កំពុងជួបប្រទះអាការៈអស់កម្លាំងជាញឹកញយមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ជំនួសឱ្យការជ្រើសរើសទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ អ្នកក៏អាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយគន្លឹះមួយចំនួន។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖

១. ឪឡឹក

ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងក្រោយពេលធ្វើការពេញមួយថ្ងៃ ឬបន្ទាប់ពីធ្វើលំហាត់ប្រាណ អ្នកអាចស្ដារថាមពលមកវិញបានយ៉ាងងាយដោយគ្រាន់តែទទួលទានឪឡឹកមួយចំណិត។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងអេឡិចត្រូលីត្រដែលចាំបាច់សម្រាប់ទប់ស្កាត់អាការៈខ្សោះជាតិទឹកក្នុងរាងកាយដូច្នេះអ្នកនៅតែអាចសកម្ម ព្រមទាំងពោរពេញដោយថាមពល។ ឪឡឹកជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗរួមបញ្ចូលទាំងសារធាតុ lycopene សារធាតុ beta-carotene ជាតិដែក ប៉ូតាស្យូម និងវីតាមីន C ដែលប្រយុទ្ធប្រឆាំងអាការៈអស់កម្លាំង។

២. យ៉ាអួរ

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន កាបូអ៊ីដ្រាត និងប្រូបាយអូទិកដែលសុទ្ធតែមានប្រយោជន៍បំបាត់អាការៈអស់កម្លាំង។ ការទទួលទានយ៉ាអួរ គឺល្អណាស់ដោយរាងកាយមានសមត្ថភាពក្នុងការរំលាយអាហារនេះបានលឿនជាងអាហារដទៃ។ ជាលទ្ធផលអ្នកនឹងឆាប់ស្ដារបានឡើងវិញនូវថាមពល។ ម្យ៉ាងវិញទៀតប្រូបាយអូិកដែលមានផ្ទុកក្នុងយ៉ាអួរក៏ជួយបំបាត់រោគសញ្ញាផ្សេងៗដែលទាក់ទងនឹងជំងឺអស់កម្លាំងរ៉ាំរ៉ៃផងដែរ។ សារធាតុចិញ្ចឹមទាំងនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសុខភាពពោះវៀនកាន់តែមានលក្ខណៈប្រសើរឡើង។

៣. គ្រាប់ល្ពៅ

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ អាស៊ីតខ្លាញ់អូមេហ្កា ៣ ព្រមទាំងវីតាមីន B1 វីតាមីន B2 វីតាមីន B5 និងវីតាមីន b6។ ជាតិរ៉ែដែលមានក្នុងគ្រាប់ល្ពៅរួមមានទង់ដែង ជាតិដែក ម៉ង់កាណែស ផូស្វ័រ និងម៉ាញ៉េស្យូមជាដើម។ ការរួមបញ្ចូលគ្នារវាងវីតាមីន និងជាតិរ៉ែទាំងនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ បង្កើនកម្រិតនៃថាមពល និងបំបាត់អាការៈអស់កម្លាំង។ គ្រាប់ល្ពៅក៏ជាប្រភពនៃសារធាតុ tryptophan ដែលជួយបំបាត់អារម្មណ៍ល្ហិតល្ហៃ និងធ្វើឱ្យគេងលក់បានស្កប់។

៤. តែបៃតង

ក្រៅពីជួយទប់ទល់នឹងអាការៈអស់កម្លាំងហើយនោះ តែបៃតងក៏កាត់បន្ថយស្ត្រេសផងដែរ។ តែបៃតងមានផ្ទុកសារធាតុ polyphenols កម្រិតខ្ពស់ដែលកាត់បន្ថយរោគសញ្ញានៃភាពតានតឹងក្នុងអារម្មណ៍ ហើយបង្កើនថាមពល។ តែបៃតងក៏ជួយពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយដែលឆាប់ផ្ដល់ថាមពលផងដែរ។

៥. ផ្លែចេក

មានផ្ទុកប៉ូតាស្យូមខ្ពស់! រាងកាយត្រូវការជាតិរ៉ែនេះដើម្បីបង្កើនប្រសិទ្ធភាពនៃជាតិស្ករទៅជាថាមពល។ សារធាតុចិញ្ចឹមចាំបាច់ដទៃទៀតក្នុងផ្លែចេករួមមានវីតាមីន B វីតាមីន C អាស៊ីតខ្លាញ់អូមេហ្កា ៣ កាបូអ៊ីដ្រាត និងជាតិសសៃ។ សារធាតុចិញ្ចឹមទាំងអស់នេះជួយដោះស្រាយរោគសញ្ញាដែលពាក់ព័ន្ធនឹងការអស់កម្លាំងរួមបញ្ចូលទាំងភាពហត់នឿយនិងខ្សោះជាតិទឹកក្នុងរាងកាយ។ ជាតិស្ករធម្មជាតិក្នុងផ្លែចេកជួយផ្ដល់ថាមពលឆាប់រហ័សដល់រាងកាយបានពេញមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង