វាជាការសំខាន់ណាស់ក្នុងការរក្សាឱ្យបាននូវភាពស្រស់ស្អាតនៃរាល់វត្ថុ ឬរបស់របរ ដើម្បីជៀសផុតពីមេរោគដែលបង្កជាជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ភាគច្រើននៃពួកយើងនៅតែភ្លេចសម្អាតនូវវត្ថុក្នុងផ្ទះមួយចំនួនដែលធ្វើឱ្យរបស់ទាំងនោះប្រមូលផ្ដុំទៅដោយបាក់តេរី។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបស់របរក្នុងផ្ទះដែលអ្នកគួរតែសម្អាតជាប្រចាំ ៖

១. តេឡេបញ្ជាទូរទស្សន៍

សឹងតែសមាជិកគ្រប់គ្នានៅក្នុងផ្ទះរបស់អ្នក គឺចាប់កាន់ប៉ះតេឡេបញ្ជានេះ ទាំងខណៈពេលកំពុងទទួលទានអាហារ ឬក្អកទៀតផង។ ហើយមានពេលខ្លះពួកគេប្រើវាជាឧបករណ៍សម្រាប់អេះខ្នង រួមទាំងផ្នែកផ្សេងៗនៃរាងកាយ។ ក៏ព្រោះតែបែបនេះហើយទើបតេឡេបញ្ជាទូរទស្សន៍អាចនឹងក្លាយជាវត្ថុមានផ្ទុកសម្បូរទៅដោយមេរោគច្រើនបំផុតមួយក្នុងផ្ទះ ជាពិសេស គឺវីរុសបង្កជំងឺផ្ដាសាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ទឹកអាល់កុលជូតសម្អាតតេឡេបញ្ជាទូរទស្សន៍របស់អ្នកឱ្យបានទៀងទាត់។

២. ក្បាលផ្កាឈូកងូតទឹក

ទោះបីក្បាលផ្កាឈូកជាឧបករណ៍ដែលមានទឹកហូរមកជាប្រចាំក៏ដោយ ក៏មិនមែនមានន័យថាវាអាចសម្អាតខ្លួនឯងដែរ! ពពួកបាក់តេរីអាចលូតលាស់ក្នុងរន្ធនៃក្បាលផ្កាឈូកនោះ ហើយប្រសិនបើអ្នកស្រូបយកវាខណៈពេលងូតទឹក វាអាចក្លាយជាកត្តាចម្បងមួយនៃការឆ្លងមេរោគសួត។

៣. ទូរស័ព្ទដៃ

អ្វីក៏ដោយឱ្យតែអ្នកដាក់នៅជិតនឹងត្រចៀក ឬមាត់ គឺត្រូវតែស្អាតជានិច្ច។ ធ្លាប់ដឹងទេថា ទូរសព្ទជាមធ្យមអាចមានផ្ទុកមេរោគច្រើនជាងចានបង្គន់ទៅទៀត។ ក៏ដូចទៅនឹងតេឡេបញ្ជាទូរទស្សន៍ដែរ អ្នកអាចជូតសម្អាតអេក្រង់ទូរសព្ទជាមួយនឹងទឹកអាល់កុល។

៤. ក្ដារចុចកុំព្យូទ័រ

កំទេចកំទីកខ្វក់ រួមទាំងធូលីដីច្រើនណាស់អាចជាប់គាំងក្នុងក្ដារចុចកុំព្យូទ័ររបស់អ្នក ជាពិសេសប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារផ្សេងៗ ខណៈពេលកំពុងប្រើប្រាស់វា។ ដើម្បីកម្ចាត់កំទេចកំទីផ្សេងៗចេញពីក្ដារចុចកុំព្យូទ័រ អ្នកអាចប្រើប្រាស់ដបស្ព្រៃយ៍បាញ់ខ្យល់។ ប្រសិនបើអ្នកមានពេល អ្នកអាចប្រើប្រាស់ក្រណាត់ជ្រលក់អាល់កុលដុសសម្អាតលើក្ដារចុចក៏បាន។

៥. ឡាប៉ូផ្ទះបាយ

អ្នកអាចនឹងចាក់កាកសំណល់អាហារទាំងអស់ចូលក្នុងបំពង់បង្ហូរទឹកនៃឡាប៉ូ ប៉ុន្តែផ្នែកសើមៗអាចប្រមូលផ្ដុំនូវពពួកបាក់តេរី។ ដូច្នេះដើម្បីជាការប្រសើរ ចូរសម្អាតឡាប៉ូផ្ទះបាយឱ្យបានទៀងទាត់ជាមួយថ្នាំសម្លាប់មេរោគ។

៦. ដបទឹក

មនុស្សភាគច្រើនក្រោយពីទទួលទានទឹកអស់ ក៏នៅតែរក្សាទុកដបទឹក ដើម្បីចាក់ទឹកធម្មតាចូល រួចដាក់ក្នុងទូរទឹកកក ហើយទទួលទានទៀត។ អ្នកខ្លះទៀត រក្សាទុកតែដបផ្លាស្ទិករឹងមួយសម្រាប់ប្រើប្រាស់ជាប្រចាំ។ ទោះជាយ៉ាងណា ដបទាំងនោះគួរត្រូវបានសម្អាតជាប្រចាំ ប្រសិនបើអ្នកមិនមែនប្រើតែម្ដង។ បើមិនដូច្នេះទេ ដបទឹងនឹងមានផ្ទុកប្រមូលផ្ដុំដោយពពួកបាក់តេរីច្រើនជាងចានបង្គន់ទៅទៀត។

៧. ច្រាសដុសធ្មេញ

អ្វីដែលអ្នកដាក់ចូលក្នុងមាត់ គឺគួរតែស្អាតជានិច្ច។ មួយសប្តាហ៍ម្ដង ចូរដាក់ត្រាំច្រាសដុសធ្មេញក្នុងទឹកខ្ពុរមាត់ដែលមានជាតិអាល់កុល។ ហើយក៏កុំភ្លេចផ្លាស់ប្ដូរច្រាសដុសធ្មេញរបស់អ្នករៀងរាល់ ៣ ខែម្ដង។

៨. ដៃទ្វារ

ដៃទ្វារត្រូវបានផលិតមកដើម្បីឱ្យប៉ះ ឬចាប់កាន់ នោះមានន័យថាគ្រប់គ្នាក្នុងផ្ទះ រួមទាំងអ្នកមកលេង គឺចាប់កាន់វារាល់ពេល។ ដូច្នេះហើយទើបដៃទ្វារអាចមានផ្ទុកពោរពេញទៅដោយមេរោគបាក់តេរី។ ដើម្បីជៀសផុតពីបញ្ហា ចូរលាងសម្អាតដៃទ្វារជាមួយទឹកអាល់កុល។

៩. ខ្នើយ

កោសិកាស្បែកងាប់ៗ ទឹកមាត់ និងធូលីដី អាចធ្វើឱ្យខ្នើយរបស់អ្នកកខ្វក់គួរឱ្យខ្ពើម។ អ្នកប្រហែលជាឧស្សាហ៍សម្អាតកម្រាលពូក ប៉ុន្តែមិនមែនខ្នើយឡើយ។ ដើម្បីជៀសផុតពីបញ្ហាសុខភាព ចូរសម្អាតខ្នើយឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំ។ កុំភ្លេចហាលខ្នើយឱ្យស្ងួត សឹមយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ការឡើងផ្សិត។

១០. ចិញ្ចៀន

ប្រសិនបើអ្នកពាក់ចិញ្ចៀនរាល់ថ្ងៃ អ្នកក៏គួរតែព្យាយាមសម្អាតវាឱ្យបានជាប្រចាំផងដែរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថាដៃរបស់អ្នកដែលពាក់ចិញ្ជៀនមានផ្ទុកបាក់តេរីច្រើនជាងដៃអ្នកដែលមិនពាក់។

១១. ចង្កូតរថយន្ត

ជាប្រភពចម្បងបំផុតមួយនៃបាក់តេរីគ្រោះថ្នាក់ ហើយទោះបីអ្នកមិនអាចសម្អាតរថយន្តរាល់ថ្ងៃក៏ដោយ ក៏យ៉ាងហោចណាស់អ្នកគួរសម្អាតចង្កូតនៅមុនពេលកាន់ ឬប៉ះវាដែរ៕