នៅពេលដែលកូនដល់ដំណាក់កាលដែលត្រូវបន្ថែមអាហារផ្សេងៗក្រៅពីទឹកដោះគោ អ្នកគួរតែដាំបបរដែលអាចផ្តល់សារធាតុចិញ្ចឹមឲ្យកូន ទើបគេអាចលូតលាស់បានល្អ ហើយមានសុខភាពល្អ មិនងាយមានជំងឺឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តក្នុងការចម្អិនបបរមួយប្រភេទដែលល្អចំពោះកូន។ តើមានរបៀបធ្វើដូចម្តេចខ្លះទៅ?
គ្រឿងផ្សំ ៖ អង្ករចំនួន៤០ក្រាម ដំឡូងចំនួន៣០ក្រាម ទឹកចំនួន៤០០មីលីលីត្រ នេះជាគ្រឿងផ្សំសម្រាប់បបរពីរចាន។
របៀបចម្អិន ៖
- ដំបូងអ្នកត្រូវតែលាងអង្ករឲ្យស្អាតជាមុនសិន បន្ទាប់មកត្រូវតែយកវាទៅត្រាំក្នុងទឹកចំនួនពី៣០នាទីឡើងលើ។
- បន្ទាប់មកទៀតអ្នកត្រូវតែយកដំឡូងចិតចោលសំបក រួចយកវាទៅលាងឲ្យស្អាត រួចចិតជាដុំៗ ដោយត្រូវតែចិតចោលក្បាល និងកណ្តុយ ព្រោះវាមានលក្ខណៈរឹងដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះកូនក្រោយពេលដែលពិសាររួច។
- ក្រោយពេលដែលរៀបចំគ្រឿងផ្សំទាំងអស់រួច អ្នកអាចយកវាទៅដាំបានហើយ ដោយដាក់ទាំងទឹកត្រាំអង្ករ និងអង្ករចូលទៅជាមួយ ហើយដាក់ដំឡូងចូល និងទឹកចូលទៅដាំ ក្រោយពេលដែលឆ្អិនរួច អ្នកអាចយកវាទៅកិន ហើយយកក្រណាត់ស្បៃត្រងកាកចេញជាការស្រេច នោះកូនអ្នកនឹងចូលចិត្តញ៉ាំបបរប្រភេទនេះ៕