ថ្លើមគឺជាសរីរាង្គក្រពេញមួយប្រភេទដែលធំជាងគេបង្អស់ក្នុងរាងកាយរបស់មនុស្ស។ វាមានតួនាទីយ៉ាងសំខាន់ នៅក្នុងការបំប្លែង និងស្រូបយកសារធាតុពុលផ្សេងៗដែលចូលទៅក្នុងខ្លួនមនុស្ស តាមរយៈការទទួលទានអាហារ ឬថ្នាំ។
ថ្លើមរីកមិនមែនជាប្រភេទនៃជំងឺនោះទេ។ វាគ្រាន់តែជារោគសញ្ញាមួយដែលស្ដែងចេញនៅពេលមានជំងឺផ្សេងៗ កើតមាន និងជះឥទ្ធិពលទៅលើវាប៉ុណ្ណោះ ដូចជាជំងឺថ្លើមខ្លួនឯង ជំងឺខ្សោយបេះដូង ឬជំងឺមហារីក។ ថ្លើមរីកអាចធូរស្រាលវិលទៅរកសភាពដើមវិញបាន ដរាបណាជំងឺដែលបង្កហេតុទាំង អស់នោះត្រូវបានធ្វើការព្យាបាលជាសះស្បើយ។
ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺថ្លើមអ្នកអាចធ្វើដូចខាងក្រោមនេះ៖
• ជ្រើសរើសរបបអាហារដែលផ្តល់នូវសុខភាព ដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិគ្រប់ប្រភេទ។
• ទទួលទានស្រាតែក្នុងកម្រិតមធ្យមបានហើយ បើសិនជាអ្នកជាមនុស្សផឹកស្រា។
• ធ្វើទៅតាមគោលដៅនៃការប្រើប្រាស់ថ្នាំ វីតាមីន ឬថ្នាំបំប៉ន។ កាត់បន្ថយនូវការដំឡើងកម្រិតថ្នាំ វីតាមីន ឬថ្នាំបំប៉នដោយខ្លួនឯង។
• កាត់បន្ថយនូវការប៉ះពាល់នឹងសារធាតុគីមីតាមរយៈការប្រើស្រោមដៃ និងពាក់ម៉ាស់។
• រក្សាទម្ងន់អោយមានសុខភាព៖ ប្រសិនបើទម្ងន់របស់អ្នកស្ថិតក្នុងកម្រិតមួយមានសុខភាពហើយ ចូររក្សាវាកុំអោយឡើងទៀតអោយសោះ។ ប្រសិនបើអ្នកត្រូវការសម្រកទម្ងន់ ចូរកាត់បន្ថយការទទួលទានអាហារមានកាឡូរីទៅ ហើយបង្កើននូវការហាត់ប្រាណប្រចាំថ្ងៃវិញ។ គ្រូពេទ្យអាចផ្តល់ដំបូន្មានលើមធ្យោបាយសម្រកទម្ងន់ដល់អ្នកបាន។
• ឈប់ជក់បារី៖ ប្រសិនបើអ្នកជក់បារី សូមមេត្តាផ្តាច់វាទៅ។ ប្រសិនបើអ្នកមិនជក់បារីទេ ក៏មិនត្រូវចាប់ផ្តើមជក់ដែរ។
• ប្រើថ្នាំបំប៉នដោយការប្រុងប្រយ័ត្ន៖ ចូរនិយាយជាមួយគ្រូពេទ្យអំពីការប្រឈមមុខ និងអត្ថប្រយោជន៍នៃថ្នាំបំប៉នឬសឈើមុននឹងប្រើវា ព្រោះវាអាចផ្តល់ទុក្ខទោសដល់ថ្លើមរបស់អ្នកបាន៕