ឆ្អឹងជំនីរគឺជាឆ្អឹងដែលព័ទ្ធជុំវិញទ្រូង ខាងក្រោយសម្រាប់ភ្ជាប់ទៅនឹងឆ្អឹងកងខ្នង ឯខាងមុខភ្ជាប់នឹងសន្ទះទ្រូង ប៉ុន្តែមុននឹងជាប់សន្ទះទ្រូងគឺមានឆ្អឹងខ្ចីមួយកង់ទៀតផងដែរ។ ការបាក់ឆ្អឹងជំនីរគឺសម្តៅទៅលើឆ្អឹងនេះបាក់ ឬឆ្អឹងខ្ចីបាក់។ យកល្អអ្នកគួរតែទៅអោយគ្រូពេទ្យពិនិត្យក្រោយពីមានរបួសទៅលើឆ្អឹងជំនីររួច។ កម្លាំងនៃការប៉ះទង្គិចអាចគ្រប់គ្រាន់នឹងធ្វើអោយឆ្អឹងជំនីបាក់ ហើយក៏អាចរបួសទៅដល់សួត អណ្តើក សរសៃឈាម ឬផ្នែកផ្សេងៗនៃរាងកាយផងដែរ។
ឆ្អឹងជំនីរមានតួនាទីសំខាន់ៗពីរយ៉ាងគឺ៖
- ការពារសរីរាង្គខាងក្នុងទ្រូង
- ជួយអោយអ្នកដកដង្ហើមចេញចូលបានស្រួលដោយសារតែសាច់ដុំកន្ត្រាក់ និងសម្រាក។
ដង្ហើមមនុស្សដែលអាចដកចេញចូលបានគឺត្រូវការប្រើសាច់ដុំឆ្អឹងជំនីកន្ត្រាក់ ដូច្នេះប្រសិនបើមានបញ្ហាបាក់ឆ្អឹងជំនីកើតឡើង វានឹងធ្វើអោយការដកដង្ហើមម្តងៗមានការឈឺចាប់ខ្លាំង។
ចំពោះការបាក់ឆ្អឹងជំនីរទាំងផ្ទាំង (ចាប់ពីពីរឡើងទៅ) គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ប្រសិនបើរឿងនេះកើតឡើងមែន តំបន់ដែលមានឆ្អឹងបាក់នោះមិនអាចរក្សារូបរាងឆ្អឹងធម្មតានៅពេលដកដង្ហើមបានទេ។ វានឹងធ្វើអោយការរីករបស់ទ្រូងកាន់តែតិចនៅពេលដកដង្ហើមចូល។ ជាមួយគ្នានេះដែរ កាលណាឆ្អឹងជំនីរបាក់ទាំងផ្ទះដូច្នេះ វាក៏ធ្វើអោយសាច់ដុំឆ្អឹងជំនីរធ្វើការមិនបានល្អ ដែលជាហេតុនាំអោយពិបាកក្នុងការដកដង្ហើម។
មូលហេតុ
មូលហេតុនៃការបាក់ឆ្អឹងជំនីដែលកើតមានជាញឹកញាប់បំផុតនោះគឺជាការប៉ះទង្គិចផ្ទាល់ទៅនឹងទ្រូងតែម្តង ដែលភាគច្រើនបណ្តាលមកពីគ្រោះថ្នាក់ដោយឡានបុក ឬធ្លាក់ពីទីខ្ពស់។ ការក្អកធ្ងន់ធ្ងរក៏អាចនឹងធ្វើអោយបាក់ឆ្អឹងជំនីដែរ។ ប្រសិនបើអ្នកមានជំងឺរដែលធ្វើអោយឆ្អឹងខ្សោយដូចជាជំងឺពុកឆ្អឹង ឬមហារីក ការបាក់ឆ្អឹងជំនីរទំនងជាអាចកើតមាន។
រោគសញ្ញា
- ឈឺតិចតួច ឬធ្ងន់ធ្ងរនៅតំបន់ដែលមានរបួស
- ឈឺពេលដកដង្ហើម
- ឈឺនៅជុំវិញកន្លែងបាក់ជាពិសេសនៅពេលមាននរណាម្នាក់សង្កត់ឆ្អឹងជំនីរទ្រូង
ប្រសិនបើអ្នកមិនអាចដកដង្ហើមបានដូចធម្មតាទេដោយសារតែការឈឺចាប់ ឬឆ្អឹងបាក់ទាំងផ្ទាំង អ្នកប្រហែលជាមានអាការៈដូចជា៖
- មានអារម្មណ៍ថាដកដង្ហើមបានខ្លីៗ
- តក់ស្លុត នៅមិនសុខ ឬភ័យខ្លាច
- ឈឺក្បាល
- វិលមុខ អស់កម្លាំង ឬងងុយដេក
ការព្យាបាល
គ្រូពេទ្យនឹងសួរសំណួរអំពីការមានរបួសរបស់អ្នក ក៏ដូចជាពិនិត្យលើរាងកាយ។ ការពិនិត្យអាចជា៖
