រោគសញ្ញាជំងឺឈាមក្រកកមានភាពប្រែប្រួលមិនទៀងទាត់ទេអាស្រ័យទៅតាមចំនួនកង្វះនៃ Clotting Factor ដែលជាប្រូតេអ៊ីនធ្វើអោយឈាមកក។ បើសិនជាកម្រិតរបស់វាទាបខ្លាំង អ្នកប្រហែលជាអាចមានការហូរឈាមភ្លាមៗ។ បើសិនជាកម្រិតនោះចុះទាបបន្តិច ឬក្នុងកម្រិតមធ្យម អ្នកប្រហែលជាមានការហូរឈាមតែក្រោយពេលវះកាត់ ឬរបួសអ្វីប៉ុណ្ណោះ។
រោគសញ្ញានៃការហូរឈាមភ្លាមៗមានដូចជា៖
- ស្នាមជាំច្រើនធំៗ ឬជ្រៅៗ
- ឈឺសន្លាក់ ហើមសន្លាក់ដោយសារតែការហូរឈាមនៅខាងក្នុង
- ហូរឈាមខ្លាំងក្លា ឬជាំខ្លាំងក្លាដោយមិនដឹងមូលហេតុ
- មានឈាមក្នុងទឹកនោម ឬលាមក
- បន្តហូរឈាមជាប់ពេលកាច់ស្បែក ឬរបួស ឬក្រោយពេលវះកាត់ ឬដកធ្មេញ
- ឈាមច្រមុះដោយមិនដឹងមូលហេតុ
- តឹងសន្លាក់
- ចំពោះកូនក្មេងទើបកើត អាចមានលក្ខណៈយំដោយមិនមានហេតុផល
- ហូរឈាមមិនធម្មតាក្រោយពីចាក់វ៉ាក់ស៊ាំងរួច
រោគសញ្ញាប្រកាសអាសន្នរបស់ជំងឺឈាមក្រកកមានដូចជា៖
- ឈឺចាប់, ហើម និងក្តៅសន្លាក់ធំៗដូចជា ជង្គង់, កែងដៃ, សន្លាក់ត្រគៀក និងស្មារភ្លាមៗ, ឈឺសាច់ដុំដៃ និងជើងផងដែរ
- ការហូរឈាមចេញពីកន្លែងមានរបួស ជាពិសេសបើសិនជាអ្នកមានទម្រងជំងឺឈាមក្រកកធ្ងន់ធ្ងរ
- ឈឺក្បាលខ្លាំងក្លា
- ក្អួតម្តងហើយម្តងទៀត
- អស់កម្លាំងខ្លាំង
- ឈឺក
- ភ្នែកមើលឃើញពីរៗ
ទារកដែលមានជំងឺឈាមក្រកក
ពេលដំបូង ក្មេងដែលមានជំងឺឈាមក្រកកច្រើនតែមិនមានបញ្ហាអ្វីទាក់ទងនឹងជំងឺនេះនោះទេ។ ប៉ុន្តែចំពោះទារកដែលចាប់ផ្តើមចេះវា, ធ្លាក់ពីទីខ្ពស់ ឬដួល វានឹងអាចមានការជាំស្បែកកើតមានឡើង។ នេះហើយគឺជាការហូរឈាមក្នុងជាលិការទន់ៗ ហើយវាប្រហែលជាកើតមានច្រើនដងកាលណាក្មេងនោះរពិសកាន់តែច្រើន។
ពេលជួបគ្រូពេទ្យ
បើសិនជាអ្នកមានផ្ទៃពោះ ឬចង់មានផ្ទៃពោះ ហើយគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺឈាមក្រកកទៀត ចូរនិយាយជាមួយគ្រូពេទ្យអំពីរឿងនេះទៅ។ អ្នកប្រហែលជាអាចបញ្ជូនទៅអោយជួបនឹងអ្នកឯកទេសខាងជំងឺហ្សែន ឬខាងជំងឺឈាម ព្រោះពួកគេអាចជួយកំណត់ថាតើអ្នកអាចផ្ទុកជំងឺឈាមក្រកកឬក៏មិនមែន។ បើសិនជាអ្នកផ្ទុកជំងឺ យកល្អគួរតែធ្វើតេស្តលើទារកក្នុងពេលមានផ្ទៃពោះដើម្បីកំណត់ថាតើវាបង្កដោយជំងឺដែរឬអត់។
បើសិនជាអ្នកមានកូនប្រុស ការហូរឈាមជាប់ក្រោយពីកាត់ចុងហើយប្រហែលជាសញ្ញាបញ្ជាក់ជំងឺឈាមក្រកកដំបូងគេហើយ។ ចំពោះក្មេងស្រី និងប្រុសដែលមិនកាត់ចុង គឺងាយនឹងជាំស្បែកនៅពេលពួកគេធ្វើចលនាអ្វីមួយ។ ការហូឈាមដំបូងគេជាទូទៅកើតឡើងពេលក្មេងអាយុបានពីរឆ្នាំ។ បើសិនជាកូនរបស់អ្នកងាយនឹងជាំស្បែកពេលធ្វើចលនារាងកាយច្រើននោះ ចូរនាំគេទៅពិគ្រោះជាមួយគ្រូពេទ្យទៅ៕