បញ្ហាពិបាកក្នុងការរំលាយអាហារអាចកើតឡើងនោះពេលអ្នកទទួលទានច្រើនពេក ឬអ្វីដែលក្រពះទទួលយកមិនបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាពិបាករំលាយអាហារអាចធ្វើឱ្យអ្នកជួបប្រទះនឹងអាការៈឈឺពោះ ភើរ ឬហើមពោះគួរឱ្យរំខាន។ គួរធ្វើយ៉ាងណាទប់ទល់នឹងបញ្ហានេះមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាពិបាករំលាយអាហារ ៖
១. ខ្ញី
អ្វីដែលអ្នកត្រូវការ គឺខ្ញីហាន់រួចជាចំណិតតូចៗចំនួន ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងស្លឹកជីអង្កាមចិញ្ច្រាំ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវដាក់ទឹក ២ ពែងនិងខ្ញីចូលក្នុងឆ្នាំងមួយ បន្ទាប់មកដាក់ដាំឱ្យពុះ។ ចាប់ផ្ដើមបន្ថយកម្ដៅឱ្យទាបសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី។ ស្រងយកកាកខ្ញីចេញ រួចបន្ថែមទឹកក្រូចឆ្មារនិងទឹកឃ្មុំចូល ហើយកូរឱ្យសព្វ។ បន្ថែមស្លឹកជីអង្កាមខ្លះចូល សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។
២. តែរុក្ខជាតិ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែរុក្ខជាតិដូចជាតែផ្កា chamomile និងតែជីអង្កាម ក្រោយពេលទទួលទានអាហារ។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើដើម្បីបំបាត់អាការៈពិបាករំលាយអាហារ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេជាមួយទឹកកន្លះពែង។ កូរឱ្យសព្វ សឹមទទួលទាន។
៤. ម្សៅ Baking soda
លាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេជាមួយទឹកកន្លះពែង។ កូរឱ្យសព្វ សឹមទទួលទាន។ វិធីនេះក៏ជួយបំបាត់អាការៈហើមពោះកំឡុងពេលពិបាករំលាយអាហារផងដែរ។
៥. ទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ១ កែវពេលព្រឹក និងជាពិសេសនៅមុនពេលអាហារ។ វាបង្កើនការរំលាយអាហារដោយរញោចការផលិតទឹកប្រមាត់។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗក៏ជួយបំបាត់អាការៈផ្សេងទៀតនៃបញ្ហាពិបាករំលាយអាហារផងដែរ៕