ភ្នែក​ស្ងួត​កើតឡើង​នៅ​ពេល​ដែល​ភ្នែក​មិនបាន​ផលិត​ទឹកភ្នែក​គ្រប់គ្រាន់​ដើម្បី​រក្សា​សំណើម​។ បញ្ហា​នេះ​ច្រើន​កើតឡើង​ចំពោះ​ស្ត្រី ជា​ពិសេស​ក្រោយ​ពេល​លែង​មាន​រដូវ​។ នៅពេល​មនុស្ស​យើង​កាន់តែ​ចាស់​ទៅ យើង​ផលិត​ទឹកភ្នែក​កាន់តែ​តិច​។​

 វេជ្ជបណ្ឌិត អា​នី សា​មើស៍ (Anne Sumers) និយាយថា “​ភាព​ស្ងួត​នៃ​ភ្នែក​គឺ​បញ្ហា​ទូទៅ​”​។ ពាក់កណ្តាល​នៃ​មនុស្ស​ដែល​មាន​អាយុ​លើសពី ៤០​ឆ្នាំ នឹង​ជួបប្រទះ​បញ្ហា​ស្ងួត​ភ្នែក​នេះ​ក្នុង​ទម្រង់​ណាមួយ មិន​ថា​វា​កើត​ឡើង​មួយពេលៗ ឬ​ឧស្សាហ៍​កើត​នោះ​ទេ​។ គាត់​និយាយ​ថា ភាព​ស្ងួត​ភ្នែក​គឺជា​ផ្នែក​មួយ​នៃ​ការវិវត្តន៍​ទៅ​ភាព​ចាស់​។​

 ការ​ព្រិច​ភ្នែក​របស់​អ្នក​អាច​បង្កើត​ឱ្យមាន​ស្រទាប់​ត​គ្នា​បី​ជាន់​នៃ​ទឹក ប្រេង និង​រំអិល​។ នៅ​អាយុ​ប្រហែល ៤០​ឆ្នាំ ក្រពេញ​ទឹកភ្នែក​ចាប់ផ្តើម​បន្ថយ​ដំណើរការ ដែល​ផលិត​ជាតិ​ទឹក​សម្រាប់​ការពារ​ភ្នែក​ទាំង​នេះ​បាន​កាន់តែ​តិច​។ បញ្ហា​នេះ​កាន់តែ​អាក្រក់​ចំពោះ​ស្ត្រី​ក្រោយពេល​លែង​មាន​រដូវ​ព្រោះ​ការផ្លាស់ប្តូរ​អរ​ម៉ូ​ន​ធ្វើឱ្យ​ក្រពេញ​បញ្ចេញ​សារធាតុ​ទាំងនេះ​ស្ងួត ដែល​រួម​ទាំង​ទឹកភ្នែក​ផងដែរ​។​

 បញ្ហា​ភ្នែក​ស្ងួត​គឺជា​ពាក្យ​សាមញ្ញ​សម្រាប់​ហៅ​បញ្ហា​ការ​រលាក​ដែល​បង្ករ​ឱ្យមាន​អាការៈ​ដូចជា ភ្នែក​ឡើង​ក្រហម ក្តៅ​ភ្នែក រមាស់ ហូរ​ទឹកភ្នែក និង​ឆាប់​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ​។ បើ​ទោះ​ជា​ធម្មតា​វា​បង្ករ​ឡើង​ដោយ​សារភាព​ចាស់​ក៏ដោយ ប៉ុន្តែ​ភ្នែក​ស្ងួត​ក៏​អាច​បណ្តាល​មកពី​បញ្ហា​បរិយាកាស របួស​ត្រូវ​ភ្នែក ឬ​បញ្ហា​សុខភាព​ទូទៅ​ផងដែរ​។ កម្តៅ​ព្រះអាទិត្យ ខ្យល់ ភាព​ត្រជាក់ កម្តៅ​ក្នុងផ្ទះ​និង​ម៉ាស៊ីនត្រជាក់ ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ និង​ការ​ស្ថិតនៅ​ខ្ពស់​ជាង​កម្ពស់​ទឹកសមុទ្រ​ខ្លាំង​ក៏​អាច​ធ្វើឱ្យ​អ្នក​មាន​បញ្ហា​ស្ងួត​ភ្នែក​ដែរ​។​

