អ្វីដែលអ្នកទទួលទានអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបការជ្រើសរើសអាហារបានត្រឹមត្រូវនឹងជួយឱ្យអ្នក
ជៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ ថាតើអាហារប្រភេទណាខ្លះទៅដែលអាចបង្កអាការៈនៃជំងឺរលាកសន្លាក់ឆ្អឹងកាន់តែធ្ងន់ធ្ងរឡើង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកជំងឺរលាកសន្លាក់ឆ្អឹងគួរចៀសវាង ៖
១. អាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ខ្ពស់
ការទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ខ្ពស់ច្រើនពេកអាចបង្កអតុល្យភាពជាមួយអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរាងកាយ។ ការលើសអាស៊ីតខ្លាញ់អូមេហ្កា ៦ អាចបណ្ដាលឱ្យរាងកាយផលិតសារធាតុគីមីបង្កការរលាក។ ជាលទ្ធផលសន្លាក់នឹងឈឺចាប់៕
២. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
បើទោះជាអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងក៏ដោយ ក៏ប៉ុន្តែផលិតផលអាហារទាំងនេះអាចបង្កការរលាកដល់ជាលិកាទន់ៗនៃសន្លាក់។ ដូច្នេះប្រសិនបើសន្លាក់របស់អ្នកតែងឈឺចាប់ រលាក និងឡើងរឹងជាប្រចាំនោះ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោសិន។
៣. អាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។
៤. អាហារនិងភេសជ្ជៈផ្អែម
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនពេកក៏អាចបង្កបញ្ហាឈឺសន្លាក់ផងដែរ។ នោះក៏ព្រោះតែជាតិស្ករអាចបណ្ដាលឱ្យការរលាកកើតមានឡើង។
៥. អាហារចៀនបំពងគ្រប់ប្រភេទ
អាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ច្រើនដែលអាចបង្កការរលាកគួរឱ្យកត់សម្គាល់។ ការរលាកនេះហើយដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់។
៦. អាហារកែច្នៃ
អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយសារធាតុគីមី ជាតិសូដ្យូម និងស្ករខ្ពស់ដែលអាចបង្កការរលាកក្នុងសន្លាក់នាំឱ្យឈឺចាប់បានយ៉ាងងាយ។
៧. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចបង្កបញ្ហាសុខភាពជាច្រើនក្នុងនោះរួមបញ្ចូលទាំងការឈឺចាប់សន្លាក់។ នោះក៏ព្រោះតែគ្រឿងស្រវឹងមានផ្ទុកជាតិពុលដែលអាចបង្កការរលាកក្នុងសន្លាក់និងធ្វើឱ្យសន្លាក់ស្ងួតផងដែរតាមរយៈលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ អ្នកដែលមានបញ្ហាសន្លាក់មិនគួរទទួលទានគ្រឿងស្រវឹងឡើយទោះក្នុងកម្រិតមធ្យមក៏ដោយ។
៨. កាហ្វេ
វាជាការប្រសើរចំពោះសុខភាព ប្រសិនបើអ្នកទទួលទានកាហ្វេត្រឹមតែពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកទទួលទានវាលើសពីនេះ កាហ្វេនឹងបណ្ដាលឱ្យមានបញ្ហាអាក្រក់ជាច្រើនកើតឡើងចំពោះសុខភាព។ ក្រៅពីបញ្ហាថប់បារម្ភឈឺក្បាលនិងហានិភ័យនៃជំងឺ
បេះដូងហើយនោះ ការចុះខ្សោយនៃឆ្អឹង និងបញ្ហាឈឺសន្លាក់ ក៏អាចជាលទ្ធផលនៃការទទួលទានកាហ្វេច្រើនពេកផងដែរ។ បញ្ហានេះកើតឡើងដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កការរលាក និងថែមទាំងបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ៕