ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការស្លៀកពាក់សម្លៀកបំពាក់គេងដដែលមិនប្ដូរថ្មីចាប់ពី ២ ថ្ងៃជាប់គ្នាអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើវាអាចជះឥទ្ធិពលអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរស្លៀកពាក់ខោអាវគេងយប់ៗដដែលៗពី ២ ថ្ងៃជាប់គ្នា ៖
១. អ្នកកំពុងគេងក្នុងបរិយាកាសមួយដែលគ្មានផាសុកភាព
ប្រសិនបើអ្នកពាក់ខោអាវគេងយប់ដដែលៗនោះសាច់ក្រណាត់នឹងចាប់ផ្ដើមប្រមូលផ្ដុំនូវរាល់បាក់តេរី ព្រមទាំងកោសិកាស្បែកងាប់ៗបង្កបញ្ហាដល់សុខភាពស្បែក។ ទោះបីអ្នកបានបោកសម្អាតកម្រាលពូកស្រោមខ្នើយជាប្រចាំក៏ដោយ ក៏វាមិនស្អាតផ្ដល់ភាពស្រស់ស្រាយបានយូរដែរ! នេះក៏ព្រោះតែទាំងស្រោមខ្នើយនិងកម្រាលពូក ព្រមទាំងភួយត្រូវប៉ះផ្ទាល់នឹងសម្លៀកបំពាក់ដែលមិនទាន់បោក។ ការពាក់សម្លៀកបំពាក់ដដែលៗពីមួយយប់ទៅមួយយប់អាចបង្កបញ្ហាឆ្លងមេរោគដែលពិបាកនឹងព្យាបាល។
២. អ្នកអាចចម្លងមេរោគទៅសម្លៀកបំពាក់ដទៃ
នៅពេលអ្នកដាក់ខោអាវគេងយប់ក្នុងម៉ាស៊ីនបោកខោអាវនោះបាក់តេរីអាចតោងជាប់ទៅកាន់ខោអាវដទៃទៀតដែលនៅជាមួយគ្នា។ ប្រសិនបើអ្នកស្លៀកពាក់ខោអាវគេងយប់ដដែលសម្រាប់រយៈពេល ២ សប្តាហ៍ជាប់គ្នា នោះការបោកសម្អាតនឹងមិនអាចកម្ចាត់អស់នូវរាល់បាក់តេរីដែលជាប់ខោអាវឡើយ ហើយវាអាចនឹងតោងទៅសម្លៀកបំពាក់ដទៃទៀត។
៣. វាជះឥទ្ធិពលលើគុណភាពនៃការគេង
សម្លៀកបំពាក់ដែលមិនទាន់បានបោកសម្អាតមានជាប់ញើសនិងបាក់តេរីផ្សេងៗដែលអាចបណ្ដាលឱ្យអ្នកពិបាកគេងបានស្កប់ដោយមានអារម្មណ៍ស្កៀបរមាស់ថែមទៀត។
៤. វាអាចបណ្ដាលឱ្យបញ្ហាអាឡែកស៊ីរបស់អ្នកកាន់តែធ្ងន់ធ្ងរ
ប្រសិនបើអ្នកអាឡែកស៊ីនឹងធូលី ឬមានបញ្ហាប្រព័ន្ធផ្លូវដង្ហើមដទៃទៀត ការគេងដោយពាក់ខោអាវគេងចាស់មិនទាន់បោកសម្អាតអាចបណ្ដាលឱ្យអាការៈដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។ ពពួកសត្វល្អិតក្នុងធូលីស៊ីស្បែកងាប់ៗដែលរបក ដូច្នេះវាអាចតោងជាប់នឹងពូក ឬសម្លៀកបំពាក់របស់អ្នក ហើយបង្កបញ្ហាផ្លូវដង្ហើមផ្សេងៗ។ ប្រសិនបើអ្នកអាឡែកស៊ីនឹងធូលី ចូរផ្លាស់ប្ដូរសម្លៀកបំពាក់គេងយប់ថ្មីរាល់យប់ទើបប្រសើរ។
៥. វាអាចបង្កបញ្ហាមុន
នៅពេលអ្នកមិនផ្លាស់ប្ដូរសម្លៀកបំពាក់គេងយប់ទេនោះ បាក់តេរីនិងកោសិកាស្បែកងាប់ៗត្រូវកកកុញប្រមូលផ្ដុំក្នុងសាច់ក្រណាត់។ ជាលទ្ធផលវាអាចបង្កការរាំងស្ទះរន្ធញើសនាំឱ្យកើតមុន។ ម្យ៉ាងវិញទៀតអ្នកអាចបែកញើសនៅពេលគេង ហើយសម្លៀកបំពាក់គេងយប់បានស្រូបយកញើសនោះបង្ករោគមុន។
៦. វាមានក្លិនអាក្រក់
សម្លៀកបំពាក់គេងយប់របស់អ្នកអាចស្រូបយកញើសបង្កជាបរិយាកាសល្អបំផុតសម្រាប់បាក់តេរី។ ពួកវាលូតលាស់ក្នុងកន្លែងដែលមានសំណើមនិងងងឹត ហើយបង្កជាក្លិនមិនល្អរំខានដល់ការគេងរបស់អ្នក។
៧. វាធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ
នៅពេលអ្នកពាក់ខោអាវគេងយប់ដដែលៗពីមួយយប់ទៅមួយយប់នោះប្រព័ន្ធភាពស៊ាំរាងកាយត្រូវសកម្មជានិច្ចដើម្បីប្រឆាំងពពួកមេរោគ។ ជាលទ្ធផលប្រព័ន្ធភាពស៊ាំរាងកាយត្រូវចុះខ្សោយនាំឱ្យពិបាកនឹងការពារអ្នកពីពពួកវីរុស៕