អាកា​រៈ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មិនសូវ​កើត​មាន​ជា​ញឹកញាប់​ទេ ប៉ុន្តែ វា​មាន​អត្រា​គ្រោះថ្នាក់​ដូច​គ្នា ព្រោះ​វា​អាច​នាំ​ឲ្យ​ខូច​ខួរក្បាល​បាន​។ ករណី​ខ្លះ ទោះបីជា​អ្នកជំងឺ​ទឹកនោមផ្អែម​ក៏​ដោយ ក៏​អាច​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ធ្លាក់​ចុះ​ក្រោម​ធម្មតា​ដែរ ក្រោយ​ពី​ចាក់​ថ្នាំ​អាំង​ស៊ុ​យ​លី​ន ឬ​លេបថ្នាំ​ជំងឺ​ទឹកនោមផ្អែម​រួច​។ បើសិនជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម នៅ​ក្រោម ៨០ mg/dl មាន​ន័យ​ថា ជា​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​អាច​សម្គាល់​ដឹង តាម​រយៈ​ការ​បែកញើស និង​ស​ម្លប់​។ បើសិនជា​អ្នក​ធ្លាប់​មាន អាកា​រៈ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​។

ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម
បើសិនជា​មនុស្ស​ម្នាក់​ទៅ​ជា​សន្លប់ ឬ​មាន​អាកា​រៈ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ចូរ​ព្យាយាម​ពិនិត្យ​ជាតិ​ស្ករ​របស់​ពួក​គេ​ទៅ​។ បើសិនជា​លទ្ធផល​ឃើញ​ចាប់ពី ៨០ mg/dl ចុះ​ក្រោម​នោះ ចូរ​ឲ្យ​គេ​គេង​លើ​ផ្ទៃរាប​ស្មើ​។ ចូរ​ឲ្យ​អ្នកជំងឺ​បិទ​ភ្នែក និង​ដកដង្ហើម​ធម្មតា​ពីរ​បី​វិនាទី រហូត​ដល់​គាត់​មាន​អារម្មណ៍​ធម្មតា​វិញ​។

ញ៉ាំ​ស្ករ
ចូរ​ញ៉ាំ​របស់​ផ្អែម​ៗ​គ្រប់​ប្រភេទ ឬ​ភេសជ្ជៈ​ផ្អែម​ៗ​ណាមួយ ដើម្បី​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​វិញ​។ ចូរ​ឲ្យ​អ្នកជំងឺ​ទំពារ​ស្ករ​ផ្អែម ឬ​សូកូឡា ព្រោះ​វា​មាន​អត្រា នៃ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​លឿន និង​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​វិញ ក្នុង​រយៈពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។ បើសិន​អ្នកជំងឺ​មិន​អាច​ទំពារ​បាន ចូរ​ឲ្យ​គេ​ញ៉ាំ​ទឹក​សូលុយស្យុង​ស្ករ ទឹក​ផ្លែ​ឈើ ឬ​ទឹក​សូកូឡា​មួយ​កែវ​ទៅ​។

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
មិន​ត្រូវ​រង់ចាំ ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ដល់ ៦០ mg/dl ឬ​ទាប​ជាង​នេះ​ឡើយ​។ កាលណា​អ្នកជំងឺ​ដឹងខ្លួន​ហើយ ប្រញាប់​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ភ្លាម​។ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម បើសិនជា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ឬ​អ្នកជំងឺ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ចូរ​នាំ​គេ​ទៅ​កាន់​មន្ទីរពេទ្យ ដែល​ជិត​បំផុត និង​ចាក់​អាំង​ស៊ុ​យ​លី​ន​ដល់​គេ​ទៅ ​។

មិន​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ណា​ពិនិត្យ ដែល​មាន​បន្ទប់​ពិគ្រោះ​ជំងឺ ឬ​គ្លីនិក​ឆ្ងាយ​ៗ​ឡើយ ព្រោះ​ការ​ពន្យារពេល​ព្យាបាល អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ថយ​ចុះ​កាន់តែ​ខ្លាំង និង​ខូចខាត​ដល់​ខួរក្បាល​កាន់តែ​ខ្លាំង ព្រមទាំង​មាន​ផលវិបាក​ផ្សេង​ៗ​ធ្ងន់ធ្ងរ​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង