កូនក្មេងភាគច្រើនតែងតែបៀមដៃរបស់គេជានិច្ច ហើយមានអ្នកម្តាយមួយចំនួនតែងតែបារម្ហខ្លាំងណាស់ តើវាពិតជារឿងអាក្រក់ឬទេនៅពេលដែលកូនបៀមដៃនោះ? តើមានវិធីអ្វីខ្លះក្នុងការដោះស្រាយនោះ?

តាមពិតទៅអ្នកជំនាញបាននិយាយថា​ កូនបៀមដៃគឺជារឿងធម្មតាទេ ដូចនេះអ្នកមិនគួរបារម្ហខ្លាំងនោះឡើយ ហើយសកម្មភាពនេះតែងតែកើតលើកូនក្មេងដែលមានអាយុចាប់ពី៣ខែ ទៅ១ឆ្នាំ ហើយដល់អាយុក្រោយពេលមួយឆ្នាំ កូននឹងចាប់ផ្តើមបាត់នូវអាការៈទាំងនេះ ហើយដល់អាយុ៣ឆ្នាំកូននឹងឈប់បៀមដៃហើយ ម្យ៉ាងទៀតកូនបៀមដៃគឺដោយសារតែគេដល់ដំណាក់កាលដែលខួរក្បាលកំពុងតែលូតលាស់ ដូចនេះអ្នកមិនគួរបារម្ហឡើយ។

មានកូនក្មេងមួយចំនួនក្រោយពេលអាយុ៣ឆ្នាំក៏នៅតែបៀមដៃដែរ ដូចនេះអ្នកមិនគួរវ៉ៃគេឱ្យឈប់បៀមទេ អ្នកត្រូវតែស្វែងយល់ពីអាការៈ និងអារម្មណ៍របស់កូនហេតុអ្វីបានជាគេនៅតែបៀមទើបអាចរកឃើញមធ្យោបាយដើម្បីដោះស្រាយ។

មានអ្នកជំនាញបាននិយាយថា កូនក្មេងខ្លះខាំដៃគឺដោយសារតែគេមានអារម្មណ៍ភ័យខ្លាច ហើយមួលម៉ៅ ដូចនេះគេប្រើវិធីនេះដើម្បីរំងាប់អារម្មណ៍ ហើយក៏មានក្មេងខ្លះអផ្សុក គ្មានមនុស្សកំដរ ក៏អាចមានអាការៈនេះកើតឡើងដែរ ប៉ុន្តែបើកូនតែងតែមានអាការៈបៀមដៃនេះ វានឹងអាចប៉ះពាល់ដល់ធ្មេញរបស់កូន និងឆ្អឹងនៃដៃ ដូចនេះអ្នកគួរតែរកវិធីដើម្បីកុំឱ្យកូនបន្តបៀមទៀត៕