ស្ត្រីមួយចំនួនអាចជួបប្រទះអាការៈឈឺចាប់ចុករមួលក្នុងពោះកំឡុងពេលមករដូវម្ដងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីអាការៈអាចបាត់ទៅវិញដោយឯងឯកនៅពេលក្រោយ ប៉ុន្តែអ្នកក៏អាចសម្រាលអាការៈឈឺចាប់បានឆាប់រហ័សជាងធម្មតាជាមួយរូបមន្តបែបធម្មជាតិចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់មុនពេលនិងកំឡុងពេលមករដូវ ៖

១. ស្អំកម្ដៅ

កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! អ្នកអាចប្រើប្រាស់ដបទឹកក្ដៅមកស្អំលើពោះ ប៉ុន្តែមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយចៀសវាងការរលាក។ ដូច្នេះគួរប្រើប្រាស់កន្សែងរុំមួយជាន់សិនសឹមដាក់ស្អំទើបប្រសើរ។

២. ចៀសវាងទទួលទានអាហារសម្បូរខ្លាញ់មិនល្អ

អាហារសម្បូរខ្លាញ់ឆ្អែត ឬខ្លាញ់មិនល្អអាចបណ្ដាលឱ្យអ័រម៉ូនគ្មានតុល្យភាព ហើយជាតិស្ករក្នុងឈាមក៏កើនឡើងកំឡុងពេលមករដូវជាលទ្ធផលនៃអាការៈឈឺចុករមួលក្នុងពោះខ្លាំង។ ទោះជាយ៉ាងណាអ្នកមិនគួររំលងអាហារសម្បូរជាតិខ្លាញ់ល្អឡើយ។

៣. កម្រិតការទទួលទានកាហ្វេអ៊ីន

កាហ្វេអ៊ីនច្រើនពេកក្នុងប្រព័ន្ធរាងកាយអាចបណ្ដាលឱ្យអាការៈកំឡុងពេលមករដូវប្រែជាអាក្រក់ខ្លាំងឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានរបស់អ្នកប្រសិនបើមិនអាចបញ្ឈប់ ឬផ្អាកបាន។ ការទទួលទានមិនលើសពី ២ ពែងក្នុងមួយថ្ងៃ គឺល្អបំផុតកំឡុងពេលមករដូវ។ វាក៏ជាការសំខាន់ផងដែរក្នុងការបន្ថយការទទួលទានភេសជ្ជៈនិងអាហារមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនមួយសប្តាហ៍មុននិងកំឡុងពេលមករដូវ។

៤. ទទួលទានតែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់​ខ្ញី​ជាចំណិតតូចៗ រួច​ដាក់​ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែងសម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នក​អាចទទួលទានពី ២ ទៅ​ ៣ដង​ក្នុង​មួយ​ថ្ងៃ​។

៥. ទទួលការម៉ាស្សា

ការម៉ាស្សាថ្នមៗស្រាលៗលើពោះផ្នែកខាងលើអាចជួយសម្រួលសាច់ដុំនៃស្បូនបន្ថយអាការៈឈឺចាប់។ ការម៉ាស្សាខ្នងក៏ល្អដើម្បីសម្រាលអាការៈឈឺចាប់ពេលមករដូវផងដែរ។

៦. ទទួលទានបន្លែបៃតង

ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវនោះអ្នកគួរចាប់ផ្ដើមទទួលទានបន្លែបៃតងឱ្យច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយសម្រាលអាការៈចុករមួលក្នុងពោះ។

៧. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់។

៨. ធ្វើលំហាត់ប្រាណ

នារីមួយចំនួនគិតថាការធ្វើលំហាត់ប្រាណកំឡុងពេលមករដូវអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការធ្វើលំហាត់ប្រាណស្រាលៗដូចជាការរត់ ការដើរ ជិះកង់ ហាត់យូហ្កា ឬសន្ធឹងខ្លួនប្រាណដៃជើង គឺចាំបាច់ណាស់ដើម្បីបង្កើនកម្រិតនៃអ័រម៉ូន endorphins ក្នុងរាងកាយដែលជួយបំបាត់ការឈឺចាប់និងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី។

៩. ព្យាយាមគ្រប់គ្រងស្ត្រេស

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជះឥទ្ធិពលគួរឱ្យបារម្ភជាច្រើនចំពោះទាំងសុខភាពផ្លូវកាយនិងចិត្ត។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាភាពតានតឹងក្នុងអារម្មណ៍ក៏អាចបង្កផលប៉ះពាល់ដល់រដូវផងដែរ? នៅពេលស្ត្រេសនោះអ័រម៉ូនស្ត្រេស cortisol នឹងត្រូវបានបញ្ចេញក្នុងប្រព័ន្ធរាងកាយដែលនាំឱ្យរដូវមិនទៀង អារម្មណ៍កាន់តែឆេវឆាវ ហើយឈឺចុកក្នុងពោះខ្លាំងជាងមុន។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នក។

១០. គេងឱ្យបានគ្រប់គ្រាន់និងទៀងម៉ោង

ក្រៅពីការគេងមិនបានគ្រប់គ្រាន់ហើយនោះ សូម្បីតែគេងមិនទៀងម៉ោងក៏ជះផលប៉ះពាល់ដល់ស្ថានភាពនៃការមករដូវដែលអាចបណ្ដាលឱ្យកាន់តែអាក្រក់ឡើង ឬមកមិនទៀង! ស្ត្រីមួយចំនួនថែមទាំងជួបប្រទះអាការៈឈឺចុករមួលក្នុងពោះខ្លាំងនិងចង្អោរចង់ក្អួតទៀតផង។

១១. ងូតទឹកក្ដៅឧណ្ហៗ

កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! លើសពីនេះទៅទៀតការងូតទឹកក្ដៅក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលទាំងកាយនិងចិត្តផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង