ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការជក់បារីអាចបង្កបញ្ហាគួរឱ្យព្រួយបារម្ភលើសុខភាពសួត ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាវាអាចបង្កគ្រោះថ្នាក់ផ្សេងទៀតចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលមិនគួរជក់បារី ៖
១. ជះផលប៉ះពាល់ដល់សុខភាពខួរក្បាលនិងការចងចាំ
សារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូចដោយលំហូរឈាមដឹកជញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលក៏ត្រូវថយចុះ ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។
២. ហានិភ័យនៃជំងឺបេះដូង
ទាំងការជក់បារីនិងការហិតផ្សែងបារីសុទ្ធតែជាកត្តាគ្រោះថ្នាក់ដែលអាចបង្កបញ្ហាសុខភាពជាច្រើនចំពោះសួតនិងបេះដូង។ ដើម្បីជាការប្រសើរចូរបញ្ឈប់ការជក់បារីនិងការពារខ្លួនពីការហិតផ្សែងបារីអ្នកដទៃ។ ដូច្នេះនៅពេលឈប់ជក់បារីហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។
៣. គេងស្រមុក
ធ្លាប់ដឹងទេថាទម្លាប់នៃការជក់បារីក៏អាចបណ្ដាលឱ្យអ្នកគេងស្រមុក? អ្នកជក់បារីកាន់តែច្រើនដើមប៉ុណ្ណាក្នុងមួយថ្ងៃ សម្លេងស្រមុកក៏នឹងលឺខ្លាំងតាមនោះដែរ! ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមផ្ដាច់បារី។ ការជក់បារីបង្កការស្ទះផ្លូវដង្ហើមដោយបង្កការរលាកដល់ភ្នាសក្នុងច្រមុះនិងបំពង់ក។
៤. ហានិភ័យនៃបញ្ហាថ្លើម
ការជក់បារីជាប្រចាំអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពថ្លើម ក៏ដូចជាសមត្ថភាពក្នុងការបំពេញមុខងារ។ ការជក់បារីផលិតនូវសារធាតុគីមីគ្រោះថ្នាក់ដែលបំផ្លាញកោសិកាថ្លើម និងពន្យឺតដំណើរការនៃមុខងាររបស់ថ្លើមដែលធ្វើឲ្យថ្លើមប្រែជាគ្មានប្រយោជន៍ ហើយបណ្ដាលឲ្យខ្សោយថ្លើម។ ដូច្នេះចូរព្យាយាមបញ្ឈប់ ឬកែប្រែទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីរក្សាបាននូវសុខភាពល្អ។
៥. ឈឺសន្លាក់
បារីមានផ្ទុកសម្បូរទៅដោយសារធាតុពុលច្រើនប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់កោសិកាគ្រាប់ឈាមនិងបំផ្លាញសសៃឈាម។ ជាលទ្ធផលសន្លាក់នឹងមិនអាចទទួលបានការផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹមដែលដឹកនាំដោយឈាមគ្រប់គ្រាន់។ លើសពីនេះទៅទៀតការជក់បារីក៏បន្ថយប្រសិទ្ធភាពនៃថ្នាំមួយចំនួនសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ផងដែរ។
៦. ហានិភ័យនៃបញ្ហាតម្រងនោម
ទម្លាប់នេះមិនត្រឹមតែបង្កបញ្ហាដល់តម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង! នេះក៏ព្រោះតែការជក់បារីអាចបង្កជំងឺលើសសម្ពាធឈាមដែលបណ្ដាលអោយមានការកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម៕