ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានទឹកប្រទាលកន្ទុយក្រពើ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថារុក្ខជាតិនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប្រទាលកន្ទុយក្រពើល្អយ៉ាងណាខ្លះទៅចំពោះស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីរក្សាស្បែក ៖

១. រូបមន្តសម្រាប់បញ្ហាស្បែកមុខខ្លាញ់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងរងចាំរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

២. រូបមន្តបំបាត់ស្នាមសង្វារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។

៣. រូបមន្តជួយឱ្យស្បែកស

លាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅរមៀតនិងជែលប្រទាលកន្ទុយក្រពើឱ្យក្លាយជាល្បាយខាប់ៗរួចលាបលើស្បែកសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច ។ អនុវត្តម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។

៤. រូបមន្តកម្ចាត់មុន

អ្វីដែលអ្នកត្រូ​វធ្វើ គឺលាយជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ចូលគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ ឬផ្នែកផ្សេងទៀតនៃរាងកាយដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. រូបមន្តបំបាត់ស្នាមអ៊ុចខ្មៅ

ចំពោះផ្ទៃមុខ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។ ចំពោះស្បែកត្រង់ដៃជើង ឬខ្លួន អ្នកអាចយកជែលប្រទាលកន្ទុយក្រពើលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង