សក់ខូចមិនជាបញ្ហាទៀតឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងរាវចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់ ១៥ ស្លាបព្រាកាហ្វេ ប្រសិនបើអ្នកមានសក់ពណ៌ស្រាល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើសក់ និងទុកចោលសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតចេញដូចធម្មតា។
២. ម៉ាយូណេស (Mayonnaise)
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាម៉ាយូណេសលើស្បែកក្បាលនិងចាប់ផ្ដើមលាបវាពីគល់ដល់ចុងនៃសក់។ រងចាំសម្រាប់រយៈពេលប្រហែល ៣០ នាទី សឹមលាងសម្អាតចេញនិងប្រើក្រែមបន្ទន់សក់ដូចពេលធម្មតា។
៣. ស៊ុត ក្រូចឆ្មារ ម៉ាយូណេស និងប្រេងអូលីវ
រូបមន្តនេះល្អសម្រាប់ស្បែកក្បាលរមាស់និងមានបញ្ហាអង្គែ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ១ ឬ ២ គ្រាប់ក្នុងចានគោមមួយ។ បន្ថែមទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេ ម៉ាយូណេស ២ ស្លាព្រាកាហ្វេ និងប្រេងអូលីវ ២ ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលនិងសក់ដែលសើម រួចរងចាំសម្រាប់រយៈពេល ១៥ នាទី។ កក់សម្អាតសក់ជាមួយសាប៊ូដូចពេលធម្មតា។
៤. ផ្លែបឺរ
រូបមន្តនេះសាកសមបំផុតសម្រាប់អ្នកមានបញ្ហាសក់ជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរដែលកិនរួច ១ ផ្លែជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៤៥ នាទី មុនពេលលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
៥. ផ្លែចេក
កិនចេកទុំមួយផ្លែឱ្យម៉ដ្ឋលាយជាមួយប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញ រួចកក់សម្អាតសក់ជាមួយសាប៊ូនិងប្រើក្រែមបន្ទន់ដូចពេលធម្មតា។
៦. ប្រទាលកន្ទុយក្រពើ
រូបមន្តប្រទាលកន្ទុយក្រពើ គឺល្អណាស់សម្រាប់ជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។
៧. ល្ហុង
អ្វីដែលអ្នកត្រូវការ គឺល្ហុងទុំប៉ុន្មានចំណិត ប្រេងអូលីវ ១ ស្លាបព្រាបាយ និងប្រេងដូង ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនក្រឡុកល្ហុងជាមួយប្រេងអូលីវឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមបន្ថែមប្រេងដូងចូលដើម្បីឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់ដូចពេលធម្មតា។
៨. ប្រេងអូលីវ
កម្ដៅប្រេងអូលីវកន្លះពែងរហូតក្ដៅឧណ្ហៗ ប៉ុន្តែមិនដល់ពុះ រួចទុកឱ្យចុះត្រជាក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមចាប់ផ្ដើមលាបប្រេងលើសក់។ បន្ទាប់មកគ្របសក់របស់អ្នកសម្រាប់រយៈពេល ៤៥ នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូដូចធម្មតា៕