 ក្រៅ​ពី​ស្ត្រី​លែង​មាន​រដូវ អ្នក​ដែល​ងាយ​នឹង​មាន​អាការៈ​ស្ងួត​ភ្នែក​មានដូចជា អ្នក​ពាក់​កញ្ចក់​កែវភ្នែក អ្នក​ធ្លាប់​ធ្វើ​ការវះកាត់​កែវភ្នែក និង​អ្នក​ដែល​មាន​ជំងឺ​សន្លាក់​និង​ជំងឺ​ទឹកនោម​ផ្អែម​។ វេជ្ជបណ្ឌិត ស្តេ​ហ្វឹន ហ្លាក់​ហ្វេ​ឌើ​រ (Stephen C. Pflugfelder) និយាយថា ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​បំបាត់​ការ​ហើម (decongestant) ថ្នាំ​ប្រឆាំង​ការបញ្ចេញ​អ៊ី​ស្តា​មីន ថ្នាំ diuretic ថ្នាំ​ស្ពឹក ថ្នាំ​សម្រាប់​ជំងឺ​បេះដូង ថ្នាំ​ព្យាបាល​ដំបៅ និង​ថ្នាំ​ព្យាបាល​តាម​គីមី សុទ្ធ​តែ​អាច​កាត់បន្ថយ​ការផលិត​ទឹកភ្នែក និង​បង្ករ​ឱ្យមាន​អាការៈ​ស្ងួត​ភ្នែក​។​

មិន​ថា​ភ្នែក​របស់​អ្នក​ស្ងួត​ក្នុង​កម្រិត​ណា​នោះទេ អ្នក​អាច​ធ្វើឱ្យ​ទឹកភ្នែក​ហូរ​តាម​ធម្មតា​វិញ តាម​វិធីសាស្ត្រ​ខាងក្រោម​៖

​ស្អំ​ក្រណាត់​ក្តៅ​សើ​មៗ​៖ ប្រសិនបើ​ភ្នែក​របស់​អ្នក​ឆាប់​ស្ងួត អ្នក​គួរ​យក​ក្រណាត់​ក្តៅ​សើ​មៗ​មក​ស្អំ​លើ​ត្របកភ្នែក​របស់​អ្នក ៥ ទៅ ១០​នាទី ហើយ​រក្សា​ធ្វើបែបនេះ​ពីរ​ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ ព្រោះ​វា​អាច​ជួយ​បង្កើន​ការហូរ​ទឹកភ្នែក​បាន​។​

​ប្រើ​ក្រមួន​៖ ដើម្បី​ទប់ទល់​នឹង​ករណី​ដែល​ភ្នែក​របស់​អ្នក​ស្ងួត​ខ្លាំង​មិន​អាច​ទ្រាំ​បាន​នៅពេល​ដែល​អ្នក​គេង អ្នក​គួរប្រើ​ក្រមួន​ដាក់​ភ្នែក​នៅ​ពេល​ចូល​គេង​ដើម្បី​ជួយ​បំបាត់​ការឈឺចាប់​។ ក្រមួន​ទាំងនេះ​រួមមាន ជែល​ប្រេង (petroleum jelly) និង​ប្រេង​ខនិជ​។ ពួក​ក្រមួន​មាន​ប្រសិទ្ធ​យូរ​ជាង​ពពួក​ទឹក​ថ្នាំ​បន្តក់​។​

ដើម្បី​លាប​ក្រមួន​នេះ អ្នក​ត្រូវ​ទាញ​ត្របកភ្នែក​ខាងក្រោម​ចុះក្រោម ហើយ​ភ្នែក​សម្លឹង​ទៅលើ បន្ទាប់មក​យក​ក្រមួន​បន្តិច​លាប​នៅត្រង់​ចន្លោះ​ភ្នែក​និង​ត្របកភ្នែក​។ បន្ទាប់​មក​ព្រិច​ភ្នែក​ដើម្បីឱ្យ​ក្រមួន​លាប​សព្វ​ពេញ​ភ្នែក​។ វា​អាច​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​ស្រវាំង​បន្តិច ដូច្នេះ​អ្នក​គួរតែ​ប្រើ​វា​នៅ​ពេល​ដែល​អ្នក​រៀប​ចូល​គេង​។​

​ឈប់​ប្រើ​កញ្ចក់​កែវភ្នែក​សិប្បនិម្មិត​៖ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ភ្នែក​ស្ងួត​ឬ​រោល អ្នកគួរ​ដោះ​កញ្ចក់​កែវភ្នែក​សិប្បនិម្មិត​នោះ​ចេញ​។ កញ្ចក់​កែវភ្នែក​សិប្បនិម្មិត​គឺជា​អេ​ប៉ុ​ង ហើយ​វា​អាច​ស្រូបយក​ទឹកភ្នែក​ធម្មជាតិ​និង​ទឹកភ្នែក​ដែល​យើង​បន្តក់​ទៅ​។ នៅពេល​ដែល​ទឹក​ភ្នែកមាន​ក្នុង​ភ្នែក​កាន់តែ​តិច កញ្ចក់​កែវភ្នែក​សិប្បនិម្មិត​នឹង​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​កាន់តែ​ស្ងួត រោល ឆាប់​ប្រតិកម្ម​នឹង​ពន្លឺ និង​ឡើង​ក្រហម​។​

ដូច្នេះ​អ្នក​គួរ​ឈប់​ប្រើ​កែវភ្នែក​សិប្បនិម្មិត​ជា​បណ្តោះអាសន្ន ហើយ​ឧស្សាហ៍​ប្រើ​ទឹក​ថ្នាំ​បន្តក់​ភ្នែក នោះ​ភ្នែក​របស់​អ្នក​នឹង​បាន​ប្រសើរ​ជាង​មុន​។​

​ប្រើ​វ៉ែនតា​៖ ដោយសារ​តែ​ខ្យល់​និង​កម្តៅ​ព្រះអាទិត្យ​អាច​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​កាន់តែ​ស្ងួត ដូច្នេះ​អ្នក​គួរប្រើ​វ៉ែនតា​ការពារ​កម្តៅថ្ងៃ ឬ​វ៉ែនតា​ដែល​មាន​ស៊ុម​ធំៗ​ដែល​អាច​ការពារ​ភ្នែក​របស់​អ្នក​ល្អ​។​

​មិន​ត្រូវ​ឱ្យ​កម្តៅ​ឬ​ខ្យល់​ត្រជាក់​ប៉ះ​ត្រូវ​ភ្នែក​៖ កម្តៅ​ឬ​ខ្យល់​ម៉ាស៊ីនត្រជាក់​ប្រហែល​ជា​អ្វី​ដែល​ធ្វើឱ្យ​រាង្គ​កាយរ​បស់​អ្នក​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ប្រសិនបើ​ខ្យល់​ឬ​កម្តៅ​នោះ​ប៉ះ​ត្រូវ​នឹង​ភ្នែក​របស់​អ្នក​ផ្ទាល់ វា​អាច​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​កាន់តែ​ស្ងួត​។ ប្រសិនបើ​អ្នក​មាន​ភ្នែក​ស្ងួត ហើយ​អ្នក​នៅ​ជិត​ម៉ាស៊ីនត្រជាក់ អ្នក​ត្រូវ​បែរ​ឱ្យ​ខ្យល់​បាញ់​ចុះក្រោម​។​

​ខ្យល់​ធម្មជាតិ​៖ បើក​បង្អួច​របស់​អ្នក ដើម្បី​ឱ្យ​ខ្យល់​ធម្មជាតិ​ចេញចូល​បាន​ស្រួល​។ វា​អាច​ធ្វើឱ្យ​សំណើម​ដែល​យើង​ត្រូវការ​មាន​ច្រើន​នៅក្នុង​បន្ទប់​ដែល​យើង​នៅ ដែល​អាច​ជួយ​ដល់​ភ្នែក​របស់​អ្នក​បាន​។​

​ផ្សាភ្ជាប់​ទៅនឹង​ធម្មជាតិ​៖ អ្នកគួ​រទិញ​រុក្ខជាតិ​តូចៗ​ដាក់​ក្នុង​បន្ទប់ ត្រង់​កន្លែង​ដែល​អ្នក​ឧស្សាហ៍​ចំណាយពេល ព្រោះ​វា​អាច​ជួយ​បង្កើន​ភាព​សំណើម​ក្នុង​បន្ទប់​របស់​អ្នក​។​

​ជៀសវាង​កំហុសឆ្គង​ទូទៅ​៖ មនុស្ស​ជាច្រើន​នៅពេល​ដែល​ភ្នែក​របស់​ពួកគេ​ចាប់ផ្តើម​ស្ងួត​និងរ​មាស់ ពួកគេ​ច្រើន​តែ​ប្រញាប់​ទៅ​ទិញ​ថ្នាំ​ប្រឆាំង​ការបញ្ចេញ​អ៊ី​ស្តា​មីន​ភ្លាមៗ ប៉ុន្តែ​ថ្នាំ​នេះ​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​ដែល​កំពុង​តែ​ស្ងួត​នឹង​ស្ងួត​កាន់តែ​ខ្លាំង​ជាង​មុន​។​

​ព្រិច​ភ្នែក​ឱ្យបាន​ច្រើន​៖ វេជ្ជបណ្ឌិត ហ្វី​លីព ខា​លេន​ដា (Phillip J. Calenda) និយាយថា ប្រសិនបើ​ការងារ​របស់​អ្នក​គឺជា​ការងារ​ដែល​ត្រូវ​អង្គុយ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរ អ្នក​ត្រូវ​ឧស្សាហ៍​ព្រិច​ភ្នែក​របស់​អ្នក​។ អ្នក​អាច​ធ្វើឱ្យ​សំណើម​ក្នុង​ភ្នែក​ហួត​ទៅ​កាន់តែ​លឿន​ដោយ​ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរពេក និង​មិន​បាន​ព្រិច​ភ្នែក​តាម​ដែល​អ្នក​គួរ​ព្រិច​។ ការ​សម្រាក​រយៈពេល ៥​នាទី ពី​ការមើល​អេក្រង់​កុំព្យូទ័រ​ហើយ​សម្លឹងមើល​ទៅ​កាន់​ទី​ឆ្ងាយ​ដោយ​មិន​សម្លឹង​មើល​សៀវភៅ​ឬ​របស់​អ្វី​ដែល​នៅ​ជិត​ខ្លួន អាច​ជួយ​ឱ្យ​ភ្នែក​របស់​អ្នក​ព្រិច​កាន់តែច្រើន​។​

​រក្សា​កម្ពស់​ក្បាល​ឱ្យ​ស្មើ​៖ ដាក់​អេក្រង់​កុំព្យូទ័រ​ឱ្យ​ស្មើ​នឹង​ភ្នែក​របស់​អ្នក ដូច្នេះ​ភ្នែក​អ្នកនឹង​សម្លឹង​ត្រង់​ឬ​សម្លឹង​ចុះ​បន្តិច​ទៅ​អេក្រង់​កុំព្យូទ័រ​។ ប្រសិនបើ​ភ្នែក​របស់​អ្នក​សម្លឹង​ឡើងលើ នោះ​មានន័យ​ថា​ភ្នែក​របស់​អ្នក​បើក​កាន់តែ​ធំ​ដែល​ធ្វើឱ្យ​សំណើម​ស្ងួត​កាន់តែ​លឿន​។​