Join with Health.com.kh on Telegram

ការ​គាំងបេះដូង​កើតឡើង​នៅពេល​ដែល​លំហូរ​ឈាម​សម្រាប់​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ត្រូវបាន​រាំងស្ទះ ។ ការ​ដែល​គ្មាន​វត្ត​មាន​ឈាម និង​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ផ្នែក​ណាមួយ​នៃ​បេះដូង ផ្នែក​នោះ​នឹង​ត្រូវ​ស្លាប់ ។ ជំងឺ​គាំងបេះដូង​មិន​ធ្វើអោយ​ស្លាប់​ទាំងអស់​នោះ​ទេ ។ ការ​ដែល​មាន​ការព្យាបាល​បាន​ទាន់ពេលវេលា និង​លឿន​អាច​ស្តារឡើងវិញ​នូវ​លំហូរ​ឈាម​ទៅដល់​សាច់​បេះដូង ក៏ដូចជា​សង្គ្រោះ​ជីវិត​បាន ។
​គ្រូពេទ្យ​អាច​ហៅ​ការ​គាំងបេះដូង​នេះ​ថា Myocardial Infarction ឬ MI ។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​ប្រើពាក្យ​ម្យ៉ាងទៀត​ថា Acute Coronary Syndrome សម្រាប់​បញ្ហា​គាំងបេះដូង ឬ Unstable Angina ។


​ពាក្យ​ថា Angina សម្តៅ​ទៅ​រក​ប្រភេទ​នៃ​ការ​ឈឺទ្រូង ឬ​ការ​មិន​មាន​ផា​សុខភាព​លើ​ដើមទ្រូង​ដែ​ល​កើតឡើង​នៅ​ពេល​ដែល​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​បេះ​ដូង ។ Angina អាច​បណ្តាលអោយមាន​គ្រោះថ្នាក់ ។ ដូច្នេះ​វា​គឺជា​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ការយកចិត្តទុកដាក់​លើ​ការ​ឈឺទ្រូង និង​សិក្សា​ពី​របៀប​នៃ​ការគ្រប់គ្រង​វា ព្រមទាំង​ពេលណា​ដែល​ត្រូវ​ធ្វើការ​ព្យាបាល ។
Angina មាន​ពីរ​ប្រភេទ​នោះ​គឺ​៖

  • Stable Angina គឺជា​ការ​ឈឺទ្រូង​បែប​ធម្មតា​មួយ ។ វា​កើត​ឡើង​នៅពេលដែល​បេះដូង​របស់​អ្នក​កំពុង​ធ្វើការ​ខ្លាំង និង​ត្រូវការ​អុកស៊ីសែន​ច្រើន​ដូចជា​កំពុង​ហាត់ប្រាណ ។ ការឈឺចាប់​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​សម្រាក់ ។
  • Unstable Angina គឺជា​ការ​ឈឺទ្រូង​បែប​មិន​អាច​គិត​ទុក​មុន​បាន ហើយ​ការ​សម្រាក់ ឬ​ប្រើ​ថ្នាំ Nitroglycerin ប្រហែលជា​មិន​អាច​បំបាត់​នូវ​ការឈឺចាប់​បាន​ទេ ។ គ្រូពេទ្យ​ប្រហែលជា​នឹងដាក់​រោគវិនិច្ឆ័យ​ថា Unstable Angina ប្រសិនបើ​អ្នក​មាន​បញ្ហា​ឈឺទ្រូង​លើកដំបូង ឬ​ការឈឺចាប់​របស់​អ្នក​កាន់តែ​ខ្លាំង​ទៅៗ យូរ​ទៅៗ កើត​ច្រើន​ដង ឬ​នៅ​ពេល​សម្រាក់ ។

Unstable Angina គឺជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ដែល​បញ្ជាក់ថា​ការ​គាំងបេះដូង​ប្រហែលជា​ត្រូវ​កើតមាន​ឆាប់ៗ​នេះហើយ ដូច្នេះ​វា​ត្រូវតែ​មាន​ការព្យាបាល​ភ្លាមៗ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ការ​ឈឺទ្រូង​ផ្សេងៗ​ទៀត​ចូទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។


​មូលហេតុ​

​បញ្ហា​គាំងបេះដូង​កើតឡើង​នៅ​ពេល​ដែល​លំហូរ​ឈាម​ទៅ​បេះដូង​ត្រូវ​បាន​រាំងស្ទះ ។ បញ្ហា​នេះ​ជាធម្មតា​កើតឡើង​ដោយសារ​ការ​កក​ជាតិ​ខ្លាញ់​ខ្លាំង​នៅក្នុង​សរសៃឈាម​អាកទែ Coronary ដែល​មាន​តួនាទី​សម្រាប់​ស្រោចស្រព​ឈាម​ទៅអោយ​បេះដូង ។ ប្រសិនបើ​កំណក​នោះរ​បេះ​ចេញ រាងកាយ​របស់​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ធ្វើអោយ​មាន​ការ​កកឈាម​នៅ​ជុំវិញ​កន្លែង​ដែល​របេះ​នោះ ។ កំណក​ឈាម​នេះ​អាច​ធ្វើអោយ​ស្ទះ​សរសៃឈាម​អាកទែ ដែល​បណ្តាល​អោយ​ស្ទះ​ដល់​ឈាម និង​អុកស៊ីសែន​ទៅ​បេះ​ដូង​បាន ។


​ដំណើរ​នៃ​ការបង្កបង្កើត​កំណក​នៅក្នុង​សរសៃឈាម​អាកទែ Coronary នេះ​ត្រូវបាន​គេ​អោយឈ្មោះ​ថា Coronary Artery Disease ឬ CAD ។ មនុស្ស​ជាច្រើន​មាន​កំណក​នេះ​ចាប់តាំងពី​កុមារភាព​មក​ម្លេះ ហើយ​វា​មាន​ការវិវត្តន៍​បន្ទិចម្តង់ៗ​រហូត​ក្នុង​មួយជីវិត ។ ការកកស្ទះ​នៃ​កំណកខ្លាញ់​ប្រហែលជា​រាំងស្ទះ​ដល់​លំហូរ​ឈាម​ទៅ​បេះដូង និង​ធ្វើអោយ​មាន Angina ។ ប៉ុន្តែ​ការ​ដែល​បញ្ហា​នេះ​កើតឡើង​ច្រើនដង ការ​គាំងបេះដូង​គឺជា​សញ្ញា​ដំបូង​នៃ CAD ។


​របស់​ផ្សេងៗ​ទៀត​ដូច​ជា​ការ​ប្រឹង​ហាត់ប្រាណ​ពេក ប៉ះទង្គិច​ផ្លូវចិត្ត​លឿន​ពេក ឬ​ការប្រើ​ថ្នាំញៀន​ដូចជា​កូកាអ៊ីន អាច​ជា​មូលហេតុ​ធ្វើអោយ​គាំងបេះដូង​ដែរ ។ ប៉ុន្តែ​ករណី​ជាច្រើន​មិន​មាន​ហេតុផល​ច្បាស់លាស់​នៅ​ឡើង​ទេ​ថា​ហេតុអ្វី​បានជា​ជំងឺ​គាំងបេះដូង​កើតឡើង​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដូចខាងលើ ៕