សន្លាក់ទាំងឡាយដែលស្ថិតនៅក្នុងម្រាមដៃអាចគ្រាន់តែមាននាទីបត់បែនប៉ុណ្ណោះ។ បើសិនជាអ្នកបត់ម្រាមដៃខ្លាំងជ្រុលនឹងអ្វីដែលវាធ្វើបាន នោះវាទំនងជាអាចធ្វើឲ្យសរសៃចងដែលតភ្ជាប់សន្លាក់នោះទៅជាយឺតខ្លាំង ឬអាចរហែកតែម្តង។ ករណីនេះហើយគេហៅថា គ្រិចម្រាមដៃ ហើយបើសិនជាករណីនេះកើតឡើងមែន អត្ថបទនេះនឹងជួយអ្នកបានក្នុងការដោះស្រាយរឿងនេះ។ 

សម្រាក

ដើម្បីរក្សាការឈឺចាប់ និងរលាកកុំឲ្យកាន់តែធ្ងន់ធ្ងរ យកល្អគួរតែទុកដាក់ម្រាមដៃដែលកំពុងតែគ្រិចនោះសម្រាកពីការងារសិន។ ជាមួយគ្នានេះដែរ ការដែលទុកពេលវេលាដល់សន្លាក់ម្រាមដៃសម្រាកបានគ្រប់គ្រាន់ ក៏ជួយបង្កើនល្បឿននៃការជាសះស្បើយផងដែរ។ 

ស្អំទឹកកក

ការឈឺចាប់ខ្លាំងអាចកើតឡើងជាមួយនឹងកម្រាមដៃដែលកំពុងតែគ្រិច។ ដើម្បីបន្ថយការឈឺចាប់ដោយមិនបាច់លេបថ្នាំ យកល្អគួរតែស្អំទឹកកកនៅលើសន្លាក់ម្រាមដៃដែលកំពុងតែគ្រិចនេះតែម្តង។ យ៉ាងណាមិញ មិនត្រូវស្អំដុំទឹកកកនៅលើស្បែកផ្ទាល់ឡើយ ព្រោះវាអាចបង្កជាការរលាកស្បែកបាន។ ចូរស្អំទឹកកកជារៀងរាល់ម៉ោងរយៈពេល ១៥ ទៅ ២០នាទីម្តង ដើម្បីបន្ថយការឈឺចាប់ និងរលាក។ 

ប្រើថ្នាំបំបាត់ការឈឺដោយមិនបាច់មានវេជ្ជបញ្ជាទេ

បើសិនជាការប្រើទឹកកកស្អំមិនអាចជួយបំបាត់ការឈឺចាប់អ្វីច្រើនទេ អ្នកប្រហែលជាអាចប្រើថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជាបាន។ ប៉ុន្តែបើសិនជាអ្នកមានជំងឺក្នុងខ្លួនវិញ ចូរពិនិត្យថ្នាំដែលប្រើនេះជាមួយគ្រូពេទ្យថា តើជួយបំបាត់ការឈឺចាប់ដែលជាប់ទាក់ទងនឹងការគ្រិចម្រាមដៃឬអត់។

ប្រើបង់រុំ

ដើម្បីជួយម្រាមដៃដែលគ្រិចកុំឲ្យមានការរលាកកាន់តែខ្លាំងទៀត ចូររុំម្រាមដៃជាមួយនឹងបង់យឺតតូចមួយ។ រឿងនេះនឹងមិនធ្វើឲ្យឈាម និងទឹកប្រមូលផ្តុំនៅតំបន់ដែលគ្រិចឡើយ។ ចូរប្រាកដថា ការរុំរបស់អ្នកមិនតឹងពេក ហើយក៏មិនធូរពេកដែរ។ 

លើកម្រាមដៃឲ្យខ្ពស់

វាក៏ជារឿងដ៏ល្អមួយក្នុងការថែរក្សាម្រាមដៃដែលគ្រិចនោះខ្ពស់ជាងបេះដូងដើម្បីបន្ថយការរលាក។ អ្នកអាចប្រើឧបករណ៍អបម្រាមដៃនៅពេលដើរ ឬអង្គុយ ឬដាក់វានៅលើខ្នើយនៅពេលគេង។ 

ធ្វើលំហាត់ប្រាណម្រាមដៃ

នៅពេលដែលការឈឺចាប់ និងរលាកមានការស្រាកស្រាន្ត ដែលជាធម្មតាកើតឡើងនៅ ២សប្តាហ៍ក្រោយ អ្នកប្រហែលជាចាប់ផ្តើមហាត់ប្រាណម្រាមដៃដែលមានរបួសនោះតិចៗបានហើយ។ អ្នកប្រហែលជាអាចបត់បែន និងធ្វើវាឲ្យត្រង់ និងប្រើវិធីច្របាច់បាល់ដើម្បីជួយពង្រឹងដល់សរសៃចងឆ្អឹង និងសាច់ដុំ ព្រមទាំងស្តានូវចលនាធម្មតារបស់វាបានវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង