ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងរួចទៅហើយ អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃផ្លែចេកចំពោះសុខភាព ប៉ុន្តែទោះជាយ៉ាងណាអ្នកដែលដឹងថា មិនត្រឹមតែផ្លែចេកប៉ុណ្ណោះទេ តែត្រយូងចេកក៏ផ្ដល់ប្រយោជន៍យ៉ាងច្រើនមិនគួរឲ្យជឿចំពោះសុខភាពរាងកាយដែរនោះ គឺមានតិចណាស់។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍រភិតភ័យអាចដោះស្រាយបាន) ជាធម្មតា ត្រយូងចេកត្រូវបានគេយកទៅធ្វើជាបន្លែ ឬអន្លក់។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃត្រយូងចេកចំពោះសុខភាព ៖
១. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ
ត្រយូងចេកជួយទប់ស្កាត់ ហើយក៏ព្យាបាលរោគឆ្លងផ្សេងៗផងដែរ ដោយសារវាមានផ្ទុកសារធាតុអេតាណុល (ethanol)។
អេតាណុលទប់ស្កាត់ការលូតលាស់នៃបាក់តេរីដែលបង្កជំងឺ ហើយវាក៏ជួយព្យាបាលរបួសឲ្យឆាប់ជាសះស្បើយផងដែរ។
២. ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី
រ៉ាឌីកាល់សេរី គឺតែងវាយប្រហារទៅលើកោសិកាសុខភាពល្អរបស់អ្នក បង្កឲ្យមានការខូចខាតកោសិកា។ បញ្ហានេះអាចនាំឲ្យក្លាយទៅជាជំងឺមហារីក, ជំងឺបេះដូង និងស្បែកឆាប់ចាស់ជាងវ័យ។ ត្រយូងចេក គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ហើយថែមទាំងទប់ស្កាត់រ៉ាឌីកាល់ទាំងនេះមិនឲ្យបំផ្លាញដល់កោសិកាផ្សេងៗនៃរាងកាយផងដែរ។
៣. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
ត្រយូងចេក គឺមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយ និងមិនរលាយ។ ជាតិសសៃរលាយអនុញ្ញាតឲ្យអាហារឆ្លងកាត់បំពង់អាហារបានយ៉ាងងាយស្រួល ហើយរលាយនៅក្នុងទឹក។ រីឯជាតិសសៃមិនរលាយទទួលបន្ទុកចំពោះអាហារដែលមិនរំលាយ ដោយវាមិនរលាយនៅក្នុងទឹក។ ជាតិសសៃទាំងពីរប្រភេទនេះ ជម្រុញបង្កើនការរំលាយអាហារ និងការស្រូបយកអាហារឲ្យកាន់តែមានសភាពប្រសើរឡើង។
៤. សុខភាពស្បូន
ត្រយូងចេកជួយទប់ស្កាត់បញ្ហាផ្សេងៗទាក់ទងនឹងស្បូន ក៏ដូចជារក្សាសុខភាពស្បូនឲ្យល្អប្រសើរផងដែរ។
៥. ជួយឲ្យស្រកទម្ងន់
រួមបញ្ចូលត្រយូងចេកទៅក្នុងរបបអាហារប្រចាំថ្ងៃរបសអ្នក ដើម្បីស្រកទម្ងន់បានរហ័ស និងមានប្រសិទ្ធិភាព ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។
៦. ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ត្រយូងចេក គឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ នេះ គឺដោយសារតែជាតិសសៃខ្ពស់ដែលមានផ្ទុកនៅក្នុងត្រយូងចេក។ អ្នកអាចទទួលទានត្រយូងចេកស្ងោរ ដើម្បីកាត់បន្ថយកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។
៧. គ្រប់គ្រងជំងឺខ្វះគ្រាប់ឈាមក្រហម
ត្រយូងចេក មានប្រសិទ្ធិភាពជួយក្នុងការបង្កើនកម្រិតអេម៉ូក្លូប៊ីនដែលជាផ្នែកមួយយ៉ាងសំខាន់នៃគោលិកាឈាមក្រហម។ កម្រិតត្រឹមត្រូវនៃអេម៉់ូក្លូប៊ីន ជួយដឹកនាំសារធាតុចិញ្ចឹមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។
៨. ទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូង
ត្រយូងចេក គឺជាប្រភពដ៏ល្អនៃអាស៊ីតល្អៗ, សារធាតុ tannins, សារធាតុ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀតដែលជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកម្ចាត់អុកស៊ីដង់ខូចខាតដែលអាចនាំឲ្យកើតជំងឺមហារីក ក៏ដូចជាជំងឺបេះដូង។
៩. កាត់បន្ថយបញ្ហាថប់បារម្ភ
ត្រយូងចេកមានផ្ទុកជាតិម៉ាញ៉េស្យូម ដែលជួយក្នុងការកាត់បន្ថយបញ្ហាថប់បារម្ភ និងបង្កើនអារម្មណ៍ល្អប្រសើរ។
១០. សម្បូរទៅដោយជាតិវីតាមីន និងរ៉ែសំខាន់ៗ
ត្រយូងចេក មានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់ជាច្រើនចំពោះសុខភាពរាងកាយដូចជា វីតាមីន A, វីតាមីន C និងវីតាមីន E។ ត្រយូងចេកក៏ជាប្រភពនៃជាតិសសៃ និងប៉ូតាស្យូម ដែលធ្វើឲ្យវាក្លាយជាអាហារដ៏ល្អពោរពេញទៅដោយសារធាតុចិញ្ចឹម៕