ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវអាហារល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីជម្រុញមុខងារថ្លើមដំណើរការតួនាទីបានកាន់តែប្រសើរ ៖

១. ខ្ទឹមស

ខ្ទឹមសមានផ្ទុកសម្បូរទៅដោយសារធាតុ allicin ដែលជួយសម្អាតថ្លើមបានយ៉ាងប្រសើរ។ ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ដែលល្អចំពោះសុខភាពថ្លើម។ ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។

២. ប្រេងអូលីវ

ប្រេងអូលីវសុទ្ធអាចជួយថ្លើមបានជាច្រើននៅពេលទទួលទានក្នុងកម្រិតមធ្យម។ វាផ្ដល់នូវជាតិខ្លាញ់ lipid ដែលប្រើប្រាស់ជាតិពុលក្នុងរាងកាយ ដូច្នេះវារួមចំណែកជាផ្នែកមួយជួយសម្រួលការងាររបស់ថ្លើម។

៣. បន្លែបៃតង

ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុចិញ្ចឹមសំខាន់ៗដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែក្នុងបន្លែបៃតងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រយុទ្ធប្រឆាំងបាក់តេរីទប់ស្កាត់ការរលាកក្នុងថ្លើម ព្រមទាំងមានប្រសិទ្ធភាពបន្សាបជាតិពុលផងដែរ។

៤. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។

៥. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។

៦. គ្រាប់ធញ្ញជាតិវាល់ណឺត (walnut)

គ្រាប់វាល់ណឺតមានផ្ទុកសារធាតុ arginine សារធាតុ glutathione និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលគាំទ្រមុខងារបន្សាបជាតិពុលនៃថ្លើម។ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងខ្លាញ់សុខភាពល្អដែលជួយទប់ស្កាត់ជាតិខ្លាញ់មិនឱ្យប្រមូលផ្ដុំក្នុងថ្លើមផងដែរ៕