ការទទួលទានអាហារហឹរអាចបណ្ដាលឱ្យមានអារម្មណ៍ក្ដៅនិងក្រហាយលើអណ្ដាត ប៉ុន្តែអាហារប្រភេទនេះអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាព។ ទោះជាយ៉ាងណាវាក៏ជះផលប៉ះពាល់មួយចំនួនផងដែរ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចង់ដឹងឬអត់ថាតើអាហារហឹរល្អយ៉ាងណាខ្លះ? ហើយអាចជះផលប៉ះពាល់អ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននិងអវិជ្ជមាននៃការទទួលទានអាហារហឹរ ៖
- ឥទ្ធិពលវិជ្ជមាននៃការទទួលទានអាហារហឹរ ៖
១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នេះក៏ព្រោះតែអាហារហឹរអាចផ្ដល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំ។ ហើយវាពិតជាមានអត្ថប្រយោជន៍ណាស់ក្នុងកំឡុងពេលរដូវផ្ដាសាយដោយសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពាររាងកាយពីពពួកមេរោគ។
២. ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់នឹងត្រូវថយចុះ
អ្នកជំនាញជាច្រើននិយាយថាការរួមបញ្ចូលអាហារហឹរក្នុងរបបអាហារប្រចាំថ្ងៃពីមួយពេលទៅមួយពេលពិតជាអាចជួយប្រឆាំងនឹងការឃ្លានស្ករ ឬអាហារផ្អែម។ វាក៏មិនខុសគ្នាទៅនឹងការទទួលទានទឹកក្រូចស្រស់ ១ កែវក្រោយពេលដុសធ្មេញដូច្នោះដែរ ក្រោយទទួលទានអាហារហឹរជាធម្មតាពួកយើងនឹងមិនចង់ទទួលទានអ្វីដែលផ្អែមៗឡើយ។
៣. ជួយពង្រឹងសុខភាពបេះដូង
នេះក៏ព្រោះតែវត្តមានរបស់ម្ទេសដែលមានក្នុងអាហារហឹរជួយបន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងប្រឆាំងការរលាកទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូង។
៤. ជួយឱ្យស្រកទម្ងន់
ការទទួលទានអាហារហឹរមានប្រយោជន៍ណាស់សម្រាប់អ្នកដែលចង់ស្រកទម្ងន់។ ភាពហឹរក្ដៅបង្កើនការដុតរំលាយអាហារក្នុងរាងកាយ ព្រមទាំងសមត្ថភាពនៃការដុតបំផ្លាញជាតិខ្លាញ់គួរឱ្យកត់សម្គាល់។ អាហារហឹរក៏ជួយបន្ថយចំណង់អាហារ ឬភាពឃ្លានផងដែរ។
៥. ជួយបញ្ចុះសម្ពាធឈាម
អត្ថប្រយោជន៍សុខភាពមួយទៀតដែលអ្នកអាចទទួលបានពីការទទួលទានអាហារហឹរ គឺវាជួយបញ្ចុះសម្ពាធឈាម។ អាហារហឹរភាគច្រើនមានផ្ទុកវីតាមីន A និងវីតាមីន C ដែលជួយពង្រឹងជញ្ចាំងនៃបេះដូង ខណៈដែលកម្ដៅពីម្ទេសបង្កើនលំហូរឈាមដូច្នេះសម្ពាធឈាមអ្នកនឹងប្រក្រតី។ ការទទួលទានអាហារហឹរជួយឱ្យបេះដូងដំណើរការត្រឹមត្រូវកាត់បន្ថយហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៦. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល
