សក់ស្កូវអាចជាបញ្ហាគួរឱ្យរំខានមួយជាពិសេសប្រសិនបើយើងមានវ័យក្មេងនៅឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាសក់ស្កូវមុនវ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយឬសសក់ធ្លាក់ចុះទាប។ ហើយពេលខ្លះសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ទោះជាយ៉ាងណា កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយដោះស្រាយបញ្ហាសក់ស្កូវមុនវ័យ ៖
១. តែខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ ពែង។ រួចទុករហូតដល់ចុះត្រជាក់បន្តិចសឹមត្រងកាកតែចេញ។ ចាក់ទឹកតែខ្មៅក្នុងដបស្ព្រៃយ៍មានក្បាលបាញ់។ បាញ់តែឱ្យសព្វពេញសក់ (អ្នកអាចប្រើក្រាស់ដើម្បីសិតឱ្យតែសព្វពេញសក់)។ រងចាំសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ មិនបាច់កក់សក់ជាមួយសាប៊ូទេ។
២. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកខ្ទឹមបារាំង និងកិនសាច់របស់វា។ បន្ទាប់មកម៉ាស្សាខ្ទឹមបារាំងដែលកិនហើយលើស្បែកក្បាល និងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចគ្រប់ក្បាលជាមួយមួកផ្លាស្ទិកពាក់ងូតទឹកដើម្បីការពារកុំឱ្យខ្ទឹមហៀរចូលភ្នែក។ លាងសម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ ដើម្បីកម្ចាត់ក្លិនខ្ទឹម។ អនុវត្តរូបមន្តនេះរាល់ថ្ងៃសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ សប្តាហ៍ទើបទទួលបានប្រសិទ្ធិភាពប្រសើរ។
៣. ប្រេងដូង និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបល្បាយទឹកក្រូចឆ្មារ និងប្រេងដូងលើសក់។ អនុវត្តរាល់ថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត។
៤. ប្រេងគ្រាប់ការ៉ុត
លាយប្រេងការ៉ុតកន្លះស្លាបព្រាកាហ្វេក្នុងប្រេងល្ងចំនួន ៤ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងគល់សក់។ បន្ទាប់មកលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ ព្រមទាំងកក់សម្អាតសក់ជាមួយសាប៊ូកម្រិតស្រាល។
៥. គ្រាប់ល្ង
ម៉ាស្សាគ្រាប់ល្ងក្នុងសក់រៀងរាល់បីថ្ងៃម្ដងដើម្បីបង្កើនការផលិតជាតិមេឡានីន និង keratin ក្នុងស្បែកក្បាលជៀសផុតពីបញ្ហាសក់ស្កូវបានយ៉ាងងាយ។
៦. បង្កើនការទទួលទានអាហារសម្បូរវីតាមីន B
កង្វះវីតាមីន B ក្នុងរាងកាយជាកត្តាចម្បងបំផុតមួយនៃបញ្ហាសក់ស្កូវ។ ដូច្នេះដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះអ្នកគួរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីន B ក្នុងរបបអាហារប្រចាំថ្ងៃ។ ប្រភពដ៏ប្រសើរបំផុតនៃវីតាមីន B រួមមានស៊ុត ទឹកដោះគោ ឈីស សាច់ចៀម សាច់គោ សាច់ជ្រូក និងគ្រឿងសមុទ្រជាដើម៕