ប្រភេទ​ក្រុម​ឈាម គឺ​មិនមែន​ជា​អ្វី​ដែល​គ្រាន់តែ ត្រូវ​មាននៅ​ក្នុង​អត្តសញ្ញាណ​បណ្ណ​របស់​អ្នក​នោះ​ទេ ។ វា​អាច​ជួយ​ការពារ​អ្នក ពី​គ្រោះថ្នាក់​ប្រឈម​នឹង​សុខភាព​, អាច​ធ្វើ​អោយ​អ្នកដឹង​ពី​តម្រូវការ​ឈាម របស់​ខ្លួន​, ជួយ​មនុស្ស​ដទៃ​ទៀត ក្នុង​ស្ថានភាព​បន្ទាន់ និង អាច​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​បាន​ផង​ដែរ​។

តាម​ការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា វា​អាច​មាន​ទំនាក់ទំនង​ដ៏​ជាក់លាក់​មួយ រវាង​ប្រភេទ​នៃ​ក្រុម​ឈាម ទៅ​នឹង​ស្ថានភាព​នៃ​ជំងឺ​មួយ​ចំនួន​ទៀត​។ ខាងក្រោម​នេះ គឺជា​មូលហេតុ ៤​យ៉ាង​ដែល​អ្នក​គួរតែ​ដឹង ពី​ប្រភេទ​ក្រុម​ឈាម​របស់​ខ្លួនឯង​៖

១. វា​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​អ្នក ក្នុង​ករណី​អ្នកមាន​គ្រោះថ្នាក់
ការ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ជាយថាហេតុ ឬ ការ​សង្គ្រោះ​បន្ទាន់​ដោយ​ការ​វះកាត់ គឺ​សុទ្ធតែ​ត្រូវការ នូវ​ការ​បញ្ចូល​ឈាម​។ អ្នក​អាច​នឹង​ត្រូវការ​វា ភ្លាម​ៗ​។ ប្រសិនបើ​អ្នក​បានដឹង​ពី​វា ឬ បាន​សរសេរ​ទុក នៅ​ក្នុង​កំណត់ហេតុ​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ នោះ​អ្នក​នឹង​អាច ទទួល​បាន​នូវ​ការ​បញ្ចូល​ឈាម​ភ្លាម​ៗ និង ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព បាន​ទាន់​ពេលវេលា​។ បើ​ទោះជា​នៅ​ក្នុង​ករណី​ជំងឺមហារីក​សុដន់ អ្នក​ក៏​នឹង​អាច​បាន​នូវ វិធី​បង្ការ​មួយ​ចំនួន បាន​មុន​ផង​ដែរ ។

២. វា​ជា​កត្តា​កំណត់​ផែនការ​ក្នុង​ក្រុម​គ្រួសារ
មុន​ពេល​ដែល​អ្នក​ត្រូវ​រៀប​ការ អ្នក​ត្រូវ​ដឹង តើ​អ្នក និង ដៃគូរ​អ្នក អាច​មានកូន​ជាមួយ​គ្នា​បាន​ទេ? តាម​អ្នក ជំនាញ​ផ្នែក​សុខភាព​គ្រួសារ បាន​និយាយ​ថា មាន​ប្រភេទ​ក្រុម​ឈាម​ខ្លះ មិន​គួរ​ធ្វើការ​លាយ​បញ្ចូល​គ្នា ឬ បង្ក​កំណើត​ជាមួយ​គ្នា​បាន​នោះ​ទេ​។ ចំពោះ​គូ​ស្វាមីភរិយា ដែល​មាន RH+ve និង RH-ve គឺ​ហាក់​នឹង ផ្តល់​កំណើត​អោយ​ទារក​ម្នាក់ ដែល​នឹង​មាន​បញ្ហា​ដល់​សុខភាព​បាន​។​ដូច្នេះ វា​ជា​ការ​ល្អ ដែល​អ្នក​ទាំង​ពីរ គួរ​ធ្វើតេស្ត​ដើម្បី​កំណត់​ថា តើ​ក្រុម​ឈាម​របស់​អ្នក​ទាំង​ពីរ​អាច នៅ​ជាមួយ​គ្នា​បាន​ដែរ​ឬទេ?

៣. វា​ជួយ​អោយ​អ្នកធ្វើការ​គ្រប់គ្រង​នូវ​របប​អាហារ​របស់​អ្នក​បាន
ប្រភេទ​ក្រុម​ឈាម ជាក់លាក់​មួយ​ចំនួន គឺ​ហាក់​នឹង​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ កើត​មាននូវ​ជំងឺ​ទឹកនោមផ្អែម និង ជំងឺ​បេះដូង​បាន​។ ជា​ការ​ពិត មាន​ក្រុម​ឈាម​មួយ​ចំនួន​ទៀត គឺ​សាក​សមតែ​នឹង ការ​ទទួលទាន ប្រភេទ​អាហារ​បន្លែ​តែ​ប៉ុណ្ណោះ ។ មនុស្ស​មួយ​ចំនួន​ទៀត គឺ​គួរ​ធ្វើការ​កំណត់​នូវ ការ​ទទួលទាន​អាហារ ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ពីព្រោះ​ថា ក្រុម​ឈាម​របស់​ពួក​គេ នឹង​មិន​អាច​ទទួល​ពួក​វា​បាន​នោះ​ទេ ។

៤.​វា​អាច​អោយ​អ្នក​មានការ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​មួយ​ចំនួន​បាន​ទុកជា​មុន
តាម​ការ​ស្រាវជ្រាវ​បាន​អះអាង​ថា ស្ត្រី​ដែល​មាន​ប្រភេទ​ក្រុម​ឈាម O គឺ​មាន​កម្រិត​អរ​ម៉ូ​ន FSH ខ្ពស់ ដែល​នឹង​បង្ហាញ​ប្រាប់​ថា ពួក​គេ​មាន​អូវុល​តិច​នៅ​ក្នុង​ស្បូន ដែល​អាច​នឹង​ធ្វើ​អោយ​អត្រា​បង្ក​កំណើត​របស់​ពួក នាង​មាន​កម្រិត​ទាប​។ តែ​ទោះជា​យ៉ាងណា​ក្តី វា​មិនមែន​ជា​ហេតុផល​តែ​ម្យ៉ាង ដែល​បង្ក​អោយ​មាន ជា​បញ្ហា​នេះ នោះ​ទេ​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ថា ចំពោះ​មនុស្ស​ទាំងឡាយ​ណា ដែល​មាន ប្រភេទ​ក្រុម​ឈាម A ,AB និង B គឺ​មានការ​ប្រឈម​ខ្ពស់​ទៅ​នឹង ជំងឺ​បេះដូង​។ នេះ​ដោយសារ​តែ ប្រភេទ​ក្រុម​ឈាម A មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង កូ​ឡេ​ស្តេ​រ៉ូ​ល LDL ។ ម្យ៉ាងវិញទៀត ប្រភេទ​ក្រុម O អាច​ការពារ​នូវ កំណក​ឈាម និង កាត់​បន្ថយ​នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​នេះ​បាន​វិញ ៕