ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រៅពីជួយ​បង្កើនឱជារសនៃអាហារហើយនោះ ម៉ាយូណេស ឬMayonnaise អាចត្រូវបានប្រើជាផលិតផលព្យាបាលបញ្ហាសម្រស់ផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន E វីតាមីន K ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពសក់ ស្បែក និងក្រចក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តប្រើប្រាស់ម៉ាយូណេសព្យាបាលសក់ ៖

១. ម៉ាយូណេសនិងស៊ុត

រូបមន្តនេះជួយឱ្យសក់រឹងមាំ កាត់បន្ថយការបាក់ចុង ​និងព្យាបាលសក់ខូច។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុត ២ គ្រាប់ជាមួយម៉ាយូណេស ៥ ស្លាបព្រាបាយចូលគ្នាឱ្យសព្វ។ លាបល្បាយលើសក់ចាប់ផ្ដើមពីគល់ដល់ចុង។ រងចាំសម្រាប់រយៈពេល ២០ នាទី សឹ​មកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

២. ម៉ាយូណេសនិងទឹកឃ្មុំ

ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងបាក់តេរី សារធាតុប្រឆាំងរោគផ្សិត និងសារធាតុប្រឆាំងវីរុស។ វាជួយឱ្យសុខភាពសក់និងស្បែកក្បាលកាន់តែមានភាពប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាយូណេសកន្លះពែងជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយនិងទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយ។ លាបល្បាយលើសក់ដោយចាប់ផ្ដើ​មពីគល់សក់ទៅចុងនៃសក់។ រងចាំស​ម្រាប់រយៈពេលពី ៣០ ទៅ ៤៥ នាទី។ កក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយខែ។

៣. ម៉ាយូណេសនិងអូលីវ

ជួយផ្ដល់សំណើមដល់ស្បែកក្បាលនិងសក់។ រូបមន្តនេះល្អសម្រាប់ធ្វើជាក្រែមបន្ទន់សក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាយូណេសកន្លះពែងនិងប្រេងអូលីវកន្លះពែង។ កូរឱ្យសព្វ សឹមលាបល្បាយពីគល់ដល់ចុងនៃសក់។ រងចាំសម្រាប់រយៈពេល ៣០ នាទី។ កក់ស​ម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។

៤. ម៉ាយូណេសនិងផ្លែបឺរ

រូបមន្តនេះល្អសម្រាប់ព្យាបាលនិងការពារសក់ពីការខូចខាត។ វាក៏ជួយដោះស្រាយបញ្ហាសក់ស្ងួតផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម៉ាយូណេស ១ ពែងជាមួយផ្លែបឺរទុំម្ខាង។ កិនផ្លែបឺរឱ្យម៉ដ្ឋជាមួយម៉ាយូណេស រួចលាបលើសក់ចាប់ផ្ដើមពីគល់ដល់ចុងនៃសក់។ រងចាំសម្រាប់រយៈពេល ២០ នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តពី ៣ ទៅ ៤ ដងក្នុងមួយខែ។

៥. ម៉ាយូណេសនិងផ្លែចេក

ព្យាបាលសក់ខូចនិងកាត់បន្ថយបញ្ហាសក់ជ្រុះ ព្រមទាំងរក្សាភាពភ្លឺរលោង ហើយរស់រវើកផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែចេកទុំ ២ ផ្លែជាមួយម៉ាយូណេស ២ ស្លាបព្រាបាយ និងប្រេងអូលីវ ១ ស្លាបព្រាបាយ។ លាយកិនល្បាយទាំងអស់ចូលគ្នាឱ្យសព្វ សឹមលាបលើសក់ដោយចាប់ផ្ដើមពីគល់ដល់ចុងនៃសក់។ រងចាំសម្រាប់រយៈពេល ៤៥ នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង