Join with Health.com.kh on Telegram

មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្រអាប់ខ្មៅមិនស្អាត ដូចជាការត្រូវពន្លឺព្រះអាទិត្យយូរៗជាប្រចាំ, ធូលីដី និងខ្យល់ពុល។ ញើស, ជាតិប្រេង និងផលិតផលតុបតែងមុខមួយចំនួនដែលជ្រាបចូលក្នុងរន្ធញើសនៃស្បែកផ្ទៃមុខអាចបង្កការរលាក, ភាពស្រអាប់ និងស្ងួតគួរឱ្យព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបច្ចុប្បន្ន ផលិតផលធ្វើឱ្យស្បែកសឆាប់រហ័សមានច្រើនមិនខ្វះឡើយ គ្រាន់តែមួយចំនួនធំមានផ្ទុកសារធាតុគីមី ហើយខ្លះទៀតមានតម្លៃថ្លៃ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយធ្វើឱ្យស្បែកមុខរបស់អ្នកប្រែជាសស្អាតគ្មានផលប៉ះពាល់ ៖

១. ម្សៅធញ្ញជាតិ យ៉ាអួរ និងប៉េងប៉ោះ

​អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅធញ្ញជាតិជាមួយយ៉ាអួរ និងសាច់ប៉េងប៉ោះចូលគ្នាឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាលើស្បែកមុខដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

២. ប៉េងប៉ោះ

រូបមន្តនេះថែមទាំងជួយរក្សាសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ផ្លែបឺរនិងប៉េងប៉ោះក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើស្បែកនិងទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។

៣. ផ្លែល្ហុង

ផ្លែល្ហុង មានផ្ទុកអង់ស៊ីម papain ដែលមិនត្រឹមតែជួយធ្វើឱ្យស្បែកសស្រស់ថ្លា, ទន់ភ្លឺរលោង និងមានសំណើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហានៃរោគមុនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវលាងសម្អាតមុខឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមយកសាច់នៃផ្លែល្ហុងមកកិនឱ្យម៉ដ្ឋខាប់ៗ រួមលាបវាលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរអនុវត្តន៍រូបមន្តនេះរៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។

៤. ទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆ្មារស្រស់មួយចំនួនជាមួយទឹកធម្មតា។ កូរឱ្យសព្វ សឹមយកដុំសំឡីជ្រលក់ចូលទឹកល្បាយនេះ ហើយលាបថ្នមៗលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំឆៅជាមួយម្សៅឈើអែមឱ្យក្លាយជាល្បាយខាប់ៗ។ កម្ដៅល្បាយប​ន្តិច សឹមលាបល្បាយត្រង់ផ្នែកណាមួយនៃស្បែកដៃសិនដើម្បីអាចដឹងថាតើអ្នកប្រតិកម្មជាមួយគ្រឿងផ្សំឬអត់។ ក្នុងករណីគ្មានបញ្ហា ចូរលាបម៉ាស្សាល្បាយលើស្បែកដែលចង់ឱ្យសនិងរងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៦. រមៀត

រមៀត សឹងតែត្រូវបានគេប្រើជាទូទៅនៅក្នុងផលិតផលថែរក្សាសម្រស់ និងធ្វើឱ្យស្បែកប្រែជាសស្រស់ស្អាត នោះក៏ព្រោះតែបរិមាណនៃវីតាមីន C ដែលវាមានផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ ចូរគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយលើផ្ទៃមុខ និងករបស់អ្នក រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះអាចប្រើប្រាស់សម្រាប់គ្រប់ប្រភេទនៃស្បែកមុខ និងសូម្បីតែស្បែកខ្លាញ់ក៏ដោយ។

៧. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺយកជែលប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតា។ អ្នកអាចលាយទឹកក្រូចឆ្មារជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍៕