ប្រសិនជាអ្នកម្តាយតែងតែពរកូនច្រើនពេក ដោយមិនទុកឲ្យកូនធ្វើសកម្មភាពខ្លះ នោះកូននឹងអាចប្រឈមនឹងគ្រោះថ្នាក់ទាំងនេះ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកម្តាយតែងតែពរកូន ដោយមិនទម្លាក់កូនចុះក្រោម ជាពិសេស អាយុក្រោម១ខួប នឹងធ្វើឲ្យឆ្អឹងកូនមិនអាចលូតលាស់បានល្អឡើយ ថែមទាំងធ្វើឲ្យកូនបាត់បង់ឱកាសនៃការរៀនសូត្រ និងវឹកហាត់រាងកាយរបស់គេឲ្យរឹងមាំ។ ក្នុងចន្លោះពេលពី២ទៅ៤ខែ អ្នកម្តាយអាចជួយកូនហាត់ប្រាណដៃជើងរបស់គេ ដើម្បីឲ្យដៃជើងកូនរឹងមាំ។ នៅពេលដែលកូនស្ថិតក្នុងចន្លោះពី៤ទៅ៦ខែ អ្នកម្តាយអាចជួយកូនឲ្យរៀនក្រឡាប់ខ្លួនបាន។ ក្រោយ៦ខែ អ្នកម្តាយអាចឲ្យកូនរៀនវៀរបាន។ លុះ៨ដល់១០ខែ អ្នកម្តាយអាចឲ្យកូនរៀនតោងរបស់អ្វីមួយ ហើយងើបឈរឡើង។ នៅពេលដែល១០ខែដល់១២ខែ អ្នកម្តាយអាចឲ្យកូនរៀនដើរបាន។ ការហាត់ប្រាណទាំងនេះអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ ថែមទាំងអាចជួយកូនឲ្យមានសុខភាពល្អផងដែរ។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយការពរមកឲ្យកូនរៀនធ្វើសកម្មភាពទាំងឡាយខាងលើនេះវិញ ទើបល្អចំពោះកូន៕