មិនចូលចិត្តភាពរអិលៗលើស្បែកក្រោយពេលលាបឡេការពារកម្ដៅថ្ងៃមែនទេ? កុំបារម្ភ! អ្នកមិនចាំបាច់ប្រើប្រាស់ផលិតដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យនេះច្រើនទៀតទេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការស្ថិតនៅក្នុងម្លប់ ស្លៀកពាក់ខោអាវជិតស្បែក និងប្រើប្រាស់សម្ភារៈការពារកម្ដៅថ្ងៃហើយនោះ ការរួមបញ្ចូលរបបអាហារមួយចំនួនក៏ជួយការពារស្បែកពីពន្លឺព្រះអាទិត្យទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បែកនិងបញ្ហាស្បែកចាស់ជាងវ័យដោយសារការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ ៖
១. ប៉េងប៉ោះ
នេះក៏ព្រោះតែប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុ flavanols និង lycopene ដែលមិនត្រឹមតែជួយការពារស្បែកពីកម្ដៅថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។
២. សណ្ដែកសៀង
មានផ្ទុកសារធាតុ isoflavones ដែលអាចបង្កើនការផលិតកូឡាជែនជួយពន្យឺតភាពចាស់តាមវ័យនៃស្បែកដូចជាស្នាមជ្រីវជ្រួញនិងជំងឺមហារីក។ អាហារនេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន E ដែលចាំបាច់សម្រាប់ការពារស្បែកទៀតផង។
៣. តែបៃតង
សារធាតុ Catechins និង tannins ក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរ ចូរទទួលទានតែបៃតងអោយបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។
៤. ឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹក វីតាមីន A វីតាមីន C និងសារធាតុប្រយុទ្ធប្រឆាំងជំងឺមហារីក lycopene។ ការទទួលទានឪឡឹកពិតជាអាចជួយឱ្យរាងកាយមានសមត្ថភាពពេញលេញក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃកម្ដៅថ្ងៃ។
៥. ប្រេងអូលីវ
នេះក៏ព្រោះតែប្រេងអូលីវមានផ្ទុកអាស៊ីតខ្លាញ់ល្អដែលប្រយុទ្ធប្រឆាំងការរលាកនិងការបំផ្លាញសុខភាពស្បែកបានយ៉ាងប្រសើរ៕