ទោះបីជាធម្មតាអាការៈរមួលក្រពើមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ប៉ុន្តែវាអាចបង្កការឈឺចាប់ពិបាកទ្រាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មូលហេតុអ្វីទៅដែលបណ្ដាលឱ្យអាការៈនេះលេចឡើង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃអាការៈរមួលក្រពើ ៖
១. កង្វះជាតិទឹកក្នុងរាងកាយ
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ពិតជាអាចជួយទប់ស្កាត់អាការៈរមួលក្រពើបានយ៉ាងប្រសើរ។ ក៏ដូចទៅនឹងសរីរាង្គផ្សេងទៀតដែរ សាច់ដុំគឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីកន្ត្រាក់និងសម្រាកដោយត្រឹមត្រូវគ្មានបញ្ហាខុសប្រក្រតី។ នេះហើយជាមូលហេតុដែលហានិភ័យនៃបញ្ហារមួលសាច់ដុំកើនឡើងខ្ពស់នៅពេលអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
២. ការបាត់បង់ជាតិរ៉ែសំខាន់ៗ
នៅពេលបែកញើសច្រើន អ្នកមិនត្រឹមតែបាត់បង់ជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែព្រមទាំងអេឡិចត្រូលីត្រជាតិរ៉ែដែលចាំបាច់សម្រាប់ដំណើរការនៃការកន្ត្រាក់សាច់ដុំផងដែរ។ ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងសូដ្យូមសុទ្ធតែជាអេឡិចត្រូលីត្រ។ ដើម្បីប្រាកដថាអ្នករក្សាបាននូវកម្រិតនៃអេឡិចត្រូលីត្រត្រឹមត្រូវ ចូរព្យាយាមទទួលទានចេក ដំឡូងផ្អែម ឪឡឹក បន្លែបៃតង ទឹកដូង និងទឹកដោះគោជាប្រចាំ។
៣. ទទួលទានកាហ្វេច្រើនលើសពេក
ជាញឹកញយអ្នកតែងទទួលទានកាហ្វេច្រើនពែងក្នុងមួយថ្ងៃៗមែនទេ? នោះកុំឆ្ងល់ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈរមួលសាច់ដុំ។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេ។ ម្យ៉ាងវិញទៀតការទទួលទានកាហ្វេច្រើនអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលអាចបង្កអាការៈរមួលសាច់ដុំ។
៤. ទទួលទានគ្រឿងស្រវឹងច្រើនពេក
ក៏ដូចនឹងកាហ្វេដែរ គ្រឿងស្រវឹងមានលក្ខណៈបញ្ចុះទឹកនោមនិងអាចជះឥទ្ធិពលលើកម្រិតនៃអេឡិចត្រូលីត្រក្នុងរាងកាយ។ ហើយនេះជាមូលហេតុដែលអ្នកអាចនឹងជួបប្រទះអាការៈរមួលសាច់ដុំ ប្រសិនបើទទួលទានច្រើនពេក។
៥. គេងមិនគ្រប់
ដើម្បីសុខភាពរាងកាយទាំងមូល ក៏ដូចជាល្អប្រសើរអ្នកគួរគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ការគេងមិនគ្រប់អាចបណ្ដាលឱ្យសសៃប្រសាទមិនអាចបំពេញភារកិច្ចបញ្ជូនសារពីខួរក្បាលទៅសាច់ដុំបានត្រឹមត្រូវជាមូលហេតុនៃអាការៈរមួលសាច់ដុំ។
៦. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ចាប់អារម្មណ៍ទេថាភាពស្ត្រេស ឬការតានតឹងក្នុងអារម្មណ៍ខ្លាំងពេកអាចជះឥទ្ធិពលដល់សសៃប្រសាទនិងសាច់ដុំដែលបង្កអាការៈរមួលក្រពើ។
៧. ការឈរយូរពេក
សាច់ដុំជើងត្រូវបានរចនាឡើងដើម្បីកន្ត្រាក់និងសម្រាក។ ប្រសិនបើអ្នកប្រើប្រាស់សាច់ដុំសម្រាប់រយៈពេលយូរបំផុតមួយដោយមិនផ្ដល់ពេលសម្រាកសោះ នោះអាការៈរមួលក្រពើនឹងលេចឡើង។ ការអង្គុយយូរក៏មិនល្អជួយទប់ស្កាត់អាការៈរមួលសាច់ដុំបានដែរ។ របៀបរស់នៅដោយខ្វះសកម្មភាពរាងកាយ ឬលំហាត់ប្រាណនឹងបណ្ដាលឱ្យមុខងារនៃសាច់ដុំដំណើរការមិនប្រក្រតីដែលបង្កជាបញ្ហាផ្សេងៗរួមទាំងាការឈឺចាប់។
៨. មានផ្ទៃពោះ
អាការៈរមួលក្រពើជាញឹកញយក៏កើតមានលើស្ត្រីដែលមានផ្ទៃពោះផងដែរពិសេសកំឡុងពេលត្រីមាសទី២ និងទី៣។ រាងកាយរបស់ស្ត្រីផ្លាស់ប្ដូរច្រើនណាស់កំឡុងពេលមានគភ៌ដែលនាំឱ្យខ្វះជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលជាអេឡិចត្រូលីត្រក្នុងរាងកាយ។ ម្យ៉ាងវិញទៀតសាច់ដុំជើងងាយនឹងខ្សោយកម្លាំងខណៈពេលត្រូវទ្រទ្រង់ទម្ងន់បន្ថែម៕