ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់ដែលលើស ក្រៅពីការធ្វើលំហាត់ប្រាណទៀងទាត់និងមានរបបអាហារសុខភាពល្អហើយនោះ គឺត្រូវរក្សាឱ្យបាននូវដំណើរការនៃការដុតរំលាយអាហារមានភាពសកម្មនិងលឿន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចពន្យឺតដំណើរការនៃការដុតរំលាយអាហារគួរឱ្យកត់សម្គាល់។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលពន្យឺតដំណើរការនៃការដុតរំលាយអាហារ ៖
១. ការទទួលទានអាហារសម្បូរខ្លាញ់មិនល្អ
ទម្លាប់នៃការទទួលទានអាហារសម្បូរខ្លាញ់មិនល្អជាមូលហេតុចម្បងបំផុតមួយដែលនាំឱ្យដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយមានភាពយឺត។ ដូច្នេះប្រសិនបើចង់ស្រកទម្ងន់និងចៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ ចូរព្យាយាមកុំទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់មិនល្អដូចជាអាហារបែប fast food (ភីហ្សា បឺហ្កឺ មាន់បំពង និងដំឡូងបំពង ។ល។) ហើយរួមបញ្ចូលអាហារមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អក្នុងរបបអាហារប្រចាំថ្ងៃជំនួសវិញដើម្បីពន្លឿនការដុតរំលាយអាហារ។
២. គេងមិនគ្រប់គ្រាន់
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល ដោយល្បឿននៃការដុតរំលាយអាហារត្រូវថយចុះ។ ម្យ៉ាងវិញទៀតកង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារផងដែរ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។
៣. ស្ត្រេសជាប្រចាំ
ភាពតានតឹងក្នុងអារម្មណ៍ក៏ជាមូលហេតុទូទៅបំផុតមួយដែលបណ្ដាលឱ្យមនុស្សមួយចំនួនពិបាកនឹងគេងលក់បានស្កប់។ ដូច្នេះការគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍មិនបាននឹងអាចនាំឱ្យដំណើរការនៃការដុតរំលាយអាហារមានសភាពយឺត ឬស្ទក់។ ម្យ៉ាងវិញទៀតស្ត្រេសបង្កើនកម្រិតនៃអ័រម៉ូនមួយចំនួនដែលបណ្ដាលឱ្យរាងកាយស្តុកជាតិខ្លាញ់។
៤. មិនទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតសោះ
កំឡុងពេលសម្រកទម្ងន់មនុស្សមួយចំនួនព្យាយាមចៀសឆ្ងាញពីអាហារដែលមានផ្ទុកកាបូអ៊ីដ្រាត ដោយគិតថាសារធាតុចិញ្ចឹមនេះអាចនាំឱ្យកើនទម្ងន់។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញជាច្រើនបានឱ្យដឹងថាការធ្វើបែបនេះមិនមែនជាគំនិតល្អឡើយក៏ព្រោះវាជាអ្វីមួយដែលអាចពន្យឺតដល់ដំណើរការនៃការដុតរំលាយអាហារ។ ជាលទ្ធផលអ្នកនឹងពិបាកស្រកទម្ងន់ណាស់ ហើយក៏ខ្វះថាមពលផងដែរ។
៥. ភាពអសកម្មនៃរាងកាយ ឬមិនធ្វើលំហាត់ប្រាណ
ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយស្តុកទុកនូវទម្ងន់ដែលលើសដោយអាត្រានៃការដុតរំលាយអាហារមានសភាពយឺត ហើយរាងកាយមិនអាចដុតបំផ្លាញកាឡូរីនិងជាតិខ្លាញ់បានច្រើន។ ជាពិសេសប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗ ព្រមទាំងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងកាឡូរីខ្ពស់! អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចទៅជាបង្កបញ្ហាសុខភាពផ្សេងៗ៕