ពិតណាស់ ការបោះបង់ ឬបញ្ឈប់នូវរាល់ទម្លាប់ដែលមិនល្អ គឺជាអ្វីដែលអ្នកគួរធ្វើ។ ទោះជាយ៉ាងណា មិនមែនទម្លាប់មិនល្អទាំងអស់សុទ្ធតែផ្ដល់ផលប៉ះពាល់ចំពោះសុខភាពឡើយ។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន)ជាក់ស្ដែងអត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់អាក្រក់មួយចំនួន ប៉ុន្តែបែរជាអាចផ្ដល់ផលល្អសុខភាពយ៉ាងមិនគួរឲ្យជឿ ៖
១. ទំពារស្ករកៅស៊ូ
អ្វីដែលធ្វើឲ្យការទំពារស្ករកៅស៊ូបែរជាមានប្រយោជន៍នោះគឺ វាជួយជម្រុញបង្កើនការផលិតទឹកមាត់ ដើម្បីលាងជម្រះបាក់តេរីចេញពីធ្មេញរបស់អ្នក។ វាក៏ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា និងជួយឲ្យអ្នកអាចធ្វើការផ្ដោតអារម្មណ៍បានល្អជាងមុនផងដែរ។
២. ការទទួលទានកាហ្វេ
អ្នកប្រហែលជាធ្លាប់បានឭថា កាហ្វេ គឺមិនល្អសម្រាប់សុខភាពឡើយ ដោយវាអាចធ្វើឲ្យអ្នកកើតជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងៗទៀតបាន។ ពិតណាស់នោះ ក៏ព្រោះតែអ្នកទទួលទានវាលើសកម្រិត។ តាមពិតទៅកាហ្វេ គឺល្អណាស់សម្រាប់សុខភាព ប្រសិនបើអ្នកទទួលទានវាត្រឹម ២ ឬ ៣ ពែង ក្នុងមួយថ្ងៃ ដោយសារកាហ្វេមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
៣. ការភើរ
វាជាការពិតដែលការភើរនៅទីសាធារណៈ ហាក់ដូចជាមិនសម។ ទោះជាយ៉ាងណា ក៏ដោយវាគ្មានហេតុផលណាមួយដែលអ្នកត្រូវទប់ភើរឡើយ ក៏ព្រោះការបញ្ចេញជាតិហ្គាសតាមរយៈមាត់ គឺល្អចំពោះបំពង់រំលាយអាហារ។ បើមិនដូច្នោះទេ ជាតិហ្គាសច្រើនលើសក្នុងពោះអាចបណ្ដាលឲ្យកើតមានបញ្ហាច្រាលអាស៊ីតក្រពះ។
៤. ផោម
ការផោម គឺល្អចំពោះសុខភាពដូចភើរអញ្ចឹងដែរ។ ជាធម្មតា ជាតិហ្គាសនៅក្នុងពោះវៀន បណ្ដាលមកពីការលេបខ្យល់ចូល ខណៈពេលទទួលទានអាហារភេសជ្ជៈផ្សេងៗ។ ជាតិហ្គាសក៏ត្រូវបានផលិតឡើងដោយសកម្មនៃបាក់តេរីក្នុងពោះវៀនលើអាហារផងដែរ។ ប្រសិនបើអ្នកមិនបញ្ចេញវាទេនោះ វានឹងបង្កផលវិបាកដល់ពោះវៀនដែលធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួន ហើយឈឺចាប់ក្នុងពោះ។
៥. ទទួលទានសូកូឡា
ការឡើង ឬលើសជាតិស្ករ និងបញ្ហាពុកធ្មេញ ជាមូលហេតុដែលធ្វើឲ្យគេនិយាយថា ការទទួលទានសូកូឡា គឺមិនល្អ។ តាមពិតទៅ សូកូឡាធ្វើមកពីកាកាវ និងរួមផ្សំជាមួយសមាសធាតុច្រើនទៀតដែលល្អចំពោះសុខភាព។ ទោះជាយ៉ាងណា ដើម្បីជៀសឆ្ងាយពីបញ្ហាមិនល្អផ្សេងៗ ចូរធ្វើការជ្រើសរើសទទួលទាននូវសូកូឡាប្រភេទណាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ។
៦. មិនងូតទឹកជាប្រចាំ
អ្នកមិនចាំបាច់ត្រូវងូតទឹករាល់ថ្ងៃ ឬញឹកញាប់ឡើយ ក៏ព្រោះការងូតទឹកច្រើនពេកអាចបណ្ដាលឲ្យស្បែកប្រែជាស្ងួតខ្លាំង ជាពិសេសនៅពេលអ្នកងូតទឹកក្ដៅ និងប្រើប្រាស់សាប៊ូមានជាតិគីមីខ្លាំង។ លើសពីនេះទៅទៀត ការងូតទឹកច្រើនអាចកម្ចាត់នូវបាក់តេរីល្អៗចេញពីស្បែកដែលជាហេតុបង្កឲ្យកើតមានបញ្ហាស្បែកផ្សេងៗ។
៧. គេងសំដិលថ្ងៃ
មូលហេតុចម្បងដែលធ្វើឲ្យការគេងហាលថ្ងៃត្រូវបានគេនិយាយថា ជាទម្លាប់អាក្រក់បំផុតនោះ គឺវាអាចបង្កឲ្យកើតមានជំងឺមហារីកស្បែក និងសញ្ញនៃភាពចាស់មុនអាយុ។ ប៉ុន្តែទម្លាប់នៃការគេងសំដិលថ្ងៃ គឺនឹងប្រែជាល្អប្រសើរ ប្រសិនបើអ្នកចេះជ្រើសរើសពេលវេលាបានត្រឹមត្រូវ។ ពេលវេលាដ៏ល្អដើម្បីទទួលបានផលប្រយោជន៍ពីការគេងសំដិលថ្ងៃ ឬការកម្ដៅស្បែកក្រោមពន្លឺព្រះទិត្យ គឺម៉ោង ១០ ព្រឹក និងម៉ោង ៤ ល្ងាច។ ក្រៅពីផ្ដល់ឲ្យអ្នកនូវស្បែកដែលមានសុខភាពល្អហើយនោះ ការគេងសំដិលថ្ងៃក៏ផលិតនូវវីតាមីន D ដែលជួយលើកអារម្មណ៍របស់អ្នក និងជម្រុញការស្រូបជាតិកាល់ស្យូមដោយឆ្អឹងផងដែរ៕