ការពិតទៅ រាងកាយ គឺតែងបញ្ជូននូវសញ្ញាដាស់តឿនអំពីបញ្ហា និងជំងឺផ្សេងៗដែលកំពុងឈ្លានពាន គ្រាន់តែភាគច្រើនយើងមិនបានចាប់អារម្មណ៍ ហើយជាពិសេសនោះប្រសិនបើអាការៈ ឬរោគសញ្ញាទាំងនោះកើតឡើងលើអណ្ដាត។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ទោះជាយ៉ាងណា មានមនុស្សមិនច្រើនទេដែលបានដឹងថា ស្ថានភាពនៃសុខភាពជាច្រើនអាចត្រូវបានវិនិច្ឆ័យ ឬបង្ហាញឲ្យដឹងតាមរយៈអណ្ដាត។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងអំពីស្ថានភាពនៃអណ្ដាតដែលអ្នកគួរតែចាប់អារម្មណ៍ ដើម្បីអាចស្វែងយល់បន្ថែមអំពីសុខភាពរបស់ខ្លួនឯង ៖
១. អណ្ដាតមានពណ៌ស្ត្របឺរីក្រហម
ស្ថានភាពបែបនេះនៃអណ្ដាតអាចជាសញ្ញាចង្អុលបង្ហាញឲ្យដឹងថា រាងកាយកំពុងជួបប្រទះបញ្ហាកង្វះជាតិវីតាមីន។ ប្រសិនបើអណ្ដាតមានពណ៌ភ្លឺ ឬពណ៌ស្ត្របឺរីក្រហមនោះវាមានន័យថា រាងកាយរបស់អ្នកកំពុងខ្វះជាតិដែក ឬវីតាមីន B12 ហើយ។ ក្រោយមកអណ្ដាតអាចប្រែជាកាន់តែរលោង ដោយសារភាគច្រើននៃពកតូចៗលើអណ្ដាតនឹងត្រូវជម្រះចេញ។ ក្នុងករណីធ្ងន់ធ្ងរ ស្ថានភាពនេះអាចបង្កការឈឺចាប់ខ្លាំងនៅពេលទទួលទានភេស្ជជៈក្ដៅ ឬអាហារហឹរ។ ដើម្បីជាការប្រសើរអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ហើយជ្រើសរើសរបបអាហារត្រឹមត្រូវមួយឡើងវិញ។
២. អណ្ដាតឡើងច្រាំងពណ៌ខ្មៅ ឬត្នោត
ច្រាំងពណ៌ខ្មៅ ឬត្នោតលើអណ្ដាត គឺមើលទៅគួរឲ្យព្រួយបារម្ភ ប៉ុន្តែភាគច្រើនវាគ្រាន់តែជារោគសញ្ញាមួយនៃកង្វះអនាម័យមាត់ធ្មេញ, ការជក់បារី ឬការទទួលទានកាហ្វេ ឬតែខ្មៅច្រើន។ ជាលទ្ធផល បញ្ហាក្លិនខ្យល់ដង្ហើមិនល្អក៏អាចកើតឡើងផងដែរ។ អ្វីដំបូងបំផុតដែលអ្នកគួរធ្វើ គឺបញ្ឈប់ទម្លាប់អាក្រក់ដែលបណ្ដាលឲ្យឡើងច្រាំងអណ្ដាត ហើយមិនគួរដុសសម្អាតតែធ្មេញឡើយ ត្រូវដុសសម្អាតលើអណ្ដាតផង។
៣. អណ្ដាតឡើងច្រាំងពណ៌សច្រើន
ច្រាំងពណ៌សលើអណ្ដាត គឺអាចជារោគសញ្ញាមួយនៃការឆ្លងមេរោគផ្សិត ឬ candidiasis។ ច្រាំងនេះលេចឡើងនៅពេលមេរោគ Candida albicans លូតលាស់ច្រើនហួសនៅក្នុងមាត់មនុស្សដែលមានសុខភាពល្អម្នាក់។ មូលហេតុនៃបញ្ហានេះអាចខុសគ្នា ដោយពេលខ្លះបណ្ដាលមកពី ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក, ជំងឺទឹកនោមផ្អែម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
៤. អណ្ដាតប្រេះ
អណ្ដាតប្រែជាប្រេះ គឺអាចជារោគសញ្ញាធម្មតាមួយនៃភាពចាស់តាមវ័យ (ពិតណាស់ អណ្ដាតក៏មានអាយុរបស់វាដែរ)។ ជាធម្មតា ស្នាមប្រេះអាចគ្រាន់តែជាស្ថានភាពធម្មតា ប៉ុន្តែប្រសិនបើអ្នកមិនបានដុសសម្អាតធ្មេញត្រឹមត្រូវទេនោះ រោគឆ្លង គឺអាចលូតលាស់ឡើងលើអណ្ដាត។ មេរោគផ្សិតអាចលូតលាស់ភ្លាម នៅក្នុងស្នាមប្រេះនៃអណ្ដាត ហើយបង្កការឈឺចាប់ខ្លាំង រួមទាំងការរលាក។ បញ្ហាអាចត្រូវបានដោះស្រាយ តាមរយៈការប្រើប្រាស់ថ្នាំ ដូច្នេះអ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យទើបជាការប្រសើរ ប្រសិនបើមានរោគឆ្លងកើតឡើង។
៥. ស្នាមអ៊ុចពណ៌សតូចៗលើអណ្ដាត
វាអាចជារោគសញ្ញាមួយបង្ហាញថា មានអ្វីមួយកំពុងបង្កការរលាកដល់ស្បែក។ ឧទាហរណ៍ មានធ្មេញមួយដែលត្រដុសជាប់រហូតនឹងអណ្ដាតបង្កឲ្យកើតមានបញ្ហានេះ។ ប៉ុន្តេភាគច្រើនស្នាមអ៊ុចទាំងនេះ គឺបង្កមកពីការកើនឡើងនូវការផលិតកោសិកានៃអ្នកដែលជក់បារី។ ពី ៥ ភាគរយទៅ ១៧ ភាគរយ នៃកោសិកាទាំងនេះអាចជាកោសិកាដែលកំពុងវិវឌ្ឍន៍ទៅជាកោសិកាមហារីក។ ប្រសិនបើស្នាមអ៊ុចពណ៌សមិនបាត់ទៅវិញក្នុងកំឡុងពេលពី ៣ ទៅ ៤ សប្តាហ៍ទេនោះ អ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
៦. អ៊ុចពណ៌ក្រហម និងពងទឹកលើអណ្ដាត
អ៊ុចពណ៌ក្រហមៗ និងពងទឹក ដែលយូរហើយមិនបាត់ទៅវិញនោះ គឺអាចជារោគសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។ វាច្រើនតែផ្សារភ្ជាប់ទៅនឹងជំងឺមហារីកអណ្ដាត។ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម។
៧. ដុំពក និងស្នាមខួចលើអណ្ដាត
ស្ថានភាពនេះ គឺជាលក្ខណៈដ៏ពិសេស និងកម្រមួយ ហើយមិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីឡើយ។ ប្រសិនបើគ្មានការឈឺចាប់ណាស់មួយកើតឡើង គឺមិនមានមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
៨. មានដំបៅ ហើយឈឺចាប់
ប្រសិនបើអណ្ដាតឡើងដំបៅ ហើយឈឺចាប់នោះវាអាចជារោគសញ្ញាមួយនៃជំងឺផ្សិតក្នុងមាត់។ ជំងឺនេះភាគច្រើន គឺកើតឡើងលើកុមារ ប៉ុន្តែមនុស្សពេញវ័យប្រហែល ២០ ភាគរយ ក៏កើតវាដែរ។ ការឈឺចាប់ គឺអាការៈមួយនៃភាគស្ត្រេស និងការចុះខ្សោយប្រព័ន្ធភាពស៊ាំ។ ជាធម្មតា វានឹងបាត់ទៅវិញក្នុងកំឡុងពេលមិនយូរជាង ២ សប្តាហ៍ឡើយ ដូច្នេះក្នុងករណីវាមិនបាត់ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ៕