗរបស់អ្នក។
២. ផ្លែទទឹម
ទទឹម គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាអាចជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ក៏ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ទទួលទានផ្លែទទឺម ១ ឬ ២ ជាប្រចាំ ឬទទួលទានទឹកផ្លែទទឺម ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
៣. តែបៃតង
ក៏មិនខុសអ្វីពីខ្ទឹមស និងផ្លែទទឹមដែរ តែបៃតង គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាន់តែទទួលទានតែបៃតង ២ ទៅ ៣ ពែង ក្នុងមួយថ្ងៃជាប្រចាំ ក៏អាចកាត់បន្ថយបញ្ហានៃការស្ទះក្នុងសសៃឈាមបានគួរឲ្យកត់សម្គាល់។
៤. ផ្លែបឺរ
ទោះបីជា ផ្លែបឺរ គឺមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។
ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អ ឬជៀសឆ្ងាយពីបញ្ហាស្ទះសសៃឈាមបេះដូង ក្រៅពីការព្យាយាមទទួលទានអាហារដូចបានរៀបរាប់ខាងលើហើយនោះ អ្នកក៏គួរបញ្ឈប់ទម្លាប់នៃការជក់បារី និងទទួលទានគ្រឿងស្រវឹងច្រើនហួសផងដែរ។ ទោះជាយ៉ាងណា ស្រាក្រហម គឺមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ resveratrol ដែលល្អសម្រាប់បេះដូង។ ដូច្នេះវាត្រូវបានណែនាំឲ្យទទួលទានស្រាក្រហម ១ កែវ ជាប្រចាំសម្រាប់ស្ត្រី ឬ ២ កែវ ចំពោះបុរស ដើម្បីរក្សាបាននូវសសៃឈាម និងបេះដូងដែលមានសុខភាពល្អ៕