រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​៧​នាក់ ដែល​ក្នុង​នោះ​មាន​៦​នាក់ ជា​ក្រុម​គ្រួសារ​លោក ឆែម សា​វុ​ធ អគ្គនាយក​ពន្ធនាគារ​ក្រសួងមហាផ្ទៃ និង​ម្នាក់​ទៀត​ជា​អ្នកដំណើរ​មក​ពី​អា​មេ​រិ​ក ហើយ​ក៏​មាន​អ្នកជា​សះស្បើយ​២​នាក់​ដែរ ។

ក្រសួងសុខាភិបាល អំពាវនាវ​ដល់​អ្នក​ដែល​ប៉ះពាល់​ជាមួយ​ក្រុម​គ្រួសារ​លោក​អគ្គនាយក​ពន្ធនាគារ ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​តាម​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​បន្ទាយ​មាន​ជ័យ និង​អនុវត្តន៍​ទៅ​តាម​សារ​សំឡេង​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទី​បំផុត ហើយ​កុំ​ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍ ។

អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​បន្ត​រុករក​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​ធ្វើការ​តាមដាន ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃនេះ​ជា​បន្ត​ទៀត ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​បន្ត​គ្នា ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​សហគមន៍​ផង​ដែរ ។ រីឯ​ផ្សារ​ទំនើប​អ៉ឺ​អន​១ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​២-៣​ថ្ងៃ​សិន ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ ។

ចំពោះ​អ្នកជា​សះស្បើយ ក្រសួងសុខាភិបាល​ក៏​បាន​ប្រកាស​ពី​ការ​ព្យាបាល​ជា​សះស្បើយ​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់ ដែល​ម្នាក់​ជា​បុរស​ជនជាតិ​ខ្មែរ ដែល​ធ្វើ​ដំណើរ​មក​ពី​អា​មេ​រិ​ក និង​ម្នាក់​ទៀត គឺជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណៈប្រតិភូ​ហុង​គ្រី ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។

អគ្គនាយក​ពន្ធនាគារ​ក្រសួងមហាផ្ទៃ មានការ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន នៅ​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ និង​ដោយសារ​អ្នកជំងឺ​មាន​ប្រវត្តិ ធ្វើ​ដំណើរ​ទៅ​ខេត្តសៀមរាប និង​ទីកន្លែង​ផ្សេង​ៗ​ទៀត ដូច​ជា ផ្សារ​ទំនើប​អ៉ី​អន​១ និង​ខេត្តបន្ទាយមានជ័យ​ជាដើម ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់​មួយ​ចំនួន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តស្ទឹងត្រែង មណ្ឌលគិរី និង​អាច​មាន​ខេត្ត​ផ្សេង​ៗ​ទៀត (​កំពុង​ស្រាវជ្រាវ​បន្ត​) នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​ទៅ​នេះ ក្រសួងសុខាភិបាល បាន​រៀបចំ​ក្រុមការងារ​យក​សំណាក ហើយ​សូម​អំពាវនាវ​ដល់​បុគ្គល​ទាំងអស់​ដែល​បាន​ជាប់​ពាក់ព័ន្ធ ឬ​បាន​ប្រា​ស័​យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ខាងលើ សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ នៅ​បរិវេណ​ផ្សារ​ទំនើប​អ៉ី​អន​១ រាជធានី​ភ្នំពេញ និង​នៅ​ពន្ធនាគារ​ព្រៃ​ស ចាប់ពី​ម៉ោង​៧៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ​។

ដោយឡែក​ក្រុមការងារ​ក្រសួង នឹង​យក​វត្ថុ​សំណាក​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ក្នុង​ករណី​ចាំបាច់ ។
ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​នៅ​ខេត្តសៀមរាប សូម​អញ្ជើញ​ទៅ​ធ្វើតេស្ត​នៅ​សាលា​គុ​រ​កោសល្យ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​រៀបចំ​ដោយ​មន្ទីរ​សុខាភិបាល ។

នៅ​តាម​បណ្តា​ខេត្ត​ពាក់ព័ន្ធ សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​ធ្វើតេស្ត​បាន​ទាន់​ពេលវេលា ជា​ការ​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​កាត់​ផ្តាច់​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ បន្ត​គ្នា​នៅ​តាម​សហគមន៍​ផង​ដែរ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​៣១៥​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១៤​នាក់​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង