ការទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ជាប្រចាំ គឺសំខាន់ណាស់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរប៉ុន្តែក៏មិនគួរទទួលទានលើសពេកដែរចៀសវាងបង្កជាបញ្ហា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាពេលខ្លះខ្លួនឯងទទួលទានប្រូតេអ៊ីនច្រើនជ្រុល! ថាតើរាងកាយនឹងបង្ហាញអាការៈអ្វីខ្លះនៅពេលអ្នកទទួលទានប្រូតេអ៊ីនលើសកម្រិត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលនឹងលេចឡើងប្រសិនបើលើសជាតិប្រូតេអ៊ីន ៖
១. កើនទម្ងន់
ទោះបីជារបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចជួយកម្ចាត់ទម្ងន់ដែលលើស ប៉ុន្តែប្រូតេអ៊ីនច្រើនពេករាងកាយនឹងបំលែងទៅជាជាតិខ្លាញ់។ ម្យ៉ាងវិញទៀតផលិតផលអាហារជាច្រើនដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ ក៏មានផ្ទុកសម្បូរទៅដោយជាតិស្ករនិងសូដ្យូមផងដែរ។ ដូច្នេះហើយការរួមបញ្ចូលឬទទួលទានច្រើនពេកអាចនាំឱ្យកើនទម្ងន់ច្រើនជាងស្រក។
២. ខូចតម្រងនោម
នៅពេលតម្រងនោមព្យាយាមជម្រះកាកសំណល់ប្រូតេអ៊ីនដែលលើសច្រើនពេកនាំឱ្យប្រព័ន្ធច្រោះខាងក្នុងត្រូវទទួលរងផលប៉ះពាល់។ ជាលទ្ធផលតម្រងនោមមិនអាចដំណើរការមុខងារបានត្រឹមត្រូវក្នុងការកម្ចាត់ជាតិពុលពីក្នុងលំហូរឈាមនិងគ្រប់គ្រងតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ។ តម្រងនោមគ្មានសុខភាពល្អអាចបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។
៣. ជំងឺសសៃឈាមបេះដូង
មួយក្នុងចំណោមបញ្ហាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភបំផុតនៃរបបអាហារសម្រកទម្ងន់ដដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ គឺបុគ្គលភាគច្រើនទទួលទានផលិតផលអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូលមិនល្អ។ ជាលទ្ធផលអាហារប្រភេទនេះអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើសុខភាពសសៃឈាមបេះដូងដោយបង្កើនសម្ពាធឈាមនិងបង្កបញ្ហាស្ទះសសៃឈាម។
៤. ស្រេកទឹកខ្លាំង
បញ្ហាជាមួយការទទួលទានរបបអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ច្រើនពេកនឹងធ្វើអោយតម្រងនោមត្រូវធ្វើធ្ងន់លើសធម្មតាដើម្បីបញ្ចេញប្រូតេអ៊ីនពីរាងកាយ។ នេះហើយជាមូលហេតុដែលអ្នកអាចនឹងនោមញឹកខុសធម្មតាពេញមួយថ្ងៃបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមិនត្រឹមតែប្រូតេអ៊ីនប៉ុណ្ណោះទេដែលត្រូវបញ្ចេញចោលតាមទឹកនោម ប៉ុន្តែរួមទាំងជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមផងដែរ។
៥. អារម្មណ៍មិនល្អ
ធ្លាប់សម្គាល់មើលខ្លួនឯងទេថាអ្នកហាក់ដូចជាងាយនឹងមានអារម្មណ៍មិនល្អសឹងតែគ្រប់ពេល? បញ្ហានេះក៏អាចបណ្ដាលមកពីការទទួលទានប្រូតេអ៊ីនច្រើនលើសផងដែរ។ នោះក៏ព្រោះតែនៅពេលអ្នកទទួលទានអាហារសម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជាទទួលទានកាបូអ៊ីដ្រាតតិចជាងមុន ហើយខួរក្បាលនឹងមិនទទួលបានជាតិស្ករគ្រប់គ្រាន់ដើម្បីផលិតអ័រម៉ូនអារម្មណ៍ល្អសេរ៉ូតូនីន។
៦. ទល់លាមក
អាការៈទូទៅបំផុតមួយទៀតនៃការទទួលទានប្រូតេអ៊ីនច្រើនហួស គឺទល់លាមក។ នេះក៏ព្រោះតែប្រូតេអ៊ីនលើសកម្រិតជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចលនានៃពោះវៀន។
៧. ខឹង ហើយឃ្លាន
ប្រសិនបើអ្នកមានអារម្មណ៍ខឹងផងឃ្លានផងក្នុងពេលតែមួយនៅរយៈពេលប៉ុន្មានម៉ោងក្រោយទទួលទានអាហាររួចនោះ វាអាចបណ្ដាលមកពីអ្នកបានទទួលទានប្រូតេអ៊ីនច្រើនពេកហើយ។ នៅពេលអ្នកទទួលទានអាហារសម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជាទទួលទានកាបូអ៊ីដ្រាតតិចជាងមុន ខណៈនេះជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះទាបបណ្ដាលឱ្យឃ្លាន ហើយអារម្មណ៍ក៏មិនប្រសើរផងដែរ៕