ពេលមករដូវតើគួរ ឬមិនគួរទទួលទានអាហារអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលអ្នកគួរ និងមិនគួរញ៊ាំកំឡុងពេលមករដូវ ៖
- អាហារដែលគួរព្យាយាមទទួលទាន
១. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ជាតិដែកជាជាតិរ៉ែមួយដែលអ្នកបាត់បង់កំឡុងពេលមករដូវ។ ផ្កាខាត់ណាខៀវនឹងអាចជួយអ្នកបំពេញបន្ថែមឡើងវិញនូវជាតិរ៉ែនេះ។ ក្រៅពីជាតិដែក ផ្កាខាត់ណាខៀវក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយអាការៈហើម ពិបាករំលាយអាហារ ព្រមទាំងសម្រួលសាច់ដុំមិនឱ្យរមួល។
២. ចេក
ជាជម្រើសនៃអាហារសម្រន់ល្អបំផុតមួយកំឡុងពេលមករដូវ។ ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសសៃដែលជួយគ្រប់គ្រងចលនាពោះវៀន បំបាត់អាការៈរាគ និងឃ្លានអាហារសម្រន់មិនល្អផ្សេងទៀតខ្លាំងកំឡុងពេលមករដូវ។
៣. សូកូឡាខ្មៅ
មានផ្ទុកសម្បូរទៅដោយជាតិដែក ម៉ាញ៉េស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ flavanols ដែលល្អសម្រាប់លំហូរឈាមនិងសម្រួលសសៃឈាម។ សូកូឡាខ្មៅក៏ជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរផងដែរ!
៤. ត្រីសម្បូរខ្លាញ់
អ្នកក៏ចាំបាច់គួររួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ នេះក៏ព្រោះតែត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងប្រូតេអ៊ីនគុណភាពខ្ពស់។ ការទទួលទានត្រីសម្បូរខ្លាញ់កំឡុងពេលមករដូវជួយកាត់បន្ថយការរលាក រមួលសាច់ដុំ និងគ្រប់គ្រងវដ្តនៃការមករដូវ។
៥. ខ្ញី
ល្អសម្រាប់គ្រងការរលាកនិងជួយបន្ថយការឈឺចាប់ពេលមករដូវ។ ចូរបន្ថែមខ្ញីស្រស់ក្នុងតែរួចទទួលទានប្រសិនបើអ្នកឈឺក្នុងពោះ។
៦. ក្រូចនិងក្រូចឆ្មារ
ចូរព្យាយាមទទួលទានផ្លែឈើបន្ថែមដើម្បីបង្កើនបរិមាណនៃវីតាមីននិងកាត់បន្ថយការឃ្លានអាហារផ្អែមៗកំឡុងពេលមករដូវ។ ផ្លែឈើប្រភេទ Citrus ដូចជាក្រូចនិងក្រូចឆ្មារជាដើម គឺល្អបំផុត។ ក្រៅពីវីតាមីន ផ្លែឈើនេះក៏ជាប្រភពនៃជាតិសសៃនិងជាតិទឹកដែលជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយនិងសម្រួលការរំលាយអាហារ។ ម្យ៉ាងវិញទៀតការទទួលទានផ្លែឈើនេះជួយបំបាត់អាការៈចង្អោរចង់ក្អួតនិងស្ថានភាពមិនស្រួលផ្សេងទៀតដែលពាក់ព័ន្ធនឹងការមករដូវ។
- អាហារដែលអ្នកគួរចៀសវាង
១. ទឹកដោះគោ
អ្នកគួរចៀសវាងទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោ ប្រសិនបើជួបប្រទះអាការៈឈឺចាប់រមួលក្នុងពោះញឹកញាប់។ នេះក៏ព្រោះតែទឹកដោះគោមានផ្ទុកជាតិស្ករឡាក់តូសដែលមនុស្សមួយចំនួនពិបាករំលាយ។ ម្យ៉ាងវិញទៀតឡាក់តូសអាចបង្កអាការៈហើមពោះ ឈឺពោះ និងចង្អោរចង់ក្អួត។
២. ស្ករគ្រាប់និងអាហារសម្រន់
ទោះបីជាអាហារសម្រន់មួយចំនួនអាចជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ប៉ុន្តែវាក៏អាចបង្កអាការៈហើមពោះ ឡើងហ្គាស និងការរលាកក្នុងរាងកាយដោយវាមានផ្ទុកជាតិស្ករចម្រាញ់ខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមជ្រើសរើសទទួលទានផ្លែឈើជំនួសវិញដោយវាមានផ្ទុកជាតិស្ករធម្មជាតិ។
៣. កាហ្វេអ៊ីន
កាហ្វេអ៊ីនច្រើនពេកក្នុងប្រព័ន្ធរាងកាយអាចបណ្ដាលឱ្យអាការៈកំឡុងពេលមករដូវប្រែជាអាក្រក់ខ្លាំងឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានរបស់អ្នកប្រសិនបើមិនអាចបញ្ឈប់ ឬផ្អាកបាន។ ការទទួលទានមិនលើសពី ២ ពែងក្នុងមួយថ្ងៃ គឺល្អបំផុតកំឡុងពេលមករដូវ។ វាក៏ជាការសំខាន់ផងដែរក្នុងការបន្ថយការទទួលទានភេសជ្ជៈនិងអាហារមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនមួយសប្តាហ៍មុននិងកំឡុងពេលមករដូវ៕