ដូចបានរៀបរាប់ខាងលើអាហារហឹរជួយបញ្ចុះសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី ហើយអ្នកនឹងអាចចៀសផុតពីហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលជាមិនខាន។
៧. វាជួយឱ្យអារម្មណ៍ល្អប្រសើរ
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាអារម្មណ៍ឆាប់ប្រែប្រួល ចូរសាកល្បងទទួលទានអាហារហឹរ។ អាហារប្រភេទនេះជួយបង្កើនការបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ ដូច្នេះអ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន។
៨. ភាពអត់ធន់នឹងការឈឺចាប់កើនឡើងជាងមុន
សារធាតុ capsaicin អាចកំណត់គោលដៅសមាសធាតុពិសេសមួយក្នុងខួរក្បាលដែលទទួលខុសត្រូវសម្រាប់អារម្មណ៍ឈឺចាប់។ វាបញ្ឆោតខួរក្បាលកុំឱ្យអើពើនឹងការឈឺចាប់។
- ឥទ្ធិពលអវិជ្ជមាននៃការទទួលទានអាហារហឹរ ៖
១. ពកល្អិតៗដឹងរសជាតិលើអណ្ដាតនឹងរងគ្រោះ
អណ្ដាតរបស់អ្នកជាផ្នែកដំបូងបំផុតដែលទទួលរងផលប៉ះពាល់នៅរាល់ពេលទទួលទានអាហារក្ដៅៗ ហើយហឹរ។ អាហារហឹរអាចបង្កអាការៈក្រហាយ ឬឈឺតិចៗ ហើយអ្នកនឹងមិនអាចភ្លក់ដឹងរសជាតិអាហារផ្សេងៗបានពេញលេញដូចធម្មតាឡើយ! ប៉ុន្តែកុំបារម្ភដោយបញ្ហានេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅពេលអ្នកទទួលទានអាហារហឹរជាប្រចាំយូរទៅ ការដឹងរសជាតិរបស់អ្នកនឹងប្រែជាធម្មតាវិញ។
២. វាអាចបង្កអាការៈប្រតិកម្មអាឡែកស៊ី
មនុស្សមួយចំនួនបាននិយាយថាពួកគេតែងជួបប្រទះអាការៈហើមមុខនិងរមាស់នៅពេលព្រឹកក្រោយពេលទទួលទានអាហារហឹរនៅពេលល្ងាច។ បញ្ហានេះអាចកើតឡើងដោយសារម្ទេសងាយនឹងបង្កអាការៈប្រតិកម្ម។ សម្រាប់អ្នកខ្លះប្រតិកម្មអាឡែកស៊ីនេះគ្រាប់តែជាប្រតិកម្មធម្មជាតិរបស់រាងកាយទៅនឹងភាពហឹរប៉ុណ្ណោះ។
៣. វាអាចបណ្ដាលឱ្យបញ្ហាក្រពះកាន់តែធ្ងន់ធ្ងរឡើង
ប្រសិនបើអ្នកមានក្រពះងាយប្រតិកម្ម ឬមានបញ្ហា នោះការទទួលទានអាហារហឹរមិនមែនជាគំនិតល្អឡើយ។ ដំបូងវាអាចបណ្ដាលឱ្យអ្នករាគដោយសារធាតុ capsaicin មានឥទ្ធិពលលើរាងកាយ។ ម្យ៉ាងវិញទៀតការទទួលទានហឹរក៏អាចបណ្តាលឱ្យរលាកក្រពះរយៈពេលខ្លី ឬប្រសិនបើអ្នកកំពុងមានបញ្ហាក្រពះស្រាប់ ការទទួលទានហឹរអាចបណ្ដាលឱ្យអាការៈកាន់តែធ្ងន់ធ្ងរ។
៤. វាអាចបង្កើនអាការៈក្រហាយទ្រូង
នៅពេលទទួលទានច្រើនអាហារហឹរនិងជាតិអាស៊ីតអាចបណ្ដាលឱ្យជញ្ជាំងនៃក្រពះចាប់ផ្ដើមរលាកក្រហាយ។ រយៈពេលយូរទៅស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរឡើង ហើយក្លាយជារ៉ាំរ៉ៃ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានអាហារហឹរច្រើនពេក។ ប្រសិនបើអ្នកជួបប្រទះអាការៈក្រហាយទ្រូង សាកល្បងទទួលទានទឹកដោះគោ ឬទទួលទានការ៉េម៕