ការ៉ុត ជាបន្លែមើមមួយប្រភេទដែលមានរសជាតិឆ្ងាញ់អាចទទួលទានបានទាំងឆៅ ឬយកទៅចម្អិនធ្វើម្ហូបផ្សេងៗបានច្រើនមុខ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះតើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាស្គាល់និងឧស្សាហ៍ញ៊ាំ ប៉ុន្តែភាគច្រើននៃពួកយើងមិនសូវទទួលទានជាលក្ខណៈទឹកបន្លែស្រស់ឡើយ។ ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សុខភាព ហើយទឹកការ៉ុតស្រស់កាន់តែផ្ដល់អត្ថប្រយោជន៍បានប្រសើរថែមទៀត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានទឹកការ៉ុត ១ កែវជាប្រចាំ ៖
១. វាអាចបង្កើនការដុតរំលាយអាហារក្នុងរាងកាយ
វីតាមីន B ក្នុងទឹកការ៉ុតស្រស់មិនត្រឹមតែអាចជួយរាងកាយបំបែកជាតិខ្លាញ់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំលែងទៅជាថាមពលទៀតផង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយគ្រប់គ្រងទម្ងន់និងទប់ស្កាត់ជំងឺធាត់ជ្រុលគួរឱ្យកត់សម្គាល់។
២. វាល្អសម្រាប់សុខភាពភ្នែក
វីតាមីន A ក្នុងទឹកការ៉ុតស្រស់ គឺចាំបាច់ណាស់សម្រាប់សុខភាពភ្នែក។ វាក៏សំខាន់សម្រាប់ពណ៌និងពន្លឺទាបនៃការមើលឃើញផងដែរ ហើយវាក៏អាចការពារផ្ទៃខាងលើនៃភ្នែកថែមទៀត។ ម្យ៉ាងវិញទៀតទឹកការ៉ុតស្រស់មានផ្ទុកសារធាតុ lutein និង beta-carotene ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរមើលឃើញកាន់តែច្បាស់ ហើយជៀសផុតពីបញ្ហាភ្នែកផ្សេងៗ។ ដូច្នេះដើម្បីពង្រឹងបង្កើនសុខភាពភ្នែកនោះ វិធីដ៏ងាយមួយដែលអ្នកគួរអនុវត្តជាប្រចាំ គឺការទទួលទានទឹកការ៉ុតស្រស់។
៣. វាអាចពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ការ៉ុតមានផ្ទុកសារធាតុ carotenoids ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ សារធាតុ carotenoids គាំទ្រដល់ការលូតលាស់និងបែងចែកកោសិកា T (T-cells) ដែលជាកោសិកាគ្រាប់ឈាមសជួយការពាររាងកាយពីការឆ្លងមេរោគ។ ម្យ៉ាងវិញទៀតទឹកការ៉ុតស្រស់ក៏មានផ្ទុកវីតាមីន C ដែលល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ។
៤. វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក
ការ៉ុតជាប្រភពនៃសារធាតុចិញ្ចឹមដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយបន្សាបរ៉ាឌីកាល់សេរីដែលអាចបង្កគ្រោះថ្នាក់ដល់កោសិកានិងសូម្បីតែបំផ្លាញ DNA របស់អ្នក។ ជាតិសសៃក្នុងការ៉ុតក៏អាចជួយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទផងដែរ។
៥. ល្អសម្រាប់សុខភាពស្បែក
វីតាមីន A វីតាមីន C វីតាមីន E និងវីតាមីន K ក្នុងការ៉ុតដើរតួនាទីជួយការពារកោសិកាស្បែកពីការបំផ្លាញផ្សេងៗ រក្សាជាតិសំណើមនៃស្បែក និងទប់ស្កាត់ស្នាមខ្សែ ក៏ដូចជាស្នាមជ្រីវជ្រួញលើស្បែកផងដែរ។ ទឹកការ៉ុតស្រស់ ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន A ហើយក៏មានប្រសិទ្ធិភាពជួយព្យាបាលបញ្ហា ឬជំងឺស្បែកផ្សេងៗបានគួរឲ្យកត់សម្គាល់។ វីតាមីន C ជួយបង្កើនការផលិតកូឡាជែន ព្យាបាលស្បែកខូច និងទប់ស្កាត់ស្នាមជ្រីវជ្រួញ។ វីតាមីន E អាចការពារស្បែកពីកម្ដៅថ្ងៃនិងព្យាបាលការរលាក។ វីតាមីន K ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួស ដូចនេះវាអាចជួយបំបាត់សំលាកនិងស្នាមសង្វារ។
៦. វាល្អកំឡុងពេលមានផ្ទៃពោះ
នៅពេលមានផ្ទៃពោះរាងកាយត្រូវការអាស៊ីតហ្វូលិក (folic acid) ជាតិដែក កាល់ស្យូម វីតាមីន B វីតាមីន A និងវីតាមីន C។ ទឹកការ៉ុតស្រស់ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមទាំងនេះ។
៧. វាធ្វើឱ្យសុខភាពខួរក្បាលកាន់តែប្រសើរឡើង
សារធាតុ Beta carotene ក្នុងការ៉ុតមានឥទ្ធិពលវិជ្ជមានលើសមត្ថភាពនៃការចងចាំរបស់ខួរក្បាលដោយវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ វាក៏អាចកាត់បន្ថយផលប៉ះពាល់គ្រោះថ្នាក់នៃដំណើរការ oxidative stress ក្នុងរាងកាយចំពោះខួរក្បាលផងដែរ។
៨. វាអាចការពារសុខភាពបេះដូង
ការទទួលទានទឹកការ៉ុតស្រស់អាចពង្រឹងសុខភាពបេះដូងទប់ស្កាត់ហានិភ័យនៃជំងឺសសៃឈាមបេះដូងតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុក។ សារធាតុ polyphenols វីតាមីន និងជាតិរ៉ែក្នុងបន្លែមើមនេះក៏ជួយគ្រប់គ្រងសម្ពាធឈាមនិងបន្ថយកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់៕