Join with Health.com.kh on Telegram

ជំងឺ​រលាក​ស្រោម​បេះដូង​គឺជា​ការឡើង​ហើម និង​រលាក​ស្រោម​បេះដូង (​ជា​ភ្នាស់​ថង​ដ៏​ស្តើង​មួយ​សំរាប់​ព័ទ្ធជុំវិញ​បេះដូង​) ។ ការ​រលាក​ស្រោម​បេះដូង​ច្រើន​បង្ក​អោយ​មាន​ការឈឺ​ដើមទ្រូង និង​ពេលខ្លះ​បង្ក​អោយ​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត ។ ការ​រលាក​ស្រោម​បេះដូង​ជាធម្មតា​កើតឡើង​ភ្លាមៗ និង​រយៈពេល​ខ្លី ។​
 

​នៅពេល​រោគសញ្ញា​មាន​ការវិវត្តន៍​បន្តិច​ម្តង់ៗ ឬ​នៅ​ជាប់​រហូត ការ​លាក់​ស្រោម​បេះដូង​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ ។ ការឈឺ​ដើមទ្រូង​ជា​លក្ខណៈ​ដូច​មុត​អាច​កើតឡើង​នៅពេលដែល​មាន​ការ​រលា​ក​ដល់​ស្រទាប់​ទាំងពី​របស់​ស្រោម​បេះដូង​នៅពេល​កកិត​គ្នា ។​

ចំពោះ​ការ​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ​ជាធម្មតា​កើតឡើង​តិចជាង​ពីរ​បី​សប្តាហ៍ ហើយ​ករណី​រ៉ាំរ៉ៃ​វិញ​ច្រើន​តែ ៦​ខែ​ឡើង​ទៅ ។​

ប្រសិនបើ​អ្នក​មាន​បញ្ហា​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ រោគសញ្ញា​ដែល​ច្រើន​តែ​កើតមាន​បំផុត​គឺ​ការឈឺ​ជា​លក្ខណៈ​មុត ឬ​ពឺត​នៅ​ខាងក្រោយ​ឆ្អឹងជំនី​ដើមទ្រូង​ខាងឆ្វេង ។ ទោះជា​យ៉ាងណា​ក៏ដោយ មនុស្ស​មួយចំនួន​ដែល​មាន​បញ្ហា​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ​ច្រើន​ប្រាប់​ពី​សញ្ញា​របស់​ពួកគេ​ថា​មាន​ការ​ឈឺទ្រូង​ដូចជា​ណែនៗ រមាស់ ឬ​មាន​សម្ពាធ​អ្វីមួយ ហើយ​ការឈឺ​នោះ​មាន​ភាពប្រែប្រួល​ទៅតាម​មនុស្ស​ម្នាក់ៗ ។​

ការឈឺចាប់​ដោយសារ​ការ​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ​ប្រហែលជា​រាលដាល​ទៅ​ដល់​ស្មា និង​ក​ខាងឆ្វេង​ទៀតផង ។ វា​ច្រើនតែ​ឈឺ​ខ្លាំង​នៅ​ពេល​អ្នក​ដេក ឬ​ដកដង្ហើម​ជ្រៅ ។ ការ​ក្អក ដកដង្ហើម​ជ្រៅ ឬ​ការ​លេប​ចំណីអាហារ​ក៏​ប្រហែល​ជា​ធ្វើអោយ​ឈឺចាប់​កាន់តែខ្លាំង ។ ការ​អង្គុយ​នៅ​ស្អៀម​ច្រើន​តែ​អាច​បំបាត់​ការឈឺចាប់​បាន ។ វា​ប្រហែលជា​មាន​ការពិបាក​ក្នុង​ការញែក​អោយដាច់​រវាង​ការឈឺ​ស្រោម​បេះដូង​ពី​ការឈឺ​បណ្តាលមកពី​ការ​គាំងបេះដូង​ណាស់ ។​

ការ​រលាក​ស្រោម​បេះដូង​រ៉ាំរ៉ៃ​ជាធម្មតា​មានការ​ទាក់ទង​នឹង​ការ​រលាក់​រ៉ាំរ៉ៃ និង​មក​ពី​ការដក​ទឹក​ក្នុង​ស្រោម​បេះដូង (Pericardial Effusion) ។ រោគសញ្ញា​ភាគច្រើន​នៃ​ការ​រលាក​ស្រោម​បេះដូង​រ៉ាំរ៉ៃ​គឺ​ឈឺ​ទ្រូង ។​

យោង​ទៅ​តាម​ប្រភេទ និង​រោគសញ្ញា​នៃ​ការ​រលាក​ស្រោម​បេះដូង​ប្រហែលជា​មាន​បញ្ហា​មួយចំនួន​ដូចខាងក្រោម​នេះ​៖
– ការ​ឈឺ​មាន​សភាព​ដូចជា​មុត​នៅ​ចំ​កណ្តាល ឬ​ផ្នែក​ខាងឆ្វេង​នៃ​ទ្រូង​
– ពិបាក​ដកដង្ហើម​នៅពេល​តម្រេត​ខ្លួន​
– មិនសូវ​ក្តៅខ្លួន​ខ្លាំង​
– អ្វីៗ​ទាំងអស់​គឺ​ខ្សោយ អស់កម្លាំង ឬ​មាន​អារម្មណ៍​ថា​មាន​ជំងឺ​
– ក្អក​ស្ងួត​
– ហើម​ពោះ ឬ​ជើង​

ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
​ចូរ​ស្វែងរក​សេវា​ថែទាំ​វេជ្ជសាស្ត្រ​អោយបាន​លឿន​បំផុត​ប្រសិនបើ​អ្នក​កើត​មាន​រោគ​សញ្ញា​ថ្មី​ក្រៅពី​ឈឺទ្រូង ។​

រោគសញ្ញា​ជាច្រើន​របស់​ការ​រលាក​ស្រោម​បេះដូង​មាន​សភាព​ស្រដៀង​គ្នា​នឹង​សញ្ញា​នៃ​ជំងឺ​បេះដូង និង​សួត​ដែរ ។ កាលណា​ដែល​អ្នក​មាន​ការវាយតម្លៃ​កាន់តែ​ឆាប់ ការទទួលបាន​នូវ​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹមត្រូវ​ក៏​កាន់តែ​លឿន​ដែរ ។ ឧទាហរណ៍ ថ្វី​បើ​មូលហេតុ​នៃ​ការ​ឈឺទ្រូង​អាច​ប្រហែល​ជា​ការ​រលាក់​ស្រោម​បេះដូង​ក៏ពិតមែន តែ​មូលហេតុ​ពិត​ប្រាក់​ក៏​អាច​ជា​ការ​គាំងបេះដូង ឬ​ការ​មាន​កំនក​ឈាម​ក្នុង​សួត​ដែរ (Pulmonary Embolus)៕