តើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះមែនទេ? ជាញឹកញយភាពមិនប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! វាមិនមែនជាអ្វីដែលមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានឡើយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ៖
១. ត្រីសម្បូរខ្លាញ់
ត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងប្រូតេអ៊ីនជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ល្អសម្រាប់សុខភាពសន្លាក់ឆ្អឹង បេះដូង និងខួរក្បាលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានត្រីសម្បូរខ្លាញ់ឳ្យបាន ២ ដងក្នុងមួយសប្តាហ៍។
២. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ ជាតិសសៃជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។
៣. បន្លែប្រភេទ cruciferous
រួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃក្ដោប និងពន្លកផ្កាស្ពៃជាដើមក្រៅពីមានផ្ទុកសមាសធាតុ sulfur ឬ glucosinolates ខ្ពស់ដែលអាចទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយនោះ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន A វីតាមីន C និងប៉ូតាស្យូមដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។
៤. គ្រាប់ពូជ
គ្រាប់ពូជរួមមានគ្រាប់ល្ង គ្រាប់ជី គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូករ័ត្នជាដើមក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ និងជាតិសសៃដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលកំពុងប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហាសុខភាពនេះ។
៥. គ្រាប់ធញ្ញជាតិ
អ្នកក៏គួរទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់រាល់ថ្ងៃផងដែរដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងជាតិសសៃ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៦. ខ្ទឹមសនិងខ្ទឹមបារាំង
ខ្ទឹមទាំងពីរនេះមានផ្ទុកសារធាតុដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាម និងទប់ស្កាត់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមស និងខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារជាគំនិតប្រសើរបំផុត។
៧. តែបៃតង
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។
៨. សូកូឡាខ្មៅ
មានផ្ទុកសារធាតុ catechins ដែលអាចគ្រប់គ្រងការផលិតជាតិស្កររបស់រាងកាយ។ ទោះជាយ៉ាងណាការទទួលទានសូកូឡាខ្មៅ គឺពិតជាល្អជាងសូកូឡាលាយទឹកដោះគោ។ សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិស្ករទាំងអស់ចេញពីកោសិកាឈាម ដូច្នេះអ្នកនឹងមានថាមពលកាន់តែប្រសើរពេញមួយថ្ងៃ។ ប៉ុន្តែត្រូវប្រាកដថាសូកូឡាខ្មៅដែលអ្នកជ្រើសរើសមានផ្ទុកជាតិកាកាវ ៧០ ភាគរយនិងមិនត្រូវទទួលទានច្រើនពេកឡើយ។
ប្រយ័ត្ន! ការប្រកាន់ខ្ជាប់នូវរបបអាហារគួបផ្សំនឹងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញក៏ជាកត្តាសំខាន់បំផុតផងដែរប្រសិនបើចង់រក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមប្រក្រតី។ ហើយក៏កុំភ្លេចទទួលទានថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីវេជ្ជបណ្ឌិត៕