- សង្កត់ដើមទ្រូងដើម្បីរកមើលកន្លែងដែលអ្នកឈឺ
- មើលដង្ហើម និងស្តាប់សួតដើម្បីអោយប្រាកដថាខ្យល់ចេញចូលសួតធម្មតាឬក៏អត់។
- ស្តាប់បេះដូង
- ពិនិត្យក្បាល ក ឆ្អឹងកងខ្នង និងពោះដើម្បីប្រាកដថាគ្មានគ្រោះថ្នាក់អ្វីផ្សេងទៀត
អ្នកប្រហែលជាត្រូវថតកាំរស្មីអ៊ិច ឬថតរូបភាពវេជ្ជសាស្ត្រផ្សេងៗទៀតប្រសិនបើគ្រូពេទ្យមិនអាចទាន់យល់ច្បាស់អំពីរោគសញ្ញា។ ប៉ុន្តែការបាក់ឆ្អឹងជំនីរមិនប្រាកដថាថតកាំរស្មីអ៊ិចទៅតែងតែមើលឃើញនោះទេ។ ដូច្នេះអ្នកប្រហែលជាត្រូវព្យាបាលដូចជាអាការៈបាក់ឆ្អឹងជំនីរដែរទោះបីជាការថតកាំរស្មីអ៊ិចមើលមិនឃើញឆ្អឹងបាក់ក៏ដោយ។
ប្រសិនបើគ្រូពេទ្យគិតថា អ្នកមានរបួសទៅលើសរីរាង្គខាងក្នុងជាមួយគ្នានឹងការបាក់ឆ្អឹងជំនីរដែរនោះ អ្នកប្រហែលជាត្រូវព្យាបាល ឬត្រូវសម្រាក់ក្នុងមន្ទីរពេទ្យហើយ ពេលនោះគ្រូពេទ្យនឹងចាក់ថ្នាំដើម្បីគ្រប់គ្រងនូវការឈឺចាប់របស់អ្នក។
ប៉ុន្តែការបាក់ឆ្អឹងជំនីរភាគច្រើនអាចព្យាបាលនៅតាមផ្ទះដោយខ្លួនឯងបាន ហើយវានឹងជាមកវិញដោយខ្លួនឯងដែរ។ ថ្នាំបំបាត់ការឈឺចាប់អាចនឹងជួយអោយអ្នកមានអារម្មណ៍ និងដកដង្ហើមបានស្រួលដូចធម្មតានៅពេលព្យាបាលដោយខ្លួនឯង។
ធម្មតាឆ្អឹងការបាក់ឆ្អឹងជំនីរនឹងត្រូវជាសះស្បើយយ៉ាងហោចណាស់ក៏ ៦សប្តាហ៍ដែរ។ ដូច្នេះដើម្បីជំនួយដល់ការឈឺចាប់ពេលឆ្អឹងកំពុងតែជានោះចូរធ្វើដូចខាងក្រោម៖
- ស្អំទឹកកកនៅកន្លែងមានរបួស
- សម្រាកអោយបានច្រើន
- ប្រើថ្នាំបំបាត់ឈឺចាប់ដូចជា Aspirin ឬ Ibuprofen។ ពេលនោះគ្រូពេទ្យប្រហែលជាចេញថ្នាំបំបាត់ការឈឺចាប់ដែលមានឥទ្ធិពលខ្លាំងអោយអ្នកប្រើប្រសិនបើថ្នាំដែលគ្មានវេជ្ជបញ្ជាពុំមានប្រសិទ្ធភាព។
ក្នុងពេលរបួសកំពុងតែជា យកល្អអ្នកគួរតក្អក ឬដកដង្ហើមអោយបានជ្រៅៗអោយបានយ៉ាងហោចណាស់ក៏ម្តងដែរក្នុងរយៈពេលមួយម៉ោង ព្រោះវាអាចជួយការពារអ្នកពីជំងឺរលាកសួត ឬក្រពិតជាលិកាសួតបាន។
ប្រសិនបើឆ្អឹងជំនីរបាក់តែមួយមុខ ហើយមិនមានរបួសនៅនឹងក្បាល ឬខ្នងទេ យកល្អគួរតែដេកផ្អៀងទៅខាងដែលមានរបួស។ គំនិតបែបនេះស្តាប់ទៅដូចជាចម្លែកខ្លាំងណាស់ ប៉ុន្តែវានឹងជួយអោយអ្នកអាចដកដង្ហើមបានជ្រៅៗ។
កាលពីមុន វិធីព្យាបាលឆ្អឹងបាកគឺប្រើបង់បិទខ្ចប់កន្លែងដែលបាក់នោះអោយតឹង។ ប៉ុន្តែអ្នកមិនគួរណាធ្វើដូច្នេះទេទោះបីជាវាជួយអោយបានឈឺក៏ដោយ។ ការធ្វើបែបនេះវានឹងរំខានដល់ការដកដង្ហើមអ្នក ហើយក៏បណ្តាលអោយផ្នែកណាមួយរបស់សួតអាចក្រពិត ឬប្រឈមកាន់តែខ្លាំងនឹងជំងឺរលាកសួត៕