ការហៀរទឹកមាត់ គឺសំដៅដល់ពេលដែលមានទឹកមាត់ច្រើនលើសហៀរចេញពីក្នុងមាត់មនុស្សម្នាក់ ហើយនរណាក៏ធ្លាប់ជួបប្រទះស្ថានភាពនេះយ៉ាងហោចណាស់ម្ដងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកដឹងអត់ថា ប្រសិនបើការហៀរទឹកមាត់កើតឡើងជាប្រចាំ និងមានបរិមាណច្រើននោះវាអាចជារោគសញ្ញានៃជំងឺ ឬភាពមិនប្រក្រតីណាមួយកំពុងកើតមានក្នុងរាងកាយហើយ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗកាត់បន្ថយ ឬបំបាត់អាការៈនេះ ៖

១. សម្អាតស៊ីនុសច្រមុះ

មួយក្នុងចំណោមមូលហេតុដទៃទៀតនៃការហៀរទឹកមាត់ គឺការស្ទះក្នុងច្រមុះដែលធ្វើឱ្យពិបាកដកដង្ហើមតាមច្រមុះ ហើយអ្នកនឹងចាប់ផ្ដើមដកដង្ហើមតាមមាត់វិញជាលទ្ធផលនៃការគេងហៀរទឹកមាត់។ ការសម្អាតបំបាត់ការស្ទះនៃស៊ីនុសច្រមុះ អាចជាវិធីដ៏ល្អបំផុតមួយដោះស្រាយបញ្ហានេះ។ វិធីដើម្បីបំបាត់ការស្ទះស៊ីនុសអាចជា ការងូតទឹកក្ដៅ ការប្រើប្រាស់ប្រេងកូឡាមកហិតដើម្បីឲ្យស្រួលដកដង្ហើម ឬការប្រើប្រាស់ផលិតផលផ្សេងទៀតដែលមានប្រសិទ្ធិភាពជួយឲ្យដកដង្ហើមបានស្រួលនៅពេលគេង។

២. ផ្លាស់ប្ដូរទីតាំង ឬរបៀបនៃការគេង

ការគេងផ្ងារ គឺជាទីតាំងនៃការគេងដ៏ល្អបំផុតសម្រាប់អ្នកឧស្សាហ៍គេងហៀរទឹកមាត់ ក៏ព្រោះក្នុងទឹតាំងបែបនេះទឹកមាត់ទាំងអស់ដែលផលិតដោយរាងកាយនឹងស្ថិតនៅតែក្នុងមាត់មិនអាចហៀរចេញក្រៅបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគេងផ្អៀង ឬផ្កាប់ ទឹកមាត់ដែលប្រមូលផ្ដុំក្នុងមាត់ គឺងាយនឹងហៀរចេញប្រឡាក់លើខ្នើយណាស់។

៣. ជ្រើសរើសខ្នើយឱ្យបានត្រឹមត្រូវ

ការគេងលើខ្នើយចាស់រាបស្មើអាចបណ្ដាលឱ្យក្បាលរបស់អ្នកផ្អៀងចុះក្រោម ហើយមាត់ត្រូវបើកចំហរនាំឱ្យទឹកមាត់ហៀរចេញ។ ដូច្នេះដើម្បីជាប្រសើរចូរជ្រើសរើសគេងលើខ្នើយដែលខ្ពស់ល្មមនិងអាចរក្សាក្បាលរបស់អ្នកស្ថិតក្នុងទីតាំងត្រង់មួយ។

៤. សម្រកទម្ងន់ចេញខ្លះ

ទម្ងន់ដែលច្រើនលើស ដើរតួនាទីយ៉ាងសំខាន់មួយក្នុងដំណើរការនៃការគេង។ មនុស្សភាគច្រើនទទួលរងបញ្ហានៃការស្ទះដង្ហើមពេលគេង ដោយសារតែទម្ងន់ច្រើនលើសរបស់ពួកគេ។ ការហៀរទឹកមាត់ និងការស្រមុក គឺអាការៈដែលនឹងកើតមានអមមកជាមួយនៅពេលអ្នកជួបប្រទះបញ្ហាស្ទះដង្ហើមពេលគេង (sleep apnea)។

៥. ពិនិត្យសុខភាពធ្មេញរបស់អ្នកជាប្រចាំ

ជំងឺពុកធ្មេញនិងការរលាកអញ្ចាញអាចបណ្ដាលឱ្យហៀរទឹកមាត់ហួសប្រមាណ។ អ្វីដែលអ្នកត្រូវធ្វើ គឺដុសសម្អាតធ្មេញឱ្យបានទៀងទាត់និងជ្រើសរើសប្រើប្រាស់ទឹកខ្ពុរមាត់គ្មានជាតិអាល់កុលដើម្បីកម្ចាត់បាក់តេរីនិងកាត់បន្ថយការរលាក។ អ្នកក៏ចាំបាច់ត្រូវទៅជួបទន្តពេទ្យ ឬពេទ្យធ្មេញដើម្បីប្រាកដថាសុខភាពមាត់ធ្មេញរបស់អ្នកគ្មានបញ្ហាគួរឱ្យព្រួយបារម្ភ!