ធ្លាប់ដឹងទេថានៅពេលកូឡេស្តេរ៉ូលឡើងខ្ពស់អាចបង្កើនហានិភ័យនៃបញ្ហាសុខភាពអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចូរប្រយ័ត្ន! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចកើតឡើងនៅពេលកូឡេស្តេរ៉ូលឡើងខ្ពស់ ៖
១. សម្ពាធឈាមឡើងខ្ពស់
កូឡេស្តេរ៉ូលច្រើនពេកនៅក្នុងលំហូរឈាមអាចបណ្ដាលឱ្យសសៃឈាមប្រែជារួមតូចនិងឡើងរឹង។ នេះហើយជាមូលហេតុដែលបង្កើនការប្រមូលផ្ដុំនៃកូឡេស្តេរ៉ូលជាប់ជញ្ជាំងនៃសសៃឈាម។ ជាលទ្ធផលដែលបង្អាក់ឈាមមិនឱ្យហូរស្រួលឆ្លងកាត់សសៃឈាមនាំឱ្យសម្ពាធឈាមឡើងខ្ពស់។ វេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាការមានសម្ពាធឈាមខ្ពស់ជាកត្តាចម្បងបំផុតមួយដែលទទួលខុសត្រូវលើបញ្ហាកកស្ទះសសៃឈាម។ វាជាអ្វីមួយដែលមិនយូរមិនឆាប់បង្កការបំផ្លាញជញ្ជាំងខាងក្នុងនៃសសៃឈាម។
២. ជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល
កត្តាចម្បងបំផុតមួយនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល គឺដោយសារកម្រិតនៃកូឡេស្តេរ៉ូលក្នុងឈាមឡើងខ្ពស់។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតពីហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សសៃឈាមខួរក្បាល ចូរព្យាយាមរក្សាកម្រិតនៃកូឡេស្តេរ៉ូលក្នុងឈាមឱ្យបានត្រឹមត្រូវ។
- កត្តាចម្បងៗដែលបណ្ដាលឱ្យកម្រិតនៃកូឡេស្តេរ៉ូលក្នុងឈាមឡើងខ្ពស់រួមមាន ៖
១. ភាពធាត់លើសទម្ងន់
ការធាត់លើសទម្ងន់ គឺជាកត្តាចម្បងបំផុតមួយទៀតនៃការកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។ នោះក៏ព្រោះតែការលើសទម្ងន់បង្កើនជាតិខ្លាញ់ទ្រីគ្លីសេរីដនិងកាត់បន្ថយកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL។
២. កង្វះលំហាត់ប្រាណ
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាកង្វះសកម្មភាពរាងកាយអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរអោយព្រួយបារម្ភ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាណាមួយដែលបង្កឡើងដោយសារកម្រិតនៃកូឡេ
ស្តេរ៉ូលមិនល្អឡើងខ្ពស់ ចូរព្យាយាមធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណអោយបានទៀងទាត់។
៣. តានតឹងក្នុងអារម្មណ៍ខ្លាំងពេក
ការតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសគ្រប់ពេលសឹងតែរាល់ថ្ងៃអាចនឹងបង្កបញ្ហាសុខភាពជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរឱ្យព្រួយបារម្ភ ហើយអ្នកនឹងងាយប្រឈមមុខជាមួយជំងឺ ឬបញ្ហាសុខភាពផ្សេងៗ រួមទាំងបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។
៤. ការជក់បារី
វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើងដែលការជក់បារី គឺអាក្រក់ចំពោះសុខភាព។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ការជក់បារីក៏កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អខ្ពស់ដែលនឹងបង្កអោយមានគ្រោះថ្នាក់ចំពោះសសៃឈាម? ជាលទ្ធផលបញ្ហានៃការធ្លាក់ចុះនូវកម្រិតកូឡេស្តេរ៉ូលល្អបង្កើនហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូងគួរឱ្យព្រួយបារម្ភ។
៥. កង្វះជាតិទឹកក្នុងរាងកាយ
រាងកាយផលិតកូឡេស្តេរ៉ូលកាន់តែច្រើនជាមធ្យោបាយការពារ ឬទប់ស្កាត់ការបាត់បង់ជាតិទឹក។ បញ្ហានេះតែងកើតឡើងញឹកញាប់កំឡុងពេលកង្វះជាតិទឹកក្នុងរាងកាយ៕