ការ​ហើមពោះ ចង់​ស​ម្តៅ​ទៅ​លើ​ការ​រីក​ធំ​មិនធម្មតា ឬ​កើន​ទំហំ​របស់​ពោះ​តែ​ម្តង ដែល​ការ​កើន​ទំហំ​នេះ​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាច​រំខាន​ដល់​សកម្ម​ភា​ប​ប្រចាំ​ថ្ងៃ​របស់​អ្នកជំងឺ​ថែម​ទៀត​។

ការ​ហើមពោះ​បណ្តាល​មក​ពី​មូលហេតុ​ចំបង​ៗ​ចំនួន​បី​ប្រភេទ​នោះ​គឺ ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​ពេក ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន និង​ញ៉ាំ​លឿន​ពេក​។ ការ​ញ៉ាំ​ច្រើន​ៗ​ពេក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ហើមពោះ ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​រំលាយ​អាហារ​ដែល​ញ៉ាំ​នោះ​។

ចំពោះ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ក៏​នាំ​ឲ្យ​ហើមពោះ​បាន​ដែរ ព្រោះ​វា​ជា​អាហារ​ដែល​ពិបាក​រំលាយ ទើប​ធ្វើ​ឲ្យ​ក្រពះ​នៅ​តែ​ណែន​ៗ​ជាប់​។ ចុង​ក្រោយ ការ​ញ៉ាំ​អាហារ​លឿន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​ហើមពោះ​ដែរ ព្រោះ​អ្នក​លេប​ខ្យល់​ច្រើន​ពេក​ក្នុង​ពេល​ញ៉ាំ​ល្បឿន​លឿន​។

ការ​ហើមពោះ​បង្ក​ជា​អាកា​រៈ​មួយ​ចំនួន​ដែរ​ដូច​ជា មាន​អារម្មណ៍​ថា​តឹង​ៗ​ក្នុង​ពោះ ឈឺ​ក្នុង​ពោះ ចង្អោ និង​ក្អ​យ​ត ដែល​វា​អាច​កើតឡើង​ជាមួយនឹង​ការ​ក្តៅខ្លួន កន្ទួល​រមាស់​លើ​ស្បែក ហៀរ​ទឹកភ្នែក រមាស់​ក្នុង​បំពង់ក រាករូស ទល់លាមក មាន​ឈាម​ក្នុង​លាមក​ឬ​ទឹកនោម ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ អស់កម្លាំង មិន​អាច​ផ្ចង់អារម្មណ៍​បាន រដូវ​មក​មិន​ទៀង ឬ​កើត​ឬ​ស​ដូង​បាត ជាដើម​៕