អ្នក​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​នៅ​ពេល​មាន​ផ្ទៃពោះ​។ អ្នក​ក៏​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​ជីវិត និង​ចៀសវាង​អាហារ​ដែល​ផ្តល់​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ផង​។ ខ្ញុំ​ដឹង​ថា បើ​ដល់​ពេល​ឃ្លាន​ពិតជា​ចង់​ញ៉ាំ​ច្រើន​ណាស់ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ និង​ឡើង​ទម្ងន់​បាន ដែល​វា​កាន់តែ​ពិបាក​សម្រាលកូន​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ នឹង​ជំរុញ​ដល់​ការ​សម្រាលកូន​ប្រកបដោយ​សុខភាព​ល្អ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចេះ​តែ​ឃ្លាន​ញ៉ាំ​ច្រើន​ៗ និង​គ្រប់ពេល​ទាំងអស់​។

តម្រូវការ​លូតលាស់​បន្ថែម​របស់​ទារក​ក្នុង​ផ្ទៃ
តម្រូវការ​កាឡូរី​ប្រចាំ​ថ្ងៃ​របស់​អ្នក​គឺ​កើនឡើង​ដោយ​ខ្លួនឯង​តែ​ម្តង​នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ព្រោះ​វា​នឹង​ផ្តល់​ជា​ជីវជាតិ​សម្រាប់​ការ​លូតលាស់​របស់​ទារក​។ ក្នុង​ត្រីមាស​ដំបូង អ្នក​ទំនងជា​មិន​ឃ្លាន​អ្វី​ច្រើន​ទេ ព្រោះតែ​ការ​ក្អួតចង្អោ​។ ប៉ុន្តែ​ដល់​ពេល​ឈាន​ជើង​ចូល​ត្រីមាស​ទី​ពីរ​ហើយ ការ​ក្អួតចង្អោរ​ក៏​លែង​មាន តែ​បែរជា​អា​ច្រ​ម៉ក​ក្នុង​ផ្ទៃ​ត្រូវការ​ញ៉ាំ​ឲ្យ​បាន​ច្រើន​ទៅ​វិញ​។ ករណី​នេះ​អាច​ដោយសារ​តែ របត់​ឈាម​ក្នុង​ខ្លួន​កើនឡើង ដូច្នេះ​ការ​រំលាយ​អាហារ​ក៏​កើន​ទើប​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ជា​ញឹកញាប់​។

អ័រម៉ូន​ធ្វើ​ឲ្យ​ឃ្លាន
អ័រម៉ូន​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ការ​ឃ្លាន​។ ក្នុង​ពេល​មាន​ផ្ទៃពោះ រាង​កាយ​នឹង​ផលិត​អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​កាន់តែ​ច្រើន ដែល​វា​នឹង​ប៉ះពាល់​ដល់​អ័រម៉ូន​ពីរ​ទៀត​ឈ្មោះ​ថា Leptin និង Ghrelin ដែល Leptin ដើរតួ​នាទី​ទប់ស្កាត់​ការ​ឃ្លាន និង Ghrelin ភ្ញោ​ច​ឲ្យ​ឃ្លាន​។ ចំនួន​អ័រម៉ូន Ghrelin នឹង​កើនឡើង​ក្នុង​ពេល​ពាក់កណ្តាល​នៃ​ត្រីមាស​ទី​មួយ និង​ថយ​ចុះ​វិញ​ក្នុង​ត្រីមាស​ទី​ពីរ​។

អ្នក​មិន​អាច​គ្រប់គ្រង​ការ​ឃ្លាន​បាន
ក្នុង​ពេល​មាន​ផ្ទៃពោះ អ្នក​នឹង​ឃ្លាន​អាហារ​ប្លែក​ៗ និង​ពេល​ខ្លះ​ញ៉ាំ​អាហារ​ចម្លែក​ៗ​ទៀត​ក៏​មាន​ដែរ​។ រឿង​នេះ​ក៏​មិន​ម​ទាន់​មាន​ហេតុផល​បែប​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​ថា​អ្នក​ឃ្លាន​អ្វី​ឆ្គួ​ត​ៗ​បែប​នេះ​ដែរ ប៉ុន្តែ​ជឿ​ទៅ​ថា អ្នក​នឹង​ឃ្លាន​នូវ​ជីវជាតិ​ដែល​រាង​កាយ​កំពុង​តែ​ខ្វះ​។

អ្នក​កំពុង​តែ​ញ៉ាំ​អាហារ​ដែល​គ្មាន​កាឡូរី
អ្នក​ប្រហែលជា​កំពុង​តែ​ញ៉ាំ​អាហារ​ដែល​គ្មាន​កាឡូរី​ដើម្បី​បំពេញតម្រូវការ​ឃ្លាន​។ ដូច្នេះ​ទោះបីជា​អ្នក​ញ៉ាំ​អាហារ​ទាំង​អស់នោះ​ច្រើន​ៗ​ក៏​ដោយ អ្នក​យល់​ថា​ឆ្អែត​បាន​តែ​រយៈពេល​ខ្លី​ដែរ​។ យ៉ាងណាមិញ អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ ពិតជា​មិន​អាច​ធ្វើ​ឲ្យ​ឆ្អែត​បាន​ឡើយ​។ បើសិនជា​អ្នក​ចង់​គ្រប់គ្រង​ការ​ឃ្លាន យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ច្រើន និង​សម្បូរ​ជាតិ​សរសៃ​ទើប​មាន​ប្រយោជន៍​ចំពោះ​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង