ទោះបីជា​រាងកាយ​អ្នក អាច​នឹង​អនុញ្ញាត​អោយ បាក់តេរី​ដែល​បង្ក​ជំងឺរបេង ធ្វើការ​ស្នាក់នៅ​ក្នុង​ខ្លួន​អ្នក ក៏​ជា​ធម្មតា​ប្រព័ន្ធ​ការពារ​ភាព​សុំា​អ្នក អាច​ការពារ​អ្នក​មិន​អោយ​ឈឺ​បានដែរ​។ សម្រាប់​មូលហេតុ​នេះ វេជ្ជបណ្ឌិត អាច​នឹង​ធ្វើការ​បែក​ចែក នូវ​ភាពខុសគ្នា​រវាង​៖


•​    ​រយៈពេល​សំងំរ​បស់​ជំងឺរបេង​។ នៅក្នុង​ស្ថានភាព​នេះ អ្នក​បាន​មាននូវ ការចម្លង​នូវ​ជំងឺ​របេង​ហើយ ប៉ុន្តែ​បាក់តេរី​ទាំងនោះ គឺ​ស្ថិតនៅក្នុង​ខ្លួន​អ្នក ក្នុងស្ថានភាព​អសកម្ម និង មិន​បណ្តាល​អោយ​មាន រោគសញ្ញា​អ្វី​នោះទេ​។ ហើយ​ក្នុង​ដំណាក់កាល​នេះ គឺ​វា​មិនបាន​ធ្វើ​ការចម្លង​ទៅកាន់​អ្នកដទៃ​ទេ​។​


•​    ​ដំណាក់កាល​សកម្ម​នៃ​ជំងឺរបេង​។ ក្នុង​ស្ថានភាព​នេះ វា​អាច​ធ្វើអោយ​អ្នក​ឈឺ និង អាច​ចម្លងជំងឺ នេះ​ទៅ​កាន់​អ្នក​ដទៃ​បាន​។ វា​អាច​កើតមាន​បាន នៅក្នុង​សប្តាហ៍​ដំបូង បន្ទាប់​ពី អ្នក​មាន​ការចម្លង រោគ​ជាមួយនឹង បាក់តេរី​របស់​ជំងឺរបេង ឬ ក៏​វា​ប្រហែលជា​អាច​កើតមាន ក្នុង​រយៈពេល ជាច្រើន ឆ្នាំ​ក្រោយមក​ទៀត​។ មនុស្ស​ភាគច្រើន ដែល​បាន​ឆ្លង​នូវ​មេរោគ​របស់​ជំងឺរបេង គឺ​មិន​ដែល​មាន​ការ វិវត្តន៍​ទៅ​ជា ជំងឺរបេង​ដែល​សកម្ម​នោះទេ​។​


​សញ្ញា និង រោគសញ្ញា នៃ​ដំណាក់កាល​សកម្ម​របស់​ជំងឺរបេង​រួមមាន​ដូចជា​៖
•​    ​ក្អក​។​
•​    ​ស្រក​ទំងន់​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។​
•​    ​អស់កំលាំង​។​
•​    ​គ្រុ​នក្តៅ​។​
•​    ​បែកញើស​ក្នុង​ពេល​យប់​។​
•​    ​មាន​គ្រុន​រងារ​។​
•​    ​មិនសូវ​ឃ្លានបាយ​។​


​តើ​សិរី​រៈណា​ខ្លះ ដែល​រង​នូវ​ផលប៉ះពាល់​?


    ជំងឺរបេង​ជាធម្មតា គឺ​វា​ធ្វើ​ការវាយប្រហារ​ទៅលើ​សួត​របស់​អ្នក​។ សញ្ញា និង រោគសញ្ញា នៃ​ជំងឺ​របេង នៃ​សួត​មានដូចជា​៖
•​    ​មានការ​ក្អក ដែល​មាន​រយៈពេល ៣​សប្តាហ៍ ឬ ច្រើន​ជាង​នេះ​។​
•​    ​ក្អក​ធ្លាក់​ឈាម​។​
•​    ​មាន​ការឈឺចាប់​ក្នុង​ទ្រូង ឬ មាន​ការឈឺចាប់​នៅពេល​ដកដង្ហើម ឬ ក្អក​។​


     ប៉ុន្តែ​ជំងឺរបេង ក៏​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់ ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​បាន​ផង​ដែរ វា​រួម​មាន​ដូចជា​៖ តម្រង​នោម​, ខួរ​ឆ្អឹងខ្នង ឬ ខួរក្បាល​របស់​អ្នក​។ នៅពេល​ដែល​ជំងឺរបេង​កើតមាន នៅ​ខាងក្រៅ​សួត​របស់​អ្នក នោះ​រោគសញ្ញា​អាច​មាន​ភាពខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅលើ សិរីរៈ ដែល​រង ការវាយប្រហារ​។ ជា​ឧទាហរណ៍ ជំងឺរបេង​ខួរឆ្អឹងខ្នង អាច​នឹង​ធ្វើអោយ​អ្នក មាន​ការឈឺចាប់​នៅ​នឹង​ខ្នង និង ជំងឺរបេង​នៅ​តម្រង​នោម អាច​នឹង​ធ្វើអោយ មាន​ឈាម​នៅក្នុង​ទឹកនោម​អ្នក​។​


តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ ?


     អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ​ប្រសិនបើ​អ្នកមាន គ្រុ​នក្តៅ ,​មានការ​ស្រក​ទំងន់​ដោយ​មិនមាន មូលហេតុ​ច្បាស់លាស់​, បែកញើស​ក្នុង​ពេល​យប់​ជាខ្លាំង ឬ ក្អក​ជាប់​ជា​បន្ត​។ ទាំងនេះ ជារឿយៗ​គឺជា សញ្ញា​នៃ​ជំងឺរបេង ប៉ុន្តែ​វា​ក៏​អាច​បណ្តាលមកពី បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ​ដទៃៗ​ទៀត​ផង​ដែរ​។ គ្រូពេទ្យ​នឹង អាច​ធ្វើ​តេស្ត​ពិនិត្យ រកមើល ដើម្បី​កំណត់​ពី​មូលហេតុ​អោយបាន​ច្បាស់លាស់​។​
​ផល​លំបាក​
    បើ​ជំងឺ​នេះ​មិន​ត្រូវបាន​ទទួល​ការព្យាបាល អោយបាន​ត្រឹមត្រូវ​នោះទេ នោះ​វា​នឹង​អាច​ធ្វើអោយ​អ្នកជំងឺ ស្លាប់​បាន​។ ការ​មិន​ព្យាបាល​នូវ​ជំងឺ​របេង ក្នុងដំណាក់កាល​សកម្ម ជាធម្មតា វា​អាច​ប៉ះពាល់​ទៅលើ សួត ប៉ុន្តែ​វា​ក៏​អាច​រាលដាល​ទៅដល់ ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​អ្នក​ផងដែរ តាមរយៈ​ចរន្តឈាម​។ ឧទាហរណ៍ មានដូចជា​៖


•​    ​ឆ្អឹង​។ ការឈឺចាប់​នៅ​ឆ្នឹង​ខ្នង និង ការខូចខាត​ដល់​សន្លាក់​អាច​ជា​លទ្ធផល នៃ​ការ​ចម្លងរោគ​នៃ​ជំងឺ របេង ទៅកាន់​ឆ្អឹង​។ នៅក្នុង​ករណី​ជា​ច្រើន ឆ្អឹងជំនី​ក៏​ត្រូវ​បាន​រង​ផលប៉ះពាល់​ផងដែរ​។​


•​    ​ខួរក្បាល​។ ជំងឺ​របេង​នៅក្នុង​ខួរក្បាល អាច​ធ្វើអោយមាន​នូវ​ជំងឺរលាកស្រោមខួរ​ក្បាល និង ពេលខ្លះទៀត ការ​ហើម​ភ្នាស​ដែល​ស្រោប​ខួរក្បាល និង ខួរ​ឆ្អឹងខ្នង ដែល​អាច​ធ្វើអោយ​អ្នកជំងឺ ស្លាប់​បាន​។​


•​    ​ថ្លើម ឬ តម្រង​នោម​។ ថ្លើម និង តម្រងនោម​របស់​អ្នក គឺ​ជួយ​ដល់​ការ​ច្រោះ​នូវ​កាក​សំណល់ និង ភាព​មិន​សុទ្ធ​ល្អ​ចេញពី​ក្នុង​ចរន្ត​ឈាម​របស់​អ្នក​។ តែ​មុខងារ​នេះ​នឹង​ត្រូវ​បាន​ចុះខ្សោយ ប្រសិនបើ ជំងឺរបេង​បាន​រីក​រាលដាល​ប៉ះពាល់​ដល់ ថ្លើម និង តម្រងនោម​របស់​អ្នក​។​


•​    ​បេះដូង​។ ជំងឺរបេង អាច​បំផ្លាញ​ដល់ ជាលិកា​ដែល​នៅ​ជុំវិញ បេះដូង​របស់​អ្នក ដែល​វា​នឹង​បណ្តាល អោយ​មាន​ការ​រលាក និង មាន​ដក់​នូវ​សារធាតុ​រាវ ហើយ​វា​អាច​បង្អាក់​ដល់ មុខងារ​របស់​បេះដូង ក្នុងការ​លោត​ច្របាច់​បញ្ចេញ​ឈាម អោយមាន​ប្រសិទ្ធភាព​។ ក្នុងស្ថានភាព នេះ វា​ក៏​អាច​ធ្វើអោយ​អ្នកជំងឺ​ស្លាប់​បាន​ផងដែរ ៕