ក្រៅពីកត្តានៃភាពចាស់តាមវ័យនិងតំណពូជ ជំងឺឬសដូងបាតក៏អាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួនផ្សេងទៀតផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួននៃជំងឺឬសដូងបាត ៖
១. ទល់លាមក
អាការៈទល់លាមកញឹកញាប់បង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាតដោយទប់ស្កាត់អាការៈទល់លាមកបានតាមរយៈការទទួលទានអាហារសម្បូរជាតិសសៃ និងទទួលទានទឹកឱ្យច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ព្រមទាំងកុំភ្លេចធ្វើលំហាត់ប្រាណផង។
២. រាគ
ក៏ព្រោះតែលាមករបស់អ្នករាវមិនមែនមានន័យថាអ្នកអាចចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាតឡើយ។ ការពិតនោះគឺទាំងអាការៈទល់លាមកនិងរាគរ៉ាំរ៉ៃសុទ្ធតែបង្កើនហានិភ័យនៃជំងឺឬសដូងបាត! ហេតុអ្វីមែនទេ? នោះក៏ព្រោះតែរាគបណ្ដាលឱ្យពោះវៀនត្រូវធ្វើចលនាញឹកញាប់ ហើយតំបន់រន្ធគូថប្រែជារលាកអាចបង្កជាជំងឺឬសដូងបាត។
៣. ការអង្គុយយូរៗជាប្រចាំ
អ្នកជំនាញនិយាយថាការអង្គុយយូរៗពេកជាប្រចាំពិសេសលើផ្ទៃរឹងអាចបង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យបារម្ភ។ ទោះបីជាការងាររបស់អ្នកតម្រូវឱ្យអ្នកអង្គុយយូរៗក៏ដោយ ក៏អ្នកចាំបាច់ក្រោកឈរខ្លះដើម្បីអាចចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត។
៤. ការផ្ទៃពោះ
ស្ត្រីដែលមានផ្ទៃពោះងាយប្រឈមមុខនឹងជំងឺឬសដូងបាតណាស់។ នេះក៏ព្រោះតែការលូតលាស់នៃទារកក្នុងផ្ទៃដាក់សម្ពាធលើសសៃឈាមនៃតំបន់ចុងពោះវៀនធំ។ ម្យ៉ាងវិញទៀតនោះ គឺការមានផ្ទៃពោះច្រើនតែបង្កអាការៈទល់លាមកដែលជាកត្តាចម្បងមួយនៃជំងឺឬសដូងបាតផងដែរ។
៥. ភាពធាត់ជ្រុល ឬលើសទម្ងន់
គ្រប់គ្នាសុទ្ធតែដឹងហើយថាការធាត់លើសទម្ងន់ផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនចាប់ពីការឈឺខ្នង ជំងឺទឹកនោមផ្អែមដល់ជំងឺបេះដូង។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាភាពធាត់ជ្រុល ឬលើសទម្ងន់នេះក៏បង្កើនហានិភ័យនៃជំងឺឬសដូងបាតដែរ? នេះក៏ព្រោះតែវាបង្កើនសម្ពាធបន្ថែមលើសសៃឈាមនៃចុងពោះវៀនធំ។ តាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់និងជ្រើសរើសរបបអាហារសុខភាពល្អ អ្នកអាចសម្រកទម្ងន់ដែលលើស ហើយចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